Thursday, March 12, 2015

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការទៅលើជនប្រព្រឹត្តល្មើសច្បាប់ទាំងអស់ បើទោះបីជាអ្នកនោះមានឋានៈធំប៉ុនណាក៏ដោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានយុវជនខ្លះធ្វើអំពើផ្តេសផ្តាស ទាក់ទងនឹងគ្រឿងញៀន ការឆក់ ការលួច គឺជារឿងគួរអោយសោកស្តាយណាស់ ។ លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំហានដំបូងអ្នកទាំងនោះ គឺធ្វើបាបខ្លួនឯង ហើយបន្ទាប់ទៅ អ្នកដែលរងគ្រោះខ្លោចផ្សា គឺឪពុកមា្តយនោះឯង។ លោកហ៊ុន សែន ថ្លែងបន្តថាក្នុងបញ្ហានេះ គឺ សង្គមជាតិទទួលតាមក្រោយទេ ហើយសង្គម បើសិនជាមនុស្សអាក្រក់កាន់តែច្រើន គឺកាន់តែលំបាក រឿងតែប៉ុណ្ណឹង។
សម្តេចបានសង្កត់ធ្ងន់ថា ពន្ធនាគារវាជាចេះតែចង្អៀត ព្រោះគេធ្វើគុកមិនមែនសំរាប់មនុស្សល្អទេ គេដាក់តែមនុស្សអាក្រក់ អញ្ចឹងកុំ!  ទោះបីខ្លួននៅឋានៈស្អីក៏ដោយ កុំថាពាក់ផ្កាយ ពាក់លោកខែក៏ដោយចុះ តា៎ដល់ពេលវេលាធ្វើខុសហើយ គឺគេដាក់គុកហើយ កុំឆ្ងល់ពេក។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានថ្លែងដោយសុទិដ្ឋិនិយម និងសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់នៅក្នុងឱកាសនេះ នឹងបន្តការខិតខំរៀនសូត្រ និងធ្វើជាពលរដ្ឋល្អ ហើយក៏មិនធ្វើអោយក្រុមគ្រួសារឪពុកម្តាយពិបាកចិត្តដោយសារខ្លួននោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតពិព័ណ៌កោះពេជ្រ ក្នុងរាជធានីភ្នំពេញ៕

No comments:

Post a Comment