Wednesday, November 06, 2019

សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថានេះ គឺជាវេទិការដ៏វិសេសវិសាលមួយសម្រាប់យើងទាំងអស់គ្នា ពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អ ដើម្បីរិះរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្ត សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា តាមរយៈសន្និបាតនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕


No comments:

Post a Comment