Thursday, March 12, 2015

សម្តេច​តេជោ ហ៊ុន សែន​ប្រគល់​សញ្ញា​បត្រជូន​និស្សិត​វិទ្យា​ស្ថានវ៉ាន់​ដា៣ ១៦៩នាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានវ៉ាន់ដា សរុបជំនួន ៣.១៦៩នាក់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅមជ្ឈ​មណ្ឌល​​សន្និបាត​កោះពេជ្រ ។

ថ្លែង​សុន្ទរថា​ស្វាគមន៍ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានបញ្ជាក់ថា ដោយ​ឈរលើ​មូលដ្ឋាននៃការពង្រឹងគុណភាពអប់រំ ក៏ដូចជាការផ្តល់នូវភាពជឿជាក់ពីគ្រប់មជ្ឈដ្ឋាន​សិក្សា ពិសេស​អាណាព្យាបាលសិស្សនោះ វិទ្យាស្ថាន មានចក្ខុវិស័យច្បាស់លាស់ ក្នុងនោះគឺ បន្តពង្រឹងគុណភាពប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ, ពង្រឹងវិន័យរបស់​សិស្សឲ្យស្របតាមសេវាវិស័យអប់រំ ក្នុងគោលបំណងអនុវត្តឲ្យបានល្អប្រសើរ តាមកម្រឹត​ស្តង់ដាមួយប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព​ខ្ពស់។ ក្រៅពីនោះ វិទ្យាស្ថានក៏​បានពង្រឹង​បន្ថែមនូវទីតាំង អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយ​បំពាក់សម្ភារៈសិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ក្នុងគោលដៅពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ​ផ្នែករដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិជាច្រើន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់អាវុធ  ជាពិសេសអ្នកធំ ត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ។ សម្តេចបានបញ្ជាក់ថា កាល​ពីមុន​​សម្តេច​ប្រកាសធ្វើអក្ខរកម្មកុំព្យូទ័រ តែឥឡូវត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ព្រោះវាទូលំ​ទូលាយ ប្រើពេល​វេលាការងារ​ខ្លី ហើយ​សម​នឹង​ការ​ប្រកាសថា រាជរដ្ឋាភិបាលអ៊ីឡិចត្រូនិក  ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នមន្រ្តីរដ្ឋសភា និងមន្រ្តីជាន់​ខ្ពស់​របស់រាជរដ្ឋាភិបាល​មួយ​ចំនួន​មិនទាន់ចេះបើកកុំព្យូទ័រនៅឡើយទេ ។ ជាមួយគ្នានេះ សម្តេច​នាយករដ្ឋមន្រ្តី ក៏បាន​ជំរុញ​មន្រ្តី​រាជរដ្ឋាភិបាល ឲ្យសិក្សាស្វែងយល់បន្ថែមទៅលើកម្មវិធី​លើ​ទូរស័ព្ទស្មាតហ្វូនដូច  ជាការប្រើ SMS, E-mail, WhatsApp និង Viber ជាដើម ព្រោះការប្រើ​ប្រាស់កម្មវិធីនេះ ជួយសម្រួលឲ្យការធ្វើ  ការងាររបស់មន្រ្តីបានកាន់តែលឿន និងទាន់​សភាព​ការណ៍។ សម្តេច ក៏បានរំលេចឡើងផងដែរថា ការងារមួយចំនួនធំ ត្រូវបានសម្តេចទាក់ទង​តាមប្រព័ន្ធ WhatsApp បូករួម  ទាំងកិច្ចចរចារ​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោតផងដែរ ។

សម្តេចតេជោ ក៏បានធ្វើការកោតសរសើរដល់អ្នកគ្រប់គ្រងសាលា បុគ្កលិក សាស្ត្រាចារ្យ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកបានល្អប្រសើរ រហូត​ដល់ទទួល​បានជ័យលាភីយ៉ាងល្អប្រសើរ ដែលភាគច្រើនវិទ្យស្ថាននេះ មាននិស្សិតនារីច្រើនជាងបុរស និង​កោតសរសើរចំពោះអាណាព្យាបាលសិស្សទាំងអស់ ដែលបានចំណាយលុយ​កាក់ឲ្យ​កូន​មករៀន។ សម្តេចក៏បានអំពាវនាវដល់យុវជនទាំងអស់ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះ​យើង​ស្ថិតក្នុងវ័យ​សិក្សា​ ហើយគ្រឿងញៀននេះ គឺជំហ៊ានដំបូងវាបានបំផ្លាញខ្លួនយើងផ្ទាល់ បំផ្លាញគ្រួសារ និងសង្គមជាតិ​ផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមថា និស្សិតដែលទទួលបានជ័យលាភី​នាពេលនេះ នឹងបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បី​បង្កើនចំណេះដឹង បង្កើនសមត្ថភាពខ្លួន និងមានការងារធ្វើល្អ៕



No comments:

Post a Comment