Thursday, July 14, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។


ការគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅគេហដ្ឋានរបស់ឯកឧត្តម អ៉ឹង គៀត ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ និងបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៉ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាព វេលាម៉ោង ១១៖៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

មរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ។ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជ ម្រាបថា ឯកឧត្តម អ៊ឹង គៀត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ រស់ ព្រីប៊ូនហើយមានបុត្រចំនួន៨នាក់ ដែលមានស្រី៥នាក់ និងប្រុស៣នាក់មានឈ្មោះដូចខាងក្រោម៖, កូនទី១ - អ៊ឹង កន្ថាប៊ូនី (ស), កូនទី២ - អ៊ឹង កន្ថាប៊ូមី (ស), កូនទី៣ - អ៊ឹង កន្ថាផាវី (ស), កូនទី៤ - អ៊ឹង កន្ថារ៉ាមី (ស), កូនទី៥ - អ៊ឹង ប៊ុនថារ៉ា (ប), កូនទី៦ - អ៊ឹង រស់គីរី (ប), កូនទី៧ - អ៊ឹង កន្ថាដារី (ស) និងកូនទី៨ - អ៊ឹង គីនថារ៉ូ (ប)។

ឯកឧត្តម អ៊ឹង គៀត ធ្លាប់បានបំពេញការងារ មានដូចតទៅ៖

* ១៩៥៤ - ១៩៦០ - អគ្គនាយកនៃផ្លូវថ្នល់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន

* ១៩៦០ - ១៩៦២ - ប្រធាន និងនាយកប្រតិបត្តិ នៃការិយាល័យឧបករណ៏ធនធ្ងន់ របស់សហគ្រាសរដ្ឋ

* ១៩៦២ - ១៩៦៣ - រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច និងការងារ

* ១៩៦៣ - ១៩៦៦ - រដ្ឋមន្រ្តីនៃក្រសួងសាធារណការ ដឹកជញ្ជូន និងទូរគមនាគមន៍

* ១៩៦៦ - ១៩៧០ - ទីប្រឹក្សាបច្ចេកទេសនៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ

* ១៩៧០ - ១៩៧១ - ប្រធាន និងនាយកប្រតិបត្តិនៃរោងចក្ររដ្ឋផលិតសំបកកង់រថយន្ត នៃក្រសួងឧស្សាហកម្ម

* ១៩៧១ - ១៩៧៣ - អគ្គាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន

* ១៩៧៤ - ១៩៧៥ - ប្រធានហិរញ្ញវត្ថុនៃកំពង់ផែ Bethiowa EID jedid ប្រទេសអាល់ហ្សេរី

* ១៩៧៥ - ១៩៩១ - វិស្វករផ្លូវថ្នល់នៃ Ministry of Equipment ប្រទេសបារាំង

* ១៩៩៣ - ១៩៩៤ - រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន

* ១៩៩៤ - ១៩៩៨ - ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន៕












No comments:

Post a Comment