Monday, February 13, 2023

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងជួបគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ

 (ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសពីការផ្ដល់ជំនួយមនុស្សធម៌ ថវិកាចំនួន១០ម៉ឺនដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាកនានាកើតចេញ ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសតួកគី។

នេះបើតាមការឲ្យដឹងពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតមានឡើង នៅប្រទេសតួកគី ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញ។

កាកបាទក្រហមកម្ពុជា ក៏បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក៏បានផ្ដល់ជំនួយចំនួន១០ម៉ឺនដុល្លារផងដែរ ដល់ប្រទេសតួកគី។

សូមជម្រាបថា ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាល បានកើនឡើងដល់ជាង ៣៣,០០០នាក់៕








No comments:

Post a Comment