Thursday, July 14, 2022

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនវស្សានៅវត្តចំពុះក្អែក

​ភ្នំពេញ៖ នៅរសៀលថ្ងៃ១រោច ខែអាសាធ ត្រូវនឹងថ្ងៃទី១៤កក្កដានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមវត្តមានដោយលោកជំទាវអនុប្រធាន លោកជំទាវកិត្តិបណ្ឌិតអគ្គហិរញ្ញិក លោកជំទាវ ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង លោកជំទាវជាភរិយាថ្នាក់ដឹកនាំសមាជិក សមាជិកាកណ្តាលកាកបាទក្រហមកម្ពុជា បាន អញ្ជើញនាំយកទៀនវស្សាមួយចំនួនធំ និងប្រេង ព្រមទាំងបច្ច័យដែលបានមកពីការចូលរួមរបស់លោកជំទាវ ឧញ៉ា អ្នកឧញ៉ា លោក លោកស្រីចូលរួមជាមួយសម្តេចយកទៅប្រគេន ចំពោះសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានិងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែកសម្រាប់សម្តេចនិងព្រះសង្ឃអុជបំភ្លឺនិងប្រើប្រាស់ក្នុងរដូវចូលព្រះវស្សា៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ។


​នាខណៈអញ្ជើញដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងវត្តមានលោកជំទាវ ឯកឧត្តមអមដំណើរបានគោរពព្រះពុទ្ធរូប ធ្វើកិច្ចតាមព្រះពុទ្ធសាសនាប្រគេនបច្ច័យទេយ្យទានជាច្រើនមុខ និងបានអញ្ជើញអុជទៀនវស្សានៅមហាកុដិសម្រាប់ថ្ងៃដំបូង នៃការចូលព្រះវស្សានេះ។


ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។


បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។


ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយ ឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយក្នុងរយៈពេល ៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។


ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើម នៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។


នៅពេលព្រឹកឡើងនៅថ្ងៃទី១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូបនំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ។


ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បី ខែ។


មួយវិញទៀត នេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។ ក្នុងពិធីដ៏មហាប្រសើរថ្លៃថ្លានេះ តាមរយៈបច្ច័យទេយ្យទានជាច្រើនមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧទ្ទិសនូវកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតា សាច់សាលោហិត ដែលបានចែកឋានទៅលោកខាងមុខបានទទួលយកនិងងាកក្រោយឱ្យពរជ័យសម្តេចទាំងទ្វេ ក្រុមគ្រួសារបុត្រា បុត្រី ចៅប្រុស ចៅស្រីមានសុខភាពល្អ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមទសបារមីនៃវត្តចំពុះក្អែកនិងវត្ថុសក្តិសិទ្ធលើលោកតាមជួយថែរក្សាសម្តេចទាំងទ្វេមានជន្មាយុយឺនយូរដើម្បីបន្តនៅដឹកនាំប្រទេសកម្ពុជារីកចម្រើនថ្មីៗថែមទៀត។​


ចតុបច្ច័យ ទេយ្យទានដែលសម្តេចលោកបាននាំយកទៅប្រគេនសម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត ព្រមទាំងព្រះសង្ឃដែលបានមកពីការចូលរួមរបស់លោកជំទាវឧញ៉ា អ្នកឧញ៉ា លោក លោកស្រីចូលរួមជាមួយសម្តេចប្រធានក្រៅពីទេយ្យទានជាច្រើនមុខសម្តេចប្រធានក៏បានប្រគេនចំពោះសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹម ហេង មានប្រាក់រៀលជាង៤៨លាននិងប្រាក់ដុល្លារ១ម៉ឺន២ពាន់ដុល្លារ។


ក្រោយពីគោរពបដិបត្តិធ្វើកិច្ចនិងអុជទៀនវស្សានៅមហាកុដិសម្តេចកិត្តិព្រឺទ្ធបណ្ឌិតនិងសហការីក៏បានបន្តអញ្ជើញគោរពបដិបត្តិព្រះរតនត្រៃព្រះពុទ្ធរូប និងបានអុជទៀនវស្សានៅលើព្រះវិហារផងដែរ៕










No comments:

Post a Comment