Monday, February 13, 2023

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ


(វៀងច័ន្ទ, ឡាវ)៖ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។


មុនជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបាននាយករដ្ឋមន្ត្រីឡាវ រៀបចំពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការនោះ មានការគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រមទាំងមានការត្រួតពល ដោយមានការប្រគុំភ្លេងត្រែទ័ព និងអមដោយកងកិត្តិយស។

ក្នុងពិធីបដិសណ្ឋារកិច្ចនោះ ក៏មានការស្វាគមន៍ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ឡាវ​ជាច្រើនរូបផងដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការរួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិភាក្សាការងារទ្វេភាគី ដោយមានការអញ្ជើញអម ពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើនរូបផងដែរ។

ជំនួបពិភាក្សាទ្វេភាគីនេះ នឹងមានការពិភាក្សាខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ។ ឯកសារទាំងពីរនោះរួមមាន ១៖ ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងទី២៖ ការចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាស្តីពីការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

ក្រោយជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក សន សៃ ស៊ីផាន់ដន នឹងធ្វើសន្និសីទព័ត៌មានរួមគ្នាបង្ហាញលទ្ធផលនៃជំនួបពិភាក្សា និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលមេដឹកនាំទាំងពីរបានឯកភាពគ្នា៕


No comments:

Post a Comment