Tuesday, October 18, 2022

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន ១៦ លានអឺរ៉ូ ត្រូវជាប្រមាណ ១៥,៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ៣

 នៅព្រឹកថ្ងៃចន្ទ ៧ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ   អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និង លោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន ១៦ លានអឺរ៉ូ ត្រូវជាប្រមាណ ១៥,៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ៣ – The Health Equity and Quality Improvement Programme III (H-EQIP III) ។គម្រោង H-EQIP III នេះ មានគោលបំណងចម្បងចំនួន ៣ មានជាអាទិ៍ៈ ១. រួមចំណែកដល់ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និង គុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និង ជនងាយរងគ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និង ការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខភាព (Health Equity Fund); ២. អន្តរាគមន៍យ៉ាងឆាប់រហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និង សមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ; ៣. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ការកែលម្អសមភាពយេនឌ័រ និង បរិយាប័នសង្គម ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែង អំណរ គុណ យ៉ាង ជ្រាលជ្រៅចំពោះមិត្តអាល្លឺម៉ង់ ដែលបានអនុម័តគម្រោងនេះ និងបានវាយតម្លៃថា គម្រោង H-EQIP III នេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺ បានលើកកម្ពស់គុណភាព, ប្រសិទ្ធភាព, និង សមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស, កំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ប្រកបដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការមួយចំនួន មានដូចជា៖ ១.ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០; ២.ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និង ៣. ផែនការគ្របដណ្តប់សុខភាពជាសកល ជាដើម ។លោកស្រី Martina Koch បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់  តាមរយៈ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧០ លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គម តាមរយៈគម្រោង ដូចជា ១. គម្រោងអាហារូបត្ថម្ភនៅកម្ពុជា, ២. គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និង ៣. គម្រោង H-EQIP ដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ។ លោកស្រីបានកត់សំគាល់ឃើញថា គម្រោងខាងលើ បានជួយពង្រឹងសេវាកម្មសុខាភិបាល (ពិសេសសេវាអាហាររូបត្ថម្ភ), ពង្រីកការ ផ្តល់ហិរញ្ញវត្ថុ, ផ្តល់សមធម៌សុខាភិបាល ដល់ប្រជាជនក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកប ដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ក៏ដូចជាបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ជម្ងឺ COVID-19 ផងដែរ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ចាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្ងៃនេះ គឺជានិមិត្តរូប នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងយើងពីរ ដែលបាននឹងកំពុងពង្រីក និងពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាក់ស្តែង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ហិរញ្ញប្ប ទាន ចាប់ពី ១៩៩៣ ដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៨៣៨ លានដុល្លារ អាមេរិក,ក្នុងនោះ ហិរញ្ញប្បទានឥតសំណង ចំនួន ៧៦៨ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ៧០ លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។





No comments:

Post a Comment