Wednesday, November 06, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន បង្កើនកិច្ចសហការ ឆ្លើយតបទាន់ពេលវេលា អំពើជួញដូរមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធបង្កើន កិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ ដើម្បីអាចឆ្លើយតបទាន់ ពេលវេលាអំពើជួញដូរមនុស្ស ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ា​ន-ចិនលើកទី១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជាពិសេសប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឲ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា អំពើជួញដូរមនុស្ស តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងការយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ច ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់និងសកលលោក។ លោកបានបន្តថា ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជាបញ្ហាប្រទេសអាស៊ាន បានជំរុញឲ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជកម្ម និងការវិនិយោគក្នុងកម្រិតមួយ គួរឲ្យកត់សម្គាល់ និងបានបង្កើតឲ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាព ស្វែងរកការងារក្នុងស្រុក និងការធ្វើចំណាកស្រុកធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត ឱកាសបង្កើតឲ្យមានអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក-កុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរចាំបាច់ តម្រូវឲ្យប្រទេស សមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា អំពើជួញដូរមនុស្សនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាតាមរយៈការពង្រឹងច្បាប់ ការអនុវត្តគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្ម ទណ្ឌយ៉ាងខ្ជាប់ខ្ជួន ៕



No comments:

Post a Comment