Thursday, July 14, 2022

វិភាគអន្តរជាតិ៖ នៅពីក្រោយការគំរាម រុស្ស៉ីក៏ខ្លាចផ្ទុះសង្រ្គាមជាមួយណាតូ ដែរ?

(វ៉ាស៊ីនតោន)៖ ខណៈពិភពលោកកំពុងសម្លឹងមើលអ៊ុយក្រែន តស៊ូប្រយុទ្ធដើម្បីជីវិតរស់ និងសេរីភាពរបស់ពួកគេ សហរដ្ឋអាមេរិក និងណាតូ (NATO) បានបន្តប្ដេជ្ញា ផ្ដល់ការគាំទ្រដល់អ៊ុយក្រែន រហូតដល់សង្រ្គាមបញ្ចប់។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងច្បាស់ទេថាតើសង្រ្គាមនេះនឹងបញ្ចប់នៅពេលណា ដ្បិតបញ្ហាធំសព្វថ្ងៃរបស់ លោកខាងលិច វាមិនមែនមកពីការខ្វះកងទ័ព ឬធនធាននោះទេ តែវាជា «ការភ័យខ្លាច» ពោលគឺខ្លាចថាផ្ទុះសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ី។

ដោយសារតែភ័យខ្លាចនេះហើយ ទើបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំ NATO នានា បានគូសបន្ទាត់ក្រហមមួយសម្រាប់ខ្លួនឯង នោះគឺ «ពួកគេមិន ធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយរុស្ស៉ីឡើយ» ដោយជំនួសមកវិញនូវការដាក់កំហិតលើការបញ្ជូនអាវុធ លុយ ព័ត៌មានសម្ងាត់ និងការដាក់ទណ្ឌកម្ម។ ជាការពិតណាស់ ប្រសិនបើសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ីផ្ទុះឡើងមែន វាអាចនឹងសម្លាប់មនុស្សជាច្រើនជាងចំនួនប្រជាជនអ៊ុយក្រែន ទូទាំងប្រទេសដែលមានជិត ៤៤លាននាក់ទៅទៀត។

បើគេនៅចាំមិនភ្លេចទេ នៅពេលប៉ូឡូញ ស្នើសុំបញ្ជូនយន្ដហោះចម្បាំង MiG-29 ទៅឱ្យអ៊ុយក្រែន សហរដ្ឋអាមេរិកបានជំទាស់ ដោយអ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិក លោក ចន ឃឺប៊ី (John Kirby) បានព្រមានថាវាអាចនឹងរុញឱ្យ NATO ធ្លាក់ចូលក្នុងសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ តែព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ មីស៊ីលប្រឆាំងយន្ដហោះ កាំភ្លើងធំ howitzers និងប្រព័ន្ធមីស៊ីល HIMARS ឱ្យទីក្រុងកៀវជំនួសវិញ។ នៅត្រង់នេះមានចំណុចងឿន ឆ្ងល់ ថាតើហេតុអ្វីបានជាអាមេរិកបញ្ជូនមីស៊ីល និងកំាភ្លើងធំ តែមិនបញ្ជូនយន្ដហោះចម្បាំង? ចម្លើយនោះគឺវាគ្មានចម្លើយល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្វីដែលគេបានឃើញ នោះគឺប្រព័ន្ធអាវុធទាំងនេះបានជួយពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ខ្លាំងជាងយន្ដហោះចម្បាំងសូវៀតស៊េរីចាស់ដូច MiG-29។ មិនតែប៉ុណ្ណោះ ជាទ្រឹស្ដី វាមិនបាន ធ្វើឱ្យរុស្ស៉ីប្រតិកម្មខ្លាំងហួសហេតុចំពោះអាមេរិក ឬ NATO នោះទេ។

