Thursday, July 15, 2021

បទវិភាគអន្តរជាតិ៖ «វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ត្រូវដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំង នៃកម្មវិធី COVAX»

 (ប៉េកាំង)៖ ជាការបង្ហាញដ៏សំខាន់ដែលចិនធ្វើតាមពាក្យសន្យា អំពីការតម្កល់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ជា “ផលិតផលសាធារណៈសកល” តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការបានប្រកាស នៅពេលថ្មីៗកន្លងទៅនេះថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន SINOPHARM របស់ប្រទេសចិន និងក្រុមហ៊ុន SINOVAC នៃក្រុងប៉េកាំងដោយឡែកពីគ្នា។ នេះមានន័យថា វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំងរបស់ “កម្មវិធី COVAX” ជាផ្លូវការ ចាប់ពីខែកក្កដាតទៅ ក្រុមហ៊ុនទាំងពីរនេះនឹងផ្តល់វ៉ាក់សាំងដល់កម្មវិធី COVAX ដើម្បីប្រើប្រាស់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសកំពុងអភិវឌ្ឍន៍។

នេះជាការទទួលស្គាល់ប្រកបដោយកិត្យានុភាពមួយទៀត ចំពោះវ៉ាក់សាំងជំងឺកូវីដ១៩ចិនរបស់អង្គការអន្តរជាតិ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានដាក់បញ្ចូលវ៉ាក់សាំងទាំងពីរនេះ ក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់នៅពីរខែមុន។ ហើយនេះក៏ជាភាគីចិនធ្វើតាមពាក្យសន្យា អំពីការតម្កល់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ជា “ផលិតផលសាធារណៈសកល” តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួនម្តងទៀតផងដែរ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ប្រការនេះនឹងជំរុញការបែងចែកវ៉ាក់សាំង ដោយយុត្តិធម៌ និងបង្កើនកម្លាំងជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩សកល។

តាមការពិត សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិន ដែលត្រូវដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំងលើកនេះ បានឆ្លងកាត់ការសាកល្បងរួចហើយ។ ប្រទេសជាង ១០០បានអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន មេដឹកនាំបរទេសជាង ៣០រូបបាននាំមុខក្នុងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញ នូវកម្លាំងជាក់ស្តែងនៃវ៉ាក់សាំងរបស់ប្រទេសចិន។

អ្នកសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាលស៊ីលី បានចេញផ្សាយនិក្ខេបបទនៅទស្សនាវដ្តី «The New England Journal of Medicine» របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៧ ខែកក្កដា ដោយរាយការណ៍ពីទិន្នន័យស្តីពី សមត្ថភាពការពារពិតប្រាកដ នៃវ៉ាក់សាំងស៊ីណូវ៉ាក់នៅប្រទេសស៊ីលី ដែលបានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងពីរដូសរួច អត្រាមានប្រសិទ្ធភាពខាងការបង្ការការឆ្លង ដោយមានរោគសញ្ញាគឺ ៦៥.៩ភាគរយ អត្រាមានប្រសិទ្ធភាពខាងការបង្ការការចូលក្នុងបន្ទប់ថែទាំករណីឈឺធ្ងន់ (ICU) គឺ ៩០.៣ភាគរយ អត្រាមានប្រសិទ្ធភាពខាងការបង្ការការចូលដេកពេទ្យគឺ ៨៧.៥ភាគរយ ហើយអត្រាមានប្រសិទ្ធភាពខាងការបង្ការការស្លាប់បាត់បង់ជីវិតគឺ ៨៦.៣ភាគរយ។

ក្នុងនាមជាប្រទេសដែលមានកម្រិតឈានមុខគេ ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងលើពិភពលោក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវលក្ខណៈដំបូងបង្អស់ នៃវ៉ាក់សាំងដែលជាផលិតផលសាធារណៈសកលជាប់រហូតមក ដែលបានផ្តល់វ៉ាក់សាំងនិងធាតុរាវដើមជាង ៥រយលានដូសដល់ប្រទេស និងអង្គការអន្តរជាតិជាង ១០០លើទូទាំងពិភពលោក ក្លាយជាប្រទេសដែលបានផ្តល់វ៉ាក់សាំង ច្រើនបំផុតដល់ពិភពលោក។

សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនប្រទេសចិនលើកនេះ ខណៈពេលទូទាំងពិភពលោក ជាពិសេសគឺប្រទេសកកំពុងអភិវឌ្ឍន៍ ត្រូវការជាបន្ទាន់នូវការពង្រីកអត្រាចាក់វ៉ាក់សាំង។

ប្រការនេះនឹងធ្វើឱ្យភាគីដែលបានចូលរួមកម្មវិធី COVAX អាចទទួលបានវ៉ាក់សាំងភ្លាម ហើយគិតរហូតដល់ឆមាសទីមួយឆ្នាំ ក្រោយនឹងទិញវ៉ាក់សាំងជំងឺកូវីដ១៩របស់ចិនចំនួន ៥៥០លានដូស។ ក្រៅពីនេះ មានសហគ្រាសផលិតវ៉ាក់សាំងរបស់ចិនជាច្រើន បានបង្ហាញពីបំណងប្រាថ្នាយ៉ាងសកម្ម ក្នុងការចូលរួមកម្មវិធី COVAX នេះគឺមានន័យថា នឹងមានវ៉ាក់សាំងប្រទេសចិនកាន់តែច្រើនឡើងៗ នឹងរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩សកល៕ (#CCFR Comment#)



ដោយ៖ FN

No comments:

Post a Comment