Thursday, July 15, 2021

ក្រសួងពាណិជ្ជកម្ម សម្រេចប្រគល់ទីតាំងដីស៊ីទែនប្រេងឲ្យមករដ្ឋបាលខេត្តក្រចេះកាន់កាប់វិញ ដើម្បីធ្វើការកែលម្អ និងអភិវឌ្ឍន៍

ក្រចេះ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានទទួលសិទ្ធក្នុងការគ្រប់គ្រង និងកាន់កាប់ទីតាំងដីស៊ីទែនប្រេង ពីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការកែលម្អសោភ័ណ្ឌភាព និងអភិវឌ្ឍន៍ច្រាំងទន្លេ ក្នុងទីរួមខេត្ត  ក្រោមអធីបតីភាពលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ 

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថាជារៀងរាល់ឆ្នាំខេត្តក្រចេះតែងទទួលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ បានបង្កផលប៉ះពាល់ជាច្រើនដល់វិស័យកសិកម្ម វិស័យសង្គមកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅពេលទឹកជំនន់ស្រកចុះរដ្ឋបាលខេត្តបានលើកគម្រោងជួសជុលស្ដារនិងកសាងឡើងវិញ។ ចំពោះការបាក់ស្រុតច្រាំងទន្លេតែងកើតមានជាបន្តបន្ទាប់ ប៉ុន្តែខេត្តក៏បានសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេទីរួមខេត្តដើម្បីការពារការបាក់ស្រុតច្រាំង បច្ចុប្បន្នសំណង់ចិញ្ចឹមច្រាំងទន្លេរដ្ឋបាលខេត្តបានសាងសង់ក្នុងទីរួមខេត្តស្ទើររួចរាល់ទាំងស្រុង ។ 

លោកបន្តថា នៅទីតាំងស៊ីទែនប្រេងកំពុងរងការប្រេះស្រាំបម្រុងបាក់ស្រុតច្រាំងទៀត ហើយផ្ទៃដីនៅសល់មានទំហំតូចជាផ្ទៃដីចិញ្ចឹមទន្លេ រដ្ឋបាលខេត្តបានលើកសំណើតាមលិខិតលេខ៤៣៥/២០ ល.ស ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើសុំបញ្ចប់ការជួលទីតាំងដីស៊ីទែនប្រេងស្ថិតនៅមាត់ទន្លេបឹងហ្គាឡូ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីរៀបចំសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេការពារការបាក់ស្រុតច្រាំង ក្នុងគោលបំណងកែលំអសោភ័ណភាពមាត់ទន្លេក្នុងទីរួមខេត្តកាន់តែប្រសើរ ផ្អែកតាមសំណើខាងលើក្រសួងពាណិជ្ជកម្មបានឯកភាពបញ្ចប់នីតិវិធីជួល និងផ្ទេរទីតាំងដីស៊ីទែនប្រេងរបស់មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ពីការកាន់កាប់របស់ក្រសួងពាណិជ្ជកម្ម ទៅការកាន់កាប់របស់រដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រើប្រាស់សាងសង់ជញ្ចាំងច្រាំងទន្លេវិញ។ 

លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសោភ័ណភាពរបស់ខេត្តដ៏ស្រស់បំព្រង នៅភាគឦសាននៃប្រទេសកម្ពុជាមួយនេះ អោយកាន់តែមានភាពទាក់ទាញនូវភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើនក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល ដែលទីតាំងដីស៊ីទែនប្រេងដែលកាន់កាប់ដោយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ១៩៧៩ បានផ្ទេរឱ្យរដ្ឋបាលខេត្តក្រចេះកាន់កាប់ និងប្រើប្រាស់បន្តវិញ ។ 

រដ្ឋលេខាធិការ បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានវិធានការម្មត់ចត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្ម ក្នុងការទប់ស្កាត់ការដំឡើងតម្លៃនូវផលិតផលមួយចំនួនដូចជា ស្រូវ អង្ករអាល់កុល ប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ឱ្យមានស្ថានភាពថ្លៃទំនិញនៅលើទីផ្សារនិងសម្របសម្រួលក្នុងការផ្គត់ផ្គង់ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ៕





No comments:

Post a Comment