Wednesday, November 06, 2019

បទអត្ថាធិប្បាយ៖ តើ លោក រីឆាត រ៉យជើស៍ (Richard Rogers ) ពិតជាស្រឡាញ់ខ្មែរជាងជាតិខ្មែរឬ?

នៅ​ក្នុង​បទ​សម្ភាសន៍​របស់​ខ្លួន​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះលោក​ រីឆាត​ រ៉យជើស៍​ ដែល​ជា​មេធាវី​អន្តរជាតិ​ម្នាក់​ តែងបាន​​លើក​ឡើង​ពី​ការ​ចង់​ប្តឹង​​របស់​គាត់​ចំពោះ​ថ្នាក់​ដឹក​នាំ​ប្រទេ​ស​​កម្ពុជា​ទៅ​​តុលា​ការ​​អន្តរ​ជាតិ​​ (ICC) ជារឿ​យ​ៗ​​​​​។ បើ​ទោះ​បី​ជាលោក​ រីឆាត​ រ៉យជើស៍​ មិន​បាន​ប្រកាស​ថា​គាត់​ជាមេធាវី​ស៊ី​ឈ្នួល​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នៅ​កម្ពុជា​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​ទូទៅ​ និង​រូប​ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ គាត់​គឺ​ជា​មេធាវី​ជើង​កាង​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​​នៅ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​។ ក្រុម​ឧទ្ទាម​ ដែល​តែង​តែ​ប្រព្រឹត្តិ​បទល្មើស​នៅកម្ពុជា​ហើយ​រត់​គេច​ពី​សំណាញ់​ច្បាប់​ចេញ​​ទៅ​ក្រៅ​ប្រទេស និងកំពុង​​ត្រូវបាន​តុលាការ​ស្វែង​រក​ចាប់​ខ្លួន​នោះ​​ បែរ​ជា​លោកមេធាវី​​ រីឆាត​ រ៉យជើស៍​ ហៅ​ពួក​ទាំង​នោះ​ថា​ជាតំណាង​រាស្រ្ត​ទៅ​វិញ​ តើ​លោក​ពិត​ជា​អ្នក​ចេះ​ដឹង​​ខាង​​ច្បាប់​ពិត​មែន ​ឬក៏​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​អួត​ថា​មាន​តួនាទី​នេះ​ ឬតួនាទី​នោះ​ក៏​ជឿ​​ និងមិន​​បាន​សិក្សា​ពី​ទង្វើ​រំលោភ​​ច្បាប់​​​របស់​​ក្រុម​​ឧទ្ទាម​ទាំង​នោះ​ទេឬ​យ៉ាង​ណា​?​
ពិត​មែន​តែ​ការ​ប្រកាស​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​ថា​សកម្មភាព​របស់​ពួក​គេ​ គឺ​ជាសកម្មភាព​អហិង្សា​ ប៉ុន្តែ​ ទង្វើ​ជាក់​ស្តែងរបស់​ពួក​គេ​​គឺ​ផ្ទុយ​ស្រឡះ​ ហើយ​ជា​ទង្វើ​ដែល​នឹង​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​យ៉ាង​ពិត​ប្រាកដ​។ អ្វី​ដែល​ជា​សារ​ញុះញង់​ឱ្យ​មាន​ហិង្សា​នោះ​ គឺ​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​ប្រកាស​ជាចំហរ​ថា​នឹង​ប្រមូល​កម្លាំង​មក​ចាប់​នាយ​ករដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ក្នុង​តំណែង​ ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​នៅក្នុង​ដៃ​ ហើយ​ដែល​មាន​តួនាទី​ជាអ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ ស្ថេរភាព​ និង​សណ្តាប់​ធ្នាប់​សង្គម​ ដូច​នេះ​ ទោះ​បី​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ក៏​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធាន​ការ​ដោយ​មិន​អាច​លើក​លែង​ឡើយ​។​
