Wednesday, March 11, 2015

សម្តេច​តេជោ​​ណែនាំ​​ឲ្យ​​ពង្រឹ​ង​ការ​ផ្តល់​​សេវា​​សុខាភិ​បាល​​ជូន​​ប្រជា​​ពលរដ្ឋ​ និង​​គ្រប់​គ្រង​គ្រូ​ពេទ្យ​ឯកជន​​

ថ្លែង ​នៅ​ក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​ការងារ​សុខាភិបាលឆ្នាំ២០១៤ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៥ នា​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​ឆ្លង​ជំងឺអេដស៍ទៅ​លើ​ប្រជាពលដ្ឋ​នៅ​ភូមិរការ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​បទ​ពិសោធន៍​ដ៏​ធំ​សម្រាប់ក្រសួង​សុខាភិបាល​ សម្រាប់​ការគ្រប់​គ្រង​ក្រុម​គ្រូ​ពេទ្យ​ឯក​ជន ដែល​រ៉ាយប៉ាយ​នៅ​ទូទាំង​ប្រទេស។
សម្តេចតេជោ ​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ដោយ​សារ​តែ​ប្រទេស​មាន​សុខ​ សន្តិភាព វិស័យ​សុខាភិបាល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដែល​ក្នុង​នោះ​មានការ​ចូល​រួម​ពីវិស័យ​ឯកជន​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ តាម​រយៈ​នៃការបង្កើត​មន្ទីរ​ពេទ្យ​ធំៗ នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ទន្ទឹម​នេះ​ឧបករណ៍​ពិនិត្យ​ព្យាបាល​ទំនើបៗ​ក៏​ត្រូវ​បាន​បំពាក់​ក្នុង​ មន្ទីរ​ពេទ្យ​រដ្ឋ​ផង​ដែរ។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​រីក​ដុះ​ដាល យ៉ាង​លឿន​នៃ​ផ្នែក​សេវា​សុខាភិ​បាលឯកជន ដែលមានអ្នកផ្តល់​សេវា​ច្រើន​ប្រភេទ និងនៅ​គ្រប់​ភូមិ​សាស្ត្រ ទាម​ទារ​ឱ្យ​ក្រសួង​សុខាភិបាល​ត្រូវ​បង្កើនសមត្ថ ភាព​និយ័ត​កម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត ដោយ​ត្រូវ​បង្កើន​នូវ​សមត្ថភាព​មន្ត្រី​ត្រួត​ពិនិត្យ និងមន្ត្រី​នគរ​បាល​យុត្តិធម៌​សុខា​ភិបាល និង​បង្កើន​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ចទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ថា ផ្នែក​សុខាភិបាល​ឯកជន​ជា​ជម្រើស​ពិត​ប្រាកដមួយ ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​ការ​ស្វែង​រក​ការថែទាំ​សុខភាព​របស់​ ប្រជាពលរដ្ឋ ពោល​គឺ​សេវា​សុខភាព ដែល​បាន​ផ្តល់​ដោយ​មាន​គុណភាព​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ និង​មានគុណ​តម្លៃ​ពិត និង​សម​ស្រប​នោះ។
សម្តេច ​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​គ្រូពេទ្យ​ដែល​មិន​ច្បាស់លាស់ យើង​ត្រូវ​ពិនិត្យ​មើល​បញ្ហា​ហ្នឹង​ឡើងវិញ ដើម្បី​ធានាថា សេវាសុខភាព​ទាំង​រដ្ឋ ទាំង​ឯកជន របស់​យើង​ត្រូវបានធានា​ជូន​ប្រជា​ពល​រដ្ឋ​។
សម្ដេចតេជោ ​លើក​ឡើង​ថា ចំណុចនេះ​យើង​គប្បី​យក​ការពង្រឹង​ជា​មូលដ្ឋាន​នៅ​ក្នុង​វិស័យ​សុខាភិ​បាលនេះ ដែល​យើង​កំពុង​ដំណើរការ​ព្រមៗ​គ្នា ដោយ​ម្ខាង​គឺរដ្ឋ និងម្ខាង​ទៀត​គឺ​វិស័យឯកជន។
ជាមួយនឹង ​ការ​លើក​សរសើរ​ចំពោះ​មន្ត្រី​សុខាភិបាល ក៏​ដូចជាគ្រូពេទ្យ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​មាន​ការ​រីក​ចម្រើន​ នៅ​ក្នុង​ឆ្នាំ​២០១៤ កន្លង​មក​សម្តេចតេជោ​នាយករដ្ឋមន្រ្តី បាន​ផ្តល់​ការ​ណែនាំឲ្យ​មានពង្រឹង​ឥរិយាបថមន្ត្រី​សុខាភិ​បាល​ ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ​និង​មានគុណ​ភាព។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រប់​មន្ទីរពេទ្យ ទាំង​ពេទ្យ​បង្អែក និង​មណ្ឌល​សុខ​ភាព ចាំ​បាច់​ត្រូវ​មាន​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​គ្រប់​ថ្ងៃ គ្រប់​ម៉ោង គ្រប់​ពេល​ទាំង​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​បុណ្យជាតិ​នានា ដើម្បី​ធានា​ឲ្យ​មាន​ការផ្តល់​សេវា​ពិនិត្យ​ថែទាំ និង​ព្យាបាល​ជានិរន្ត ចំពោះ​អ្នក​ជំងឺ ហើយ​ត្រូវ​ជំរុញ​អនុវត្ត​ការងារ​នេះ ឲ្យបាន​ម៉ត់​ចត់​តាម​បទ​វិន័យ និង​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីៈ​សុខាភិបាល។ សម្តេច​បន្ត​ថា បើ​មិន​មាន​អ្នក​ប្រចាំ​ទេ គឺ​គេ​មិន​ហៅថា មន្ទីរ​ពេទ្យទេ។  “គ្រូ​ពេទ្យ​ក៏​មិន​ខុសពីកងទ័ព​ប៉ុន្មាន​នោះ​ដែរ គឺ​នៅ​ពេល​មាន​បុណ្យជាតិ​ធំៗ គឺមិន​ដែល​បាន​នៅ​ជួប​ជុំ​គ្រួសារទេ  គឺ​ដោយ​សារ​តែ​ជាប់​ប្រចាំ​ការ ដើម្បី​ផ្តល់​សេវា​ផ្នែក​សុខភាព​ទៅ​ពលរដ្ឋ​នៅ​ពេលដែល​ពួក​គេ​មាន​ជំងឺ​នេះ គឺ​ជា​ការលះបង់​មួយ​យ៉ាង​ធំធេង”។
ទាក់ ​ទង​នឹង​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា​ដែល​ឆ្លង​ជំងឺអេដស៍ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា រឿង​នៅភូមិ​រការ​នេះ យើង​ត្រូវ​ដោះ​ស្រាយ​មួយ​ជំនាន់មនុស្ស ព្រោះ​ដោយសារ​ឥឡូវ​នេះ ក្រុម​គ្រួសារខ្លះ​ដែល​មាន​សមាជិក​៦​នាក់ មាន ៤នាក់​ទៅ​ហើយ​ដែល​ផ្ទុក​ជំងឺ​អេដស៍ ហើយ​ក្នុង​ចំណោម ៤​នាក់នោះ មានខ្លះ​ទើប​តែ​មាន​អាយុ ២ឆ្នាំ​ប៉ុណ្ណោះ ដែល​យើងត្រូវដោះ​ស្រាយយ៉ាង​ម៉េច កុំឱ្យ​វារីក​រាល​ដាល​ចេញ​ពីភូមិ​រការ​ទៅ​កន្លែងផ្សេង។
សម្តេចតេជោ ​មាន​ប្រសាសន៍បន្ត​ថា ដើម​ឡើយ​ខ្ញុំ​អត់​ជឿថា ហេតុអ្វី​បាន​ជា​ជំងឺអេដស៍ ក្នុង​មួយ​ភូមិ​អាច​ចម្លង​មនុស្ស​ដល់​រាប់រយ​នាក់ ប៉ុន្តែ​ពេល​ដែល​ឆ្លង​កាត់​ការសិក្សា​ស្រាវ​ជ្រាវ​គ្រប់ជ្រុង​ជ្រោយ ខ្ញុំគិតថា​រឿងនេះ​ជារឿង​ធំ​ណាស់ ដែល​យើង​ត្រូវ​រៀបចំ​ផែន​ការ​ឱ្យ​បាន​ល្អិតល្អន់ សម្រាប់​តំបន់​ភូមិរការ​នេះ កុំឱ្យ​ជំងឺអេដស៍ដែល​បាន​ចម្លង​នៅ​ភូមិ​រការ ចម្លង​ទៅ​តំបន់​ដទៃ​ទៀត ឬ​ចម្លង​ក្នុង​ភូមិរការ​ខ្លួនឯង។
សម្តេចតេជោ ​មាន​ប្រសាសន៍​ថា បញ្ហា​នៅភូមិរការ​ជារឿង​គួរឱ្យ​សោកសៅ ហើយ​ស្តាយ​ណាស់ ដែល​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ការហ្មត់​ចត់ ដែលខ្ញុំសូម​អំពាវ​នាវ​ចំពោះ​ប្រជាពលរដ្ឋ សូម​ឱ្យជឿជាក់​ទៅ​លើផ្នែក​វេជ្ជសាស្ត្រ​របស់​អ្នកដែល​មាន​ជំនាញ​ត្រឹមត្រូវ​ ។
សម្តេចតេជោ ​នាយករដ្ឋមន្ត្រី​ថ្លែងថា យើង​បាន​ដាក់​បន្ថែម​នូវ​មធ្យោបាយ ដែល​យើង​ត្រូវ​រៀបចំ ហើយ​ការរៀបចំ​នេះ​ត្រូវ​រៀប​ចំឱ្យ​លម្អិត​តែម្តង មិន​គ្រាន់​តែ រៀបចំ​ជា​ក្រប​ខ័ណ្ឌ​ម៉ាក្រូ​ទេ ប៉ុន្តែ​ត្រូវរៀបចំ​ជាមីក្រូទៀត។ ​ ដូច្នេះដំណោះ​ស្រាយ​ចំពោះ​ពួកគាត់​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច ដែល​រឿងនេះ​ត្រូវរៀបចំ​ដាច់​ដោយឡែក​មួយ ដើម្បី​ធានា​ថា ពួកគាត់​អាច​ទទួល​បាន​នូវជំនឿ​ជឿជាក់។
ដូច្នេះ ​ត្រូវ​រកវិធី​យ៉ាងណា​កុំឱ្យ​គេរើសអើង​ជាមួយ​គាត់ ហើយ​ឱ្យគាត់​ខ្លួន​ឯង​ទប់ស្មារតី​ឱ្យ​ជាប់​កុំទៅ​ចម្លង​អ្នកដទៃ។ បើទោះបី​ជាត្រូវ​បន្ថែម​នូវមធ្យោបាយ​អ្វីក៏​ដោយ គឺត្រូវ​តែ​បន្ថែម​ទៅ​កន្លែង​នោះ ដែល​តំបន់ដទៃ​ក៏អាច​ទៅ​រកសេវា​សុខាភិ​បាល​នៅ​តំបន់​នោះ​ផង​ដែរ។
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បង្ហាញ​នូវ​សមិទ្ធផល វិស័យ​សុខា​ភិបាល​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​បានធ្វើ​ការកត់​សម្គាល់​ទៅ​លើ​សូចនាករ​សំ​ខាន់ៗ នៃ​កម្មវិធី​សុខភាព​បន្តពូជ មាតា ទារក និង​កុមារ ដែល​ជះឥទ្ធិពល​លើ​ការ​កាត់​បន្ថយ​មរណភាព​មាតា និង​មរណភាព​កុមារ នៅ​តែបន្ត​ស្ថិត​ក្នុងវឌ្ឍន​ភាព​គួរ​ឱ្យ​មោទនៈ។
សំរាប់ ​ទិសដៅ​ឆ្នាំ​២០១៥ វិស័យសុខាភិបាល​កម្ពុជា បន្ត​ផ្តោត​លើការ​បង្កើន​ការ​សម្រាល​កូនដោយ​ឆ្មប​ជំនាញ ពង្រីក​សេវា​សម្ភព​សង្គ្រោះ​បន្ទាន់ និង​សេវា​ថែទាំ​ទារក ពង្រីក​សេវា​ផ្តល់​មធ្យោបាយ​ពន្យារ​កំណើត បង្កើន​អត្រាគ្រប​ដណ្តប់​នៃការ​ផ្តល់ថ្នាំ​បង្ការ។ ពង្រឹង​វិធានការ​បង្ការ ពង្រីក​ការគ្រប់​ដណ្តប់ និង​ការកែ​លម្អគុណ​ភាព​សេវា​ថែទាំ​ព្យាបាល​ជំងឺឆ្លង និង​ជំងឺរ៉ាំរៃ ព្រមទាំង​បង្កើន​ប្រសិទ្ធិភាព​អន្តរាគមន៍​សុខ​ភាព​សាធា​រណៈ។ បន្ត​ពង្រីក និង​ពង្រឹង​ប្រព័ន្ធសុខាភិបាល ដូចជា​ពង្រីក​ហេដ្ឋា​រចនាសម្ពន្ធ័​មន្ទីរ​ពេទ្យ មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព បំពាក់​ឧបករណ៍​បរិក្ខារ​ពេទ្យ​បច្ចេកវិទ្យា​អភិ​វឌ្ឍ​ព័ត៌មាន​វិទ្យា ពង្រីក​មូល​និធិ​សមធម៌ ឧបត្ថម្ភ​ធន ពង្រីង​ការ​ត្រួតពិនិត្យ​វិស័យ​ឯកជន ក្រម​សីលធម៌ និង​បន្ត​ពង្រីក​កិច្ចសហការ​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និងដៃគូ​អភិវឌ្ឍន៍។
សម្តេច ​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ទទួល​ស្គាល់ថា ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​សុខាភិបាលនា​ពេល​បច្ចុប្បន្ន មិន​អាច​កាត់​ផ្តាច់​ពី​ការ​រួម​ចំណែក​ពី​ប្រទេស​ជា​មិត្ត ប្រទេស​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​ការ​ចូល​រួម​ពី​វិស័យឯក​ជន​បាន​ឡើយ។
សន្និបាត ​សុខាភិបាល​លើក​ទី៣៦ ដែល​មានរយៈ​ពេល​២ថ្ងៃ​នោះ ត្រូវបានចូល​រួមពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល មន្ត្រីរាជការ​នៃ​អង្គភាព​ថ្នាក់​កណ្តាល មន្ទីរ​សុខាភិបាល​រាជធានី ខេត្តទូទាំង​ប្រទេស ការិយាល័យ​សុខាភិបាល ស្រុក​ប្រតិបត្តិ មន្ទីរ​ពេទ្យ​បង្អែក មណ្ឌល​សុខភាព អភិបាល​រាជធានី ខេត្តទាំង​២៥ តំណាង​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ តំណាង​សមាគមន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ ផ្នែក​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរ​ជាតិ និង​ដៃគូអភិវឌ្ឍន៍​សរុប​៤៩០​នាក់៕

No comments:

Post a Comment