ម្លោះហើយ តើ NATO អាចជួយអ៊ុយក្រែនបានដល់កម្រិតណា? បើតាមអ្នកជំនាញភាគច្រើន សង្រ្គាមនឹងផ្ទុះឡើង ប្រសិនបើ NATO ឆ្លងកាត់បន្ទាត់ក្រហមទាំង២ របស់ រុស្ស៉ី នោះគឺបើកការវាយប្រហារលើកងទ័ពរុស្ស៉ីដោយបើកចំហ ឬបញ្ជូនកងទ័ពក្រោមទង់ជាតិ NATO ចូលទៅជួយអ៊ុយក្រែន។ អ្វីដែលសហរដ្ឋអាមេរិក និង NATO កំពុងធ្វើ គឺម្ខាងជួយអ៊ុយក្រែន និងម្ខាងទៀតបញ្ចៀសសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី ដោយមិនឆ្លងកាត់បន្ទាត់ក្រហមទាំង២ ខាងលើ។ ការផ្ដល់ព័ត៌មានស៊ើបសម្ងាត់ ដែលអាចជួយទាហានអ៊ុយក្រែនប្រើដើម្បីសម្លាប់ទាហានរុស្ស៉ី វាមិនមែនជាការវាយប្រហារដោយបើកចំហលើរុស្ស៉ីឡើយ ហើយការរឹតត្បិតរបស់លីទុយអានីមិនឱ្យរុស្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួនដឹកទំនិញឆ្លងកាត់តំបន់កាលីនីនក្រាដ (Kaliningrad) ក៏មិនមែនជាការវាយប្រហារលើរុស្ស៉ីដែរ។ លើសពីនេះទៅទៀត សូម្បីតែការអនុញ្ញាតឱ្យ ហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក NATO បូករួមទាំងការដាក់ពង្រាយកងទ័ពទៅកាន់តំបន់អឺរ៉ុបខាងកើត ដើម្បីការពារសមាជិក NATO ដែលមានព្រំដែនជាប់រុស្ស៉ី ក៏មិនអាចបកស្រាយថាជាការវាយប្រហារលើរុស្ស៉ីនោះដែរ។

មនុស្សមួយចំនួនបាននិយាយថាអាមេរិក និងNATO ខ្លាចនុយក្លេអ៊ែររុស្ស៉ី។ តែតាមពិតទៅរុស្ស៉ីក៏មានការញញើតដូចគ្នាដែរ ហើយក្នុងស្ថានការណ៍បច្ចុប្បន្នដែលរុស្ស៉ី កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ទីក្រុងមូស្គូមិនអាចយកឈ្នះ NATO នៅក្នុងសង្រ្គាមធម្មតាទូទៅនោះទេ ខណៈនៅក្នុងសង្រ្គាមនុយក្លេអ៊ែរ គឺ«គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់»។ វាជាការពិតដែលមេដឹកនាំ NATO ផ្ដោតលើអាទិភាពបញ្ចៀសសង្រ្គាមជាមួយរុស្ស៉ី ហើយវារឹតតែជាការពិតទៅទៀត នោះគឺសង្រ្គាមជាមួយ NATO វានឹងបង្កការខាតបង់យ៉ាងធំស្បើមដល់រុស្ស៉ី ជាជាងការបើកដៃឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះបញ្ជូនអាវុធឱ្យអ៊ុយក្រែនទៅទៀត។

ប្រយោជន៍តែមួយមុខ វាមិនអាចកំណត់ថាតើភាគីណាមួយមានប្រៀបជាងខាងណានោះទេ នៅពេលពួកគេព្យាយាមបញ្ចៀសង្រ្គាម។ តែអត្ថប្រយោជន៍ធំនឹងរត់ទៅរក ភាគីណាដែលអាចធ្វើឱ្យភាគីម្ខាងទៀត ស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកនៃការជ្រើសរើសថាតើត្រូវបង្កសង្រ្គាមឱ្យធំ ឬក៏ទទួលយកបរាជ័យមួយដែលអាចទទួលយក បាន។ នៅត្រង់នេះ ភាគីដែលជាអ្នកចាប់ផ្ដើមសង្រ្គាម គឺកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ហើយប្រតិកម្មធម្មតារបស់រុស្ស៉ីចំពោះទណ្ឌកម្មរបស់ NATO និងការផ្ដល់ អាវុធឱ្យអ៊ុយក្រែន អាចយកមកបញ្ជាក់ពីហេតុផលនេះបាន។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ ត្រូវបានគេមើលឃើញថាបានក្លាយទៅជាសង្រ្គាមប្រូកស៊ី (proxy wars) រវាងសហរដ្ឋអាមេរិក និងរុស្ស៉ីដូចគ្នាទៅនឹងសង្រ្គាម ប្រូកស៊ីរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដែលមហាអំណាចទាំង២ បានប្រើប្រាស់ដើម្បីបញ្ចៀសសង្រ្គាមលោកលើកទី៣។ ជាឧទាហរណ៍ដូចជាសង្រ្គាម នៅអាហ្វហ្កានីស្ថាន សហរដ្ឋអាមេរិកបានផ្ដល់អាវុធ និងលុយឱ្យចលនាមូចាហ៊ីឌីន ដើម្បីប្រយុទ្ធបណ្ដេញកងទ័ពសូវៀតចេញពីប្រទេស៕ ដោយ៖ Fresh News








No comments:

Post a Comment