Thursday, July 15, 2021

ពិធីប្រកាសចូលកាន់តំណែង និងបំពេញការងារអភិបាលរងខេត្តព្រះវិហារថ្មី

ព្រះវិហារ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពិធីប្រកាសចូលកាន់តំណែង និងបំពេញការងារអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ  និងមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថ្លែងការកោតសសើរពីការខិតខំបំពេញភារកិច្ចរបស់លោកលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជក្នុងខេត្តរយះពេលកន្លងមកជាពិសេសលោក គោស៊ុ ប៊ុនសឿត ដែលត្រូវផ្ទេរភារកិច្ចជំនួសដោយលោក យុង គឹមហ៊ាន ដែលត្រូវតែងតាំងជាអភិបាលរងខេត្តថ្មី និងធ្វើពិធីផ្សព្វផ្សាយនាពេលនេះ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

លោកអភិបាលខេត្តបន្តថា នៅបរិការនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា កាតព្វកិច្ចរួមសាមគ្គីគ្នាជាធ្លុងមួយចូលរួមរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការណ៍៣ កុំ ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ដោយត្រូវរៀនរស់តាមគន្លងថ្មី ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់អភិបាលរងដែលទើបតែងតាំថ្មីត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បន្តថែរក្សាការពារសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពសង្គមឲ្យបានល្អប្រសើរ រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីក្រោមឱវាទ ខិតខំបំពេញការងារប្រកបដោយស្មារតីយកចិត្តទុកដាក់ មានទំនួលខុសត្រូវខ្ពស់ ពិសេសសហការណ៍ល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម ។

សូមបញ្ជាក់ថា លោក យុង គឹមហ៊ាន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ស្របពេលលោក គោស៊ុ ប៊ុនសឿត  ត្រូវផ្ទេរភារកិច្ចជាអភិបាលរងខេត្តប៉ៃលិនវិញ ។





No comments:

Post a Comment