Tuesday, October 18, 2022

សនិ្នសីទសារព័ត៌មានអំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ធ្វើសនិ្នសីទសារព័ត៌មានអំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងធនាគារកាណាឌីយ៉ា។ ព្រមទាំង តំណាង ក្រសួង ស្ថាប័ន ក្រុមហ៊ុន សិស្ស/និស្សិត ចំនួន ប្រមាណ ៤០០នាក់។

ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលរៀបចំ នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ នឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ ១៥០ ដែលរំពឹងថាបើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។ ក្នុងនោះវិស័យនាំមុខគេរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។ ឯកឧត្តម រំពឹងថាព្រឹត្តិការណ៍នេះ នឹងមានអ្នកស្វែងរកការងារ ដែលមានសក្ដានុពល ចូលរួមដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងពិព័រណ៍តែម្តងចំនួនប្រមាណ ៣ ម៉ឺននាក់ ផងដែរ។ បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។

ឯកឧត្តម ប្រតិភូ បានបន្តទៀតថា ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស ព្រឹត្តិការណ៍ ឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានក្តីរំពឹងមុតមាំថាពិព័រណ៍ការងារនិងផលិតភាពជាតិនេះអាចចូលរួមចំណែកដោះស្រាយ ភាពគ្មានការងារធ្វើ និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ តាមរយៈវិធានការដូចខាងក្រោម ៖

– ប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មជាសាធារណៈយ៉ាងទូលំទូលាយសំដៅបំពេញកង្វះខាតនៃការបញ្ជ្រាបឱកាសការងារល្អៗ និងព័ត៌មានទីផ្សារការងារ ដល់កម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ដែលនិយោជកត្រូវការជ្រើសរើស ។
– រៀបចំឲ្យអ្នកស្វែងរកការងារជួបផ្ទាល់ជាមួយនិយោជក ដើម្បីផ្តល់ឱកាសដល់យុវជនបានដាក់ពាក្យ, បង្កើនជម្រើសការងារដែលចង់បំពេញ, ស្វែងយល់ពីអនាគតនិយោជក, ព្រមទាំងត្រៀមខ្លួនចូលការងារបានកាន់តែល្អប្រសើរ និងប្រកួតប្រជែងទាន់ពេលវេលា ដោយអាចដាក់ពាក្យភ្លាម សម្ភាសការងារភ្លាមៗ ។
– ផ្ដល់ការប្រឹក្សាយោបល់អាជីព ការងារ និងជំនាញ ដែលទីផ្សារកំពុងត្រូវការ ដោយជួបផ្ទាល់រវាងនិយោជក គ្រឹះស្ថានសិក្សា និងកម្លាំងពលកម្មគ្រប់ប្រភេទ នៅនឹងកន្លែងពិព័រណ៍តែម្ដង។
– បង្កើនការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងបណ្តុះផ្នត់គំនិតអំពីការបង្កើនផលិតភាព ដល់និយោជក និងកម្មករនិយោជិត តាមរយៈសិក្ខាសាលាស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រងការងារ និងខ្សែច្រវ៉ាក់ផលិតកម្ម ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ។
– បង្កើនទំនាក់ទំនង និងភាពជាដៃគូក្នុងចំណោមនិយោជក និងស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ដំណើរការទីផ្សារការងារ និងសកម្មភាពធុរកិច្ចឱ្យមានតុល្យភាព និងនិរន្តរភាពកាន់តែប្រសើរ ៕






No comments:

Post a Comment