លោក​ រីឆាត​ រ៉យជើស៍ ត្រូវ​យល់​ថា​ អំពើ​ញុះញង់ឱ្យ​ប្រជាពលរដ្ឋ​ងើប​បះ​បោរ​ បំបែក​បំបាក់​ជាតិ​ បំបែក​បំបាក់​​កង​ទ័ព​ ទិញ​ទឹក​ចិត្ត​កង​ទ័ព​ ឱ្យ​កង​ទ័ព​បែរ​ចុង​កាណុង​ប្រឆាំង​និង​រដ្ឋាភិបាល​ ​របស់​ក្រុម​ឧទ្ទាម​​ក្រៅ​ច្បាប់​ ដែ​ល​មាន​ សម រង្ស៊ី​ ជាមេក្លោង​ គឺ​ពិត​ជា​មិន​មែន​ជា​សិទ្ធិ​ និង​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​ជា​ការ​បញ្ជាក់​អំពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ការ​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេ​ញ​ពី​ការ​បោះ​ឆ្នោត​ ដែល​មាន​ការ​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​ជាង​ ៨៣%​។ ដូច្នេះ​អំពើ​នេះ​ គឺ​ជាអំពើ​ដ៏​ខុស​ច្បាប់​ដែល​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​។​
លោក​ រីឆាត​ រ៉យជើស៍ ក៏​ត្រូវ​ដឹង​ដែរ​ថា​ នៅកម្ពុជា​ ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​​រយៈ​ការ​បោះឆ្នោត​​នៅរៀង​រាល់​៥ឆ្នាំ​ម្តង​ ហើយ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​លើ​ទី​លាន​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ប៉ុន្តែ​មិន​មែន​ជាការ​ផ្លាស់​ប្តូរមេដឹក​នាំ​ ​ដូច​ផែន​ការ​ដែល​ក្រុម​ឧទ្ទាម​ក្បត់​​ជាតិ​​កំពុង​​អ​នុវ​ត្ត​នា​ពេល​​នេះ​​ទេ​។ ការ​កៀង​គរ​កម្លាំងប្រជាពលរដ្ឋ​​​មក​ផ្តួល​​រំ​លំ​ ដើម្បី​ដណ្តើម​អំណាច គឺ​ជាទង្វើ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​ជាការ​តវ៉ា​ទាម​ទារ​ដែល​មិន​សម​ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ណោះ​ឡើយ​។ ដូច្នេះ​ ទង្វើ​របស់​សកម្ម​ជន​មួយក្តាប់​តូច​ដែល​​ចូល​​រួម​ក្នុង​សកម្មភាព​ជាមួយ​ពួក​ឧក្រិដ្ឋ​ជន​ដែល​ជា​មេ​ចលនា​​​ឧទ្ទាម​​​​​​​ គឺ​ពិត​ជា​អំពើ​ខុស​ច្បាប់​ ដែល​នឹង​ត្រូវ​ប្រឈម​ចំពោះ​វិធាន​ការ​ច្បាប់​ បើ​ក្រុម​មួយក្តាប់​តូច​​នោះ​​​នៅ​តែ​រឹង​ទទឹង​។​
ចំពោះ​សម្តី​​របស់​លោក​ រីឆាត​ រ៉យជើស៍ ដែល​គម្រាមចង់​​ចោទ​ប្រកាន់មន្ត្រីរាជ​​រដ្ឋាភិបាល​ និង​​ប្រមុខ​រាជរដ្ឋាភិបាល​ថានឹង​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ​ គឺ​ហាក់​បី​ដូច​ជា​មេធាវី​រូប​នេះ​មិន​យល់​អំពី​នីតិ​វិធី​នៃ​ចំណាត់​ការ​ផ្លូវ​ច្បាប់អ្វី​ទាំង​អស់​។ គាត់​ត្រូវ​យល់​ថា​ ការ​អនុវត្ត​ច្បាប់​គឺ​គេ​អនុវត្ត​​​ចំពោះ​តែ​មេក្លោង​នៃ​ក្រុម​ឧទ្ទាម​ និង​ក្រុម​រួម​គំនិត​ក្បត់​ដែល​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ក្រុម​ភាគតិច​នេះ​បាន​ដើរ​ផុត​បន្ទាត់​ក្រហម​នៃ​គន្លង​ប្រជា​ធិបតេយ្យ​ ហើយ​ដែល​ជាវិធាន​ការ​សម​ស្រប​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ ដែល​គោរព​ច្បាប់​ដូច​ការ​គិត​របស់​មេធាវី​ជើង​កាង​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​លើក​​ឡើង​នោះ​ឡើយ​។ លោក​មេធាវី​ ​​​រីឆាត​ រ៉យជើស៍ មិន​មែន​ជាជន​ជាតិ​ខ្មែរ​​ដែល​ស្រឡាញ់ប្រជាជន​​ខ្មែរ​ ​ជាង​ខ្មែរ​នោះ​ទេ។
ក្នុង​នាម​រូប​ខ្ញុំ​ជាប្រជាពលរដ្ឋ​ខ្មែរ​ ខ្ញុំ​ស្នើ​សុំ​​លោកមេធាវី​​ រីឆាត​ រ៉យជើស៍ គួរ​តែ​យក​ពេល​វេលា​របស់​ខ្លួន​គិត​គូ​រ​ពី​រឿង​ក្តីរបស់​ប្រជាជន​​នៅ​​ប្រទេ​ស​​អង់​​គ្លេស​​របស់​​លោក​​វិញ​​ វា​​ប្រ​សើរ​​ជាង​ការ​បញ្ចេញ​យោ​បល់​​របស់​លោក​មក​បង្គាប់​បញ្ជា​ ឬគម្រាម​កំហែង​ថ្នាក់​ដឹក​នាំ​ប្រទេស​ និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ពី​​ព្រោះ​​ប្រទេស​កម្ពុជា​គឺ​ជារដ្ឋឯករាជ្យ​​អធិប​តេយ្យ​មួយ ​​​​​ដែល​មិន​អនុញ្ញាត្តិ​ឱ្យ​បរទេស​ណា​មក​ហួង​ហែង​ និង​កកូរ​កកាយ​ចូលកិច្ច​ការផ្ទៃ​ក្នុង​បាន​នោះ​ទេ​។​
សរុប​មក​ ក្នុង​នាម​ជាកូន​ខ្មែរ​ យើង​ខ្ញុំ​រីក​រាយ​ចំពោះ​បំណង​របស់​ជន​បរទេស​ទាំង​អស់​ដែល​បង្ហាញ​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ការ​រីក​ចម្រើន​របស់​ប្រជាជន​កម្ពុជា ​​ប៉ុន្តែ​​ខ្ញុំ​ក៏​មិន​ចង់​ឃើញ​ជន​បរ​ទេស​​​របៀប​លោក​មេធាវី​​​ រីឆាត​ រ៉យជើស៍ ដែល​លោក​តែង​តែ​វាយ​ប្រហារ​ និង​ចង់​នាំ​ជាតិ​កម្ពុជា​ឱ្យ​មាន​ជម្លោះ​ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ និង​ភាព​រស់​នៅ​សុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ទទួល​បាន​ដូច​ពេល​នេះ​ដែរ​។ ក្នុង​ស្មារតី​នេះ​ ក្នុង​នាម​ជាពលរដ្ឋ​ខ្មែរ​ ខ្ញុំក៏​​ស្នើ​សុំ​លោក​ ​រីឆាត​ រ៉យជើស៍ កុំ​បន្ត​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ និង​សូម​គោរព​នូវ​អធិបតេយ្យរបស់​កម្ពុជា​ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលុប​អាច​បន្ត​កសាង​ជាតិ​ និង​ការ​ពង្រឹង​ថែម​ទៀត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ ឱ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​មុន​ដូច​ប្រទេស​របស់​លោក​ផង​ទៅ​ចុះ​៕​
ដោយ៖ ពង្ស​ សុក្រឹត្យ

No comments:

Post a Comment