Monday, February 13, 2023

ស្វែងយល់ពីប្រទេសអាល្លឺម៉ង់ ខណៈប្រធានាធិបតីអាល្លឺម៉ង់នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា


(បែរឡាំង)៖ អាល្លឺម៉ង់គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប និងជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងសហភាពអឺរ៉ុប។

លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយារបស់លោក គឺលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្ត រយៈពេល៣ថ្ងៃ ដោយយន្តហោះរបស់លោក នឹងចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

អាល្លឺម៉ង់សព្វថ្ងៃជា មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប និងជាតួអង្គដ៏សំខាន់ដែលជំរុញកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។ ចាប់តាំងពីអាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិចត្រូវបានបង្រួបបង្រួមជា ប្រទេសតែមួយវិញមក ទីក្រុងបែរឡាំងបានដើរតួនាទីយ៉ាងសកម្មក្នុងសហភាពអឺរ៉ុប ក្នុងការសម្រេចបាននូវសន្ធិសញ្ញា Maastricht Treaty ក្នុងឆ្នាំ១៩៩២ និងសន្ធិសញ្ញា Lisbon Treaty ក្នុងឆ្នាំ២០០៧ និងជាសហស្ថាបនិកតំបន់ចាយប្រាក់អឺរ៉ូ ឬ Eurozone។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបត្រួសៗរបស់អាល្លឺម៉ង់៖

១៖ ទិដ្ឋភាពទូទៅ

* អាល្លឺម៉ង់មានឈ្មោះផ្លូវការថា៖ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

* មានរដ្ឋធានីឈ្មោះ៖ បែរឡាំង

* មានផ្ទៃដីសរុប៖ ៣៥៧,០២២គីឡូម៉ែត្រក្រឡា

* ​មានប្រជាជនសរុប៖ ៨៣.៦លាននាក់

* ភាសា៖ អាល្លឺម៉ង់

* អត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៧៨ឆ្នាំ និងមនុស្សស្រី ៨៣ឆ្នាំ

* រូបិយប័ណ្ណ៖ អឺរ៉ូ

* មានព្រំទល់ជាប់៖ ប្រទេសអូទ្រីស បែលហ្ស៉ិក ឆែក ដាណឺម៉ាក បារាំង លុចសំបួរ ហូឡង់ ប៉ូឡូញ និងស្វ៉ីស

* សាសនា៖ រ៉ូមុំាងកាតូលិក (២៨ភាគរយ) ប្រូតេសស្ដង់ (២៦ភាគរយ) និងសាសនាផ្សេងទៀត (៤៦ភាគរយ)


២៖ មេដឹកនាំ

* ប្រមុខរដ្ឋ និងជាប្រធានាធិបតី៖ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ «Frank-Walter Steinmeier» (ចូលកាន់តំណែងនៅថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៧ និងអាណត្តិទី២ នៅខែកុម្ភៈ ឆ្នាំ២០២២)។

* អធិការបតី៖ លោក អូឡាហ្វ សូលស៍ «Olaf Scholz» (មកពីគណបក្សសង្គមប្រជាធិបតេយ្យ «Social Democratic Party» និងចូលកាន់តំណែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១)។

* រដ្ឋមន្ត្រីការបរទេស៖ លោកស្រី អាណាឡេណា បែរបុក «Annalena Baerbock» (មកពីគណបក្សបៃតង «Green Party» និងចូលកាន់តំណែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១)។​

* រដ្ឋមន្ត្រីការពារជាតិ៖ លោក បូរីស ភីស្ទ័ររៀស (Boris Pistorius) (មកពីគណបក្សសង្គមប្រជាធិបតេយ្យ និងចូលកាន់តំណែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣)។

* របបនយោបាយ៖ សាធារណរដ្ឋសភាសហព័ន្ធ រីឯរដ្ឋាភិបាលសព្វថ្ងៃគឺជារដ្ឋាភិបាលចម្រុះ។

* បុណ្យជាតិ៖ ថ្ងៃទី៣ ខែតុលា (ឆ្នាំ១៩៩០ ដែលជាកាលបរិច្ឆេទដែលអាល្លឺម៉ង់ខាងកើត និងខាងលិចបង្រួបបង្រួមគ្នា)។


៣៖ សេដ្ឋកិច្ច (ឆ្នាំ២០២២)

* អាល្លឺម៉ង់មានផលិតផលនៅក្នុងស្រុកសរុប ឬ GDP ៤.២ទ្រីលានដុល្លារ (ធំជាងគេនៅក្នុងសហភាពអឺរ៉ុប និងជាប់លេខ៥ នៅលើពិភពលោក)។

* GDP​ ក្នុងម្នាក់ ៤៨,៨១០ដុល្លារ។

* កំណើន GDP ១.៩ភាគរយ។

ដោយឡែក បើគិតត្រឹមឆ្នាំ២០២១ ​GDP របស់អាល្លឺម៉ង់តាមវិស័យសំខាន់មាន៖ សេវាកម្ម (៦៩.៨ភាគរយ), ឧស្សាហកម្ម (២៣.៥ភាគរយ) និងកសិកម្ម (០.៩ភាគរយ)។


គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧។ តែទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបាន កាត់ផ្ដាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម ហើយនៅឆ្នាំ១៩៧៩ ទើបទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ត្រូវបានស្ដារឡើង​ តែនៅពេលនោះគឺជាមួយ អាល្លឺម៉ង់ខាងកើតវិញម្ដង។ រហូតដល់ឆ្នាំ១៩៩០ ទើបអាល្លឺម៉ង់ទាំង២ បានបង្រួមបង្រូមគ្នាជាប្រទេសអាល្លឺម៉ង់តែមួយ និងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩២ កម្ពុជា និងអាល្លឺម៉ង់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាពេញលេញ។ បច្ចុប្បន្ន លោក ស្ដេហ្វាន់ អាន់តុន ម៉េស៊ើរ័រ ( Stefan Anton MESSERER) ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំប្រទេសកម្ពុជា (ជូនសារតាំងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២)៕

No comments:

Post a Comment