
សហភាព សហព័ន្ធយុវជនកម្ពុជា ហៅកាត់ ថា សសយក នឹងរៀបចំប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរំពឹងថា នឹងមានមហាជនចូលរួមប្រមាណ៥០ម៉ឺននាក់នៅលើទឹកដីអង្គរដ៏ពិសិដ្ឋ ក្នុងខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលក្នុងឱកាសនោះ នឹងមានការលេងល្បែងប្រជាប្រិយ៍ របាំប្រពៃណី រំលេចនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរសម័យអង្គរ បង្ហាញផ្ទាំងទស្សនីយ៍ភាពផ្សេងៗជាច្រើន ដែលសំដែងជូនដោយក្រុមសិល្បៈករ យុវជន យុវនារី និងសិល្បការីនីខ្មែរល្បីៗជាច្រើនរូប ជាពិសេស ការផលិតនំអន្សមយក្ស និងកម្មវិធីពិសារនំអន្សមយក្ស ដែលមានទម្ងន់ប្រមាណ៥តោន និងការរាំចង្វាក់ ម៉ាឌីហ្សូនក្រុមធំ ដើម្បីគ្រោងបំបែកឯកគ្គទកម្មពិភពលោក ក្នុងឆ្នាំ២០១៥នេះ។
ព្រឹត្តិការណ៍ ដ៏មហាអស្ចារ្យនេះ នឹងត្រូវបានរៀបចំឡើងនៅតាមបណ្តាទីតាំងសំខាន់មួយចំនួន ដូចជា នៅក្នុងបរិវេណខាងមុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត (លានជល់ដំរី) ដងស្ទឹងសៀមរាប បរិវេណពិព័ណ៌អង្គរឃ្យុងយូ និងនៅទីតាំងផាប់ស្ត្រីត ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ សសយក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ជម្រាបជូនដល់អ្នកសារព័ត៌មាន ដើម្បីប្រាប់អំពីគោលបំណង និងខ្លឹមសាររួមនៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ឧឡារិកនោះ។
ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៥ ត្រូវបានរៀបចំជាថ្មីម្តងទៀត ដោយផ្អែកលើភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះ នាបណ្តាឆ្នាំកន្លងទៅ គឺនៅឆ្នាំ២០១៣ និងឆ្នាំ២០១៤។
យោង លើរបាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើកទី១ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ទទួលបានការចូលរួមពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ១៧៩,១៥៤ នាក់ មានការកើនឡើង១៤,០៩% ធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ១៥៧,០១៩នាក់ ។ ទន្ទឹមនឹងនោះ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហាញឲ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ បានទទួលភ្ញៀវទេសចរណ៍ សរុបចំនួន ៣៨៥,៦២៩ នាក់ ដែលក្នុងនោះភ្ញៀវជាតិប្រមាណ៣៥៧,៨២០ នាក់ និងភ្ញៀវអន្តរជាតិចំនួន២៧,៨០៩ នាក់ ពោល គឺមានការកើនឡើងទ្វេដង បើធៀបនឹងចំនួនភ្ញៀវទេសចរណ៍ក្នុងអំឡុងពេលដូចគ្នានាឆ្នាំ២០១៣។ តាមទិន្នន័យនេះ កម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ ទទួលបានចំណូលសេដ្ឋកិច្ចប្រមាណជិត៣០លានដុល្លារអាមេរិក។

ផ្អែក លើវិសាលភាពកាន់តែធំ និងភាពទាក់ទាញកាន់តែខ្លាំង គេសង្ឃឹមថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ៥០ម៉ឺននាក់ នឹងចូលរួមទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥នេះ ជាមួយនឹងការរំពឹងពីកំណើនសេដ្ឋកិច្ចដ៏វិជ្ជមានសម្រាប់ខេត្តសៀម រាបផ្ទាល់ និងសម្រាប់ប្រទេសកម្ពុជាជារួម៕
No comments:
Post a Comment