Tuesday, October 18, 2022

បញ្ជាការដ្ឋានទ័ពពិសេស ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះសម្ដីទណ្ឌិតក្បត់ជាតិតជំនាន់ សម រង្ស៉ី ដែលញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣

 (ភ្នំពេញ)៖ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិតជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

តាមរយៈញ្ញត្តិថ្កោលទោស បានបញ្ជាក់ថា «យើងខ្ញុំ សូមប្រឆាំងដាច់អហង្ការនិងថ្កោលទោសទណ្ឌិត សម រង្ស៉ី មានប្រវត្តិពូជអម្បូរក្បត់ជាតិតជំនាន់។ ទណ្ឌិតនេះ បានចេញសេចក្តីថ្លែងការណ៍ តាមឃ្លីបវីដេអូ ក្នុងន័យញុះញង់ បំបែកបំបាក់ ប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាំប្រទេសកម្ពុជាឆ្ពោះទៅរកសង្គ្រាមសាជាថ្មី។

យើងខ្ញុំទាំងអស់គ្នាជាយោធា ត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតួនាទី ភារកិច្ចការពារសន្ដិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ ជាពិសេសបង្ក្រាបទណ្ឌិត សម រង្ស៊ី តាមសាលក្រមតុលាការដែលនៅជាធរមាន។

យោធាប្ដេជ្ញាការពារដោយស្មោះត្រង់បំផុតចំពោះរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារក្រុមគ្រួសាររបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាពេលអនាគត»៕







No comments:

Post a Comment