Monday, February 13, 2023

អ្នកវិភាគចៅចាក់ស្មុក៖ ការប្រើម្រាមដៃជាសញ្ញា, បក្សភ្លើងទៀននៅតែមិនកាត់ផ្តាច់ពីជនក្បត់ជាតិបីជំនាន់ និងបន្តចិញ្ចឹមគោលបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា


ភ្នំពេញ៖ នៅក្នុងសមាជនៃគណបក្សភ្លើងទៀនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ថ្នាក់ដឹកនាំទាំងចាស់ទាំងថ្មីរបស់បក្សនេះដែលជាក្រុមទណ្ឌិត សម រង្ស៊ី និយមនៃខ្មោចបក្សសង្គ្រោះជាតិ អង្គការចាត់តាំងបដិវត្តន៍ពណ៌ឆ្នាំ២០១៣ បានប្រើប្រាស់ម្រាមដៃ ៥ និងពាក់ស្រោមដៃសជាសញ្ញា។ ជម្រើសនៃការប្រើប្រាស់ដៃជាសញ្ញាវាមិនសាមញ្ញពេកឡើយ ហើយក្រុមអ្នកនយោបាយប្រឆាំងធ្លាប់បានប្រើប្រាស់តាំងពីឆ្នាំ២០១៣ មកម៉្លេះ។ រូបសញ្ញាកណ្តាប់ដៃ ម្រាមដៃដែលគេស្គាល់ជាទូទៅនៅលើពិភពលោកថាជានិមិត្តសញ្ញានៃ«បដិវត្តន៍ពណ៌» ប្រើប្រាស់កម្លាំងប្រជាជនដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បង្កើតចលាចលសង្គម អសន្តិភាពនិងបង្កើតភាពវឹកវរសង្គម។ ហេតុអ្វីបានជាគណបក្សភ្លើងទៀនបន្តយកម្រាមដៃមកប្រើប្រាស់ជាសញ្ញារបស់ខ្លួន ខណៈគេបានដឹងច្បាស់រួចហើយថាកណ្តាប់ដៃ ឬម្រាមដៃគឺជារូបសញ្ញានៃបដិវត្តន៍ពណ៌? តើមានអ្វីដែលជាអាថ៌កំបាំងនៅពីក្រោយការសម្រេច បន្តប្រើម្រាមដៃជាសញ្ញារបស់ខ្លួន?

វាមិនចម្លែកឡើយ ក្រុមប្រឆាំងបានប្រើម្រាមដៃជាសញ្ញាក្នុងការធ្វើនយោបាយរបស់ខ្លួនតាំងពីឆ្នាំ២០១៣ មកម៉្លេះ។ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិដែលរួមបញ្ចូលគ្នាដោយគណបក្សសម រង្ស៊ី បច្ចុប្បន្នបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស កឹម សុខា​ ដែលត្រូវបានរកឃើញថាជាអង្គការនយោបាយបដិវត្តន៍ពណ៌យ៉ាងសំខាន់ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលបានប្រើប្រាស់កណ្តាប់ដៃជានិមិត្តសញ្ញារបស់ខ្លួន។ ពួកគេពិតជាបានអនុវត្តផែនការបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ហើយឈរលើមូលដ្ឋានភស្តុតាងទាំងនេះ អង្គការចាត់តាំងនេះ ត្រូវបានរំលាយដោយច្បាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមេក្លោងបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួន សមាជិកផ្សេងទៀតត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ នៅឆ្នាំ ២០១៨ ក្រុមប្រឆាំងនៅតែបន្តផែនការបដិវត្តន៍ពណ៌ និងបានប្រើប្រាស់ចង្អុលដៃស្អាតដើម្បីសម្លាប់ប្រជាធិបតេយ្យ នៅកម្ពុជាតាមរយៈការអំពាវនាវពលរដ្ឋខ្មែរកុំទៅបោះឆ្នោត ក្រោមទិសស្លោកដ៏ឆ្កួតលីលារបស់ខ្លួន «ដេកផ្ទះ ឈ្នះឯង»។ តែត្រូវបានបរាជ័យយ៉ាងអាម៉ាស ខណៈពលរដ្ឋខ្មែរមិនស្តាប់ និងបានអញ្ជើញទៅបោះឆ្ នោតរហូតដល់ ៨២,០៣% ច្រើនលើសលុបដែលទៅបោះឆ្នោតការពារសន្តិភាព និងប្រឆាំងយុទ្ធនាការបដិវត្តន៍ពណ៌ចង្អុលដៃស្អាត។

