Tuesday, August 06, 2019

លិខិតមិត្តអ្នកអាន៖ ថ្នាំបំពុលក្នុងយុគ្គសម័យថ្មីរបស់ពួកប្រឆាំង គឺ «Fake News»


ដោយសារតែការបរាជ័យ​ផ្ទួនៗក្នុងវិថីនយោបាយរបស់ខ្លួនយ៉ាងអាម៉ាស់ជាទីបំផុត ដោយមិនអាចយកឈ្នះគណបក្សកាន់អំណាចរបស់បុរសខ្លាំង ហ៊ុន សែន តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈផែនការបដិវត្តន៍ពណ៌ដោយប្រមូលផ្តុំកំលាំងមនុស្សបះបោរប្រឆាំងរដ្ឋអំណាចