Tuesday, October 18, 2022

ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៨ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៨ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានជម្រាបជូនអំពីគោលបំណង និងសំណូមពរនៃការប្រជុំ ដើម្បីពិភាក្សារួមយោបល់ និងបែងចែកភារកិច្ចសម្រាប់ការចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យខួបលើកទី ១៨ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយកាលបរិច្ឆេទនៃការប្រារព្ធព្រះរាជពិធីប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី ២៩ ខែតុលា ឆ្នាំ ២០២២ ឲ្យសម្រេចលទ្ធផលល្អប្រសើរធានារូបភាពចាត់តាំង និងខ្លឹមសារឲ្យបានស័ក្តិសម។ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងពីខ្លឹមសារផែនការណែនាំ ស្ដីពីការចាត់តាំងរៀបចំ និងពិភាក្សាផ្លាស់ប្ដូរយោបល់ ហើយអង្គប្រជុំបានឯកភាពតាមគោលការណ៍កំណត់ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវបានឯកឧត្តមប្រធានអង្គប្រជុំធ្វើការបូកសរុប និងកំណត់បែងចែកភារកិច្ចជូនក្រសួងរដ្ឋលេខាធិការដ្ឋានស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដោយក្នុងនោះ ក្រសួងព្រះបរមរាជវាំង មានភារកិច្ចរៀបចំ ព្រះរាជពិធីបុណ្យឲ្យបានសមស្របតាមព្រះរាជបវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។សូមបញ្ជាក់ជូនថា រាល់ការរៀបចំព្រះរាជពិធីបុណ្យគឺអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយឯកឧត្តមប្រធាន ក៏បានសំណូមពរឲ្យ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ដោយឡែកសម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចចាត់ឱ្យបណ្ដាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ធ្វើការផ្សព្វផ្សាយព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងចុះជួបប្រាស្រ័យផ្ទាល់ព្រះអង្គ ជាមួយព្រះសង្ឃ ប្រជារាស្ត្រ និងគ្រប់ព្រះរាជសកម្មភាព របស់ព្រះអង្គក្នុងបុព្វហេតុជាតិ សាសនា និងប្រជារាស្រ្ត ឱ្យបានមុនថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិ ព្រមទាំងផ្សព្វផ្សាយសារលិខិតថ្វាយព្រះពររបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ឲ្យបានទាន់ពេលវេលា និងមុនថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យ។






No comments:

Post a Comment