ឆ្នាំ២០២៣ ម្រាមដៃនៅតែជានិមិត្តសញ្ញាដែលបក្សភ្លើងទៀន ដែលគេដឹងថាទណ្ឌិតក្បត់ជាតិ ៣ ជំនាន់នៅពីក្រោយខ្នង យកមកប្រើ ហើយលើកនេះ ប្រើម្រាមដៃ ៥ និងពាក់ស្រោមដៃសជាសញ្ញាផងដែរ។ បាតដៃរបស់ក្រុមប្រឆាំងទាំងនេះ សុទ្ធតែជាបាតដៃប្រឡាក់ដោយចេតនាទុច្ចរិតបដិវត្តន៍ពណ៌ពីអតីតកាល។ ហេតុដូច្នេះហើយបានជាពេលនេះ ពួកគេត្រូវប្រើប្រាស់ស្រោមដៃសដើម្បីបិទបាំង បញ្ជាក់ថាពួកគេជាជនស្លូតត្រង់ គិតជាតិ និងស្អាតស្អំ ប៉ុន្តែនៅខាងក្នុងវិញគឺនៅតែកខ្វក់ដដែល។ កខ្វក់និងទុច្ចរិតដោយសារតែពួកគេនៅតែចិញ្ចឹមចិត្ត ប្រើប្រាស់បដិវត្តន៍ពណ៌ជាមូលដ្ឋានដើម្បីឡើងកាន់អំណាច ប្រើប្រាស់វិធីសាស្ត្រញុះញង់ ធ្វើនយោបាយប្រជាភិថុតិដើម្បី ទាក់ទាញការគាំទ្រ និងបង្កចលាចល បង្កើតជាឱកាសសម្រាប់ ពួកគេក្នុងការបំផ្ទុះឈ្នួនបដិវត្តន៍ពណ៌។ ចលនាបដិវត្តន៍នៅកម្ពុជាត្រូវបានកម្ចេច ប៉ុន្តែគោលបំណងទុច្ចរិតនៃការឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យនេះនៅតែដក់ជាប់ជាមួយអ្នកនយោបាយខ្មែរបម្រើផលប្រយោជន៍បរទេស មួយចំនួនជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដដែលរហូតមកដល់ពេលនេះ។

ក្នុងទិសដៅទុច្ចរិត បង្កើតការញុះញង់ និងដើរតាមសេណារីយ៉ូ បដិវត្តន៍ពណ៌នេះហើយបានជាបក្សភ្លើងទៀនបានបន្តអនុវត្តសារនយោបាយបោកប្រាស់របស់ខ្មោចគណបក្សសង្គ្រោះជាតិលើការសន្យាផ្តល់លុយឱ្យអ្នកបោះឆ្នោត។ សារនយោបាយ ៥ ចំណុចរបស់ពួកគេឆ្លុះបញ្ចាំងថាជាឈ្នួនបំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារដោយសារតែពួកគេគ្មានមូលដ្ឋានក្នុងការរកលុយឡើយ បញ្ហាទាំងនេះបានធ្វើឱ្យវិនិយោគិនមកហ៊ានវិនិយោគនៅកម្ពុជា និងធ្វើឱ្យពលរដ្ឋប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងងាយពួកគេបង្កចលាចល។ លើសពីនេះ ពួកគេបាននិងកំពុងធ្វើនយោបាយជាន់ឈ្លីប្រទេសជាតិតាមរយៈការអំពាវនាវកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា កុំទិញ ទំនិញពីកម្ពុជា និងកុំវិនិយោគនៅកម្ពុជា។ ពួកគេបាននិងកំពុងបោកប្រាស់កម្មករ និងកសិករ ហើយបាននិងកំពុងបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងមិនឱ្យវិនិយោគិនមកវិនិយោគនៅកម្ពុជាដោយសារតែគោលនយោបាយបោកប្រាស់របស់ពួកគេ។ តើអ្នកជំនាញសេដ្ឋកិច្ចដូច សុខ ហាច ដែលចូលទៅក្នុងបក្សនេះ គ្មានគំនិតអ្វីថ្មីក្រៅពីការដាក់គោលនយោបាយបោក ប្រាស់ទឹកចិត្តពលរដ្ឋខ្មែរទេឬ?

ប៉ុន្តែបើពិនិត្យឱ្យដិតដល់ រៀងរាល់ពេលនៃកាេបោះឆ្នោត ពួកគេតែងតែសន្យាហួសមាឌបែបប្រជាភិថុតិហើយដល់ពេលពួកគេចាញ់ឆ្នោត នឹងញុះញង់ឱ្យពលរដ្ឋទាមទារ និងញុះញង់ពលរដ្ឋធ្វើបាតុកម្ម កុបកម្ម និងងាយស្រួលបង្កើតចលាចលសង្គម ឈានទៅបំផ្ទុះបដិវត្តន៍ពណ៌។ ដូច្នេះគំនិតទុច្ចរិតបដិវត្តន៍ពណ៌របស់ពួកគេនៅតែស្ថិតក្នុងការធ្វើនយោបាយរបស់ខ្លួនជានិច្ច។ ពួកគេមិនអាចកាត់ផ្តាច់ពីជនក្បត់ជាតិ ៣ ជំនាន់បាន ឡើយ ដែលជននេះតែងតែរកគ្រប់ល្បិចកលក្នុងការបំផ្លាញកម្ពុជា។ ហេតុដូច្នេះហើយបានជាការប្រើនិមិត្តសញ្ញាម្រាមដៃ ការដាក់គោលនយោបាយផ្សេងៗគឺស្ថិតក្រោមគំនិតញុះញង់ បង្កចលាចលជានិច្ចដើម្បីបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍ ដែលជាតិនិងប្រជាជនកម្ពុជាមាន។ ប្រសិនបើពួកគេគ្មានបង្កប់ គំនិតទុច្ចរិតបដិវត្តន៍ពណ៌ទេ ម៉្លេះពួកគេនឹងគិតឆ្ងាយចេញពីនិមិត្តសញ្ញាបដិវត្តន៍ពណ៌ និងគោលនយោបាយបំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារទៅហើយ៕

ដោយ៖ចៅចាក់ស្មុក

ស្រុកកំចាយមារ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣














No comments:

Post a Comment