នៅព្រឹកថ្ងៃទី១២
ខែមីនា ឆ្នាំ២០១៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើសន្និសីទសារព័ត៌មាន
ដើម្បីប្រកាសពីការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ ដែលរៀបចំឡើងនៅ
ទីស្នាក់ការកណ្តាលរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយ លោក សោម រតនា
អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិ្តបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥។
លោក
សោម រតនា បានឲ្យដឹងថាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះថាធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ " ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
" ដោយមានការសម្តែងនិងបង្ហាញអំពីល្បែងប្រជាប្រិយរបាំប្រពៃណី និងប្រជាប្រិយ
ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ សិល្បៈទស្សនីយ៍ភាពផ្សេងៗ ដោយយុវជន
យុវនារី សិល្បករ និងសិល្បការិនីខ្មែរ រួមជាមួយនឹងការលើកយកនូវកេរដំណែលអរិយធម៌និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់មកនោះ
មករំលេចឡើងជាផ្ទាំងទស្សនីយ៍ភាព នៅលើទឹកដីនៃព្រះរាណាចក្រវប្បធម៌
ក្នុងខេត្តសៀមរាប។
លោក
សោម រតនា ក៏បង្ហាញប្រាប់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថាគឺដើម្បី៖
-ជួបជុំយុវជន
និងមហាជន ដើម្បីចួលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយ។
-រំលឹក
និងធ្វើឲ្យរស់រវើក «បេតិកភ័ណ្ឌអរូបិយខ្មែរ នៅលើទីតាំងនៃបេតិកភ័ណ្ឌរូបិយ»
-ពង្រីកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ
ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក។
-ផ្តល់ឱកាសឲ្យយុវជន
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿង
ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងបន្តថែរក្សាកេរមរតកនេះឲ្យបានគង់វង្ស
ព្រមទាំងបន្តពង្រីកកិត្យានុភាពជាតិ លើឆាកអន្តរជាតិ។
-បំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ
ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្ស អភិវឌ្ឍន៍វប្បធម៌
បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរក្នុងបរិបទ នៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍
« រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសកលភាវូបនីកម្មទំនើបជំនាន់ថ្មីនេះ។
-បង្ហាញនូវវប្បធម៌
និងសិល្បៈនៃការចែករំលែកការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចជាបងប្អូនតែមួយ។
-ផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ
ផលិតផលពាណិជ្ជកម្ម និងសេវាកម្មនានា ជាពិសេស ផលិតផលសិប្បកម្ម
និងឧបករណ៍បរិក្ខារដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។
-ជំរុញបន្ថែមកំណើនវិស័យទេសចរណ៍
ដែលនឹងរំពឹងថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាប្រមាណជាង
៥០ម៉ឺននាក់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥។
លោក
សុខ សប្បាយណា បានលើកឡើងថា សំរាប់រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៤-១៦
ខែមេសា ព្រឹត្តិការណ៍អង្គរចង្រ្កាន្ត មានកម្មវិធីផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនដូចជា៖
ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលត្រូវប្រារព្ធនៅប្រាសាទបាយ័ន
នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី,
កម្មវិធីភូមិខ្ញុំ, កម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត, ការសម្តែងល្បែងប្រជាប្រិយ
គុនល្បុក្កតោ និងរបាំ (លានជល់ដំរី), ពិធីកាត់ធំអន្សមយក្ស, ពិធីទទួលទេវតាឆ្នាំថ្មី,
ទាញព្រ័ត្រមិត្តភាពអង្គរចង្រ្កាន្ត, ជើងឯកញុំនំអន្សមយក្ស, កម្មវិធីប្រណាំងរទេះគោ/ក្របី, កម្មវិធីការរាំជាក្រុមពញ្ញាក់អារម្មណ៍,
ពិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ, កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ,
ពិធីទៅវត្ត និងពូនភ្នំខ្សាច់, កម្មវិធីរាំម៉ាឌីហ្សូន ២០១៥នាក់, កម្មវិធីមហោស្រពវប្បធម៌យុវជនអន្តរជាតិ,
ការប្រកួតអុកចត្រង្គអបអរសាទរអង្គរសង្ក្រាន្តឆ្នាំ២០១៥, ពិធីប្រគល់ជ័យលាភីរូបថត
«អច្ឆរិយៈអង្គរចង្រ្កាន្ត», ពិធីស្រង់ព្រះ, កម្មវិធីប្រកួតធ្វើម្ហូបអាហារ
និង កម្មវិធីតន្ត្រីអង្គរចង្ក្រាន្តឆ្នាំ២០១៥។
លោក សុខ សប្បាយណា បានបន្តថា ចំណុចពិសេសនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំនេះ
គឺការផលិត និងតាំងបង្ហាញសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន របស់ប្រជាពលរដ្ឋខ្មែរ ដែលជាកេរ្តិ៍ដំណែលប្រពៃណីផង
និងជាអត្តសញ្ញាណជាតិផង ក្នុងលក្ខណៈខ្នាតធំ ដែលហៅថា ទំហំយក្ស។ សំភារៈទាំងនោះរួមមាន
កន្ត្រងប្រហុកយក្ស ដែលមានទម្ងន់ 150Kg, បណ្តោយ 6,10m និងកំពស់ 1,20m ,
បំពង់ទឹកត្នោតយក្ស ដែលមានកំពស់ 1,2m និងមុខកាត់
0,35m , មួកស្លឹកត្នោតយក្ស ដែលមានទម្ងន់ 191,5kg
មានទំហំមុខកាត់ខាងក្នុង1,55m និងទំហំរង្វង់ខាងក្រៅ
5,20m , អង្រុតយក្ស មានទម្ងន់ 350kg កំពស់ 5,5m អង្កត់ផ្ចិត
5,10m និងនំអន្សមយក្សដែលមានទម្ងន់ ៣,២តោន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ដែលទទួលបានពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
បានបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១នាឆ្នាំ២០១៣ ទទួលបានការចួលរួមពីភ្ញៀវទេសចរជាតិ
និងអន្តរជាតិ ចំនួន ១៧៩.១៥៤នាក់ មានការកើនឡើង ១៤,០៩% ធៀបទៅនឹងឆ្នាំ២០១២
ដែលមានចំនួនត្រឹមតែ ១៥៧.០១៩នាក់។ យ៉ាងណាមិញបើយោងតាមស្ថិតិភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៤
របស់អាជ្ញាធរអប្សរាបានបង្ហាញថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបនៅថ្ងៃទី១៣
ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ បានទទួលភ្ញៀវទេសចរជាតិប្រមាណ ៣៥៧,៨២០នាក់ និងភ្ញៀវអន្តរជាតិចំនួន
២៧.៨០៩នាក់ សរុបចំនួន ៣៨៥.៦២៩នាក់ ដែលមានកំណើនទ្វេដង បើធៀបនឹងទិន្នន័យចំនួនភ្ញៀវទេសចរកាលពីឆ្នាំមុន
ក្នុងអំឡុងពេលដូចគ្នា។ តាមរយៈទិន្នន័យនេះ កម្ពុជាទទួលបានចំណូលសេដ្ឋកិច្ចចំនួន
២៨លានដុល្លារអាមេរិក សម្រាប់ថ្លៃស្នាក់នៅ អាហារ សេវា ការដឹកជញ្ជូន
វត្ថុអនុស្សាវរីយ៍ ផ្សាររាត្រី មគ្គុទេសន៍ និងសេវាផ្សេងៗ៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment