Monday, February 13, 2023

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសឡាវហើយ

(ភ្នំពេញ)៖ បន្ទាប់ពីហោះរយៈពេលប្រមាណជាមួយម៉ោង នៅវេលាម៉ោង៩៖២០នាទី ព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ប្រទេសឡាវប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រីឧបនាយករដ្ឋមន្ត្រី មែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។

នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះប្រមុខរដ្ឋឡាវ នឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតកំពូលរបស់ឡាវ ជូនសម្តេចតេជោ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូនអ្នកឧកញ៉ា ឧកញ៉ា ដែលបានផ្តល់ថវិកាជូនឡាវសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីឆ្នាំ២០២១ផងដែរ៕


No comments:

Post a Comment