Thursday, July 15, 2021

លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកទទួលថ្នាំចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរឃុំ-សង្កាត់

ឧត្តរមានជ័យ៖ លោកស្រី ឱ  វណ្ណឌីន  រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេស  បានអំពាវនាវយ៉ាងទទូចដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវមកចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរឃុំ-សង្កាត់របស់ខ្លួន ដោយត្រូវរក្សាគម្លាត  ហើយមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ចេញពីសហគមន៍យើង។

នេះជាការអំពាវនាវរបស់លោកស្រី ឱ  វណ្ណឌីន  នៅថ្ងៃទី១៤  ខែកក្កដា  ឆ្នាំ២០២១  ដែលលោកស្រី និងលោក  ឌី  រ៉ាដូ  អភិបាលរងខេត្ត  តំណាងលោក  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  បាន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ  ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ 

គិតមកទល់នឹងពេលនេះ  អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១  នៅក្នុងខេត្តឧត្ដរមានជ័យ គិតចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កើនបាន ១២,២៤% ធៀបជាមួយចំនួនប្រជាពលរដ្ឋតាមគោលដៅ ១៥៦,៥៧៥នាក់។  

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទាំងពីរជំហាន គឺពុំមានគិតថ្លៃអ្វីទាំងអស់ ដោយយកភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណបណ្ណ។ សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកត្រពាំងប្រាសាទ មានចំនួន៨ ទីតាំង  ១.សាលាបឋមសិក្សាត្រពាំងប្រាសាទ, ២.អនុវិទ្យាល័យអូរក្រូច, ៣.សាលាបឋមសិក្សាដីក្រហម, ៤.សាលាបឋមសិក្សាស្រែល្អ, ៥.សាលាឃុំអូរស្វាយ, ៦.វត្តប្រាសាទសន្តិភាព (វត្តទំនប់ដាច់), ៧.សាលាបឋមសិក្សាពពេល, ៨.សាលាបឋមសិក្សាអភិវឌ្ឍន៍៕






No comments:

Post a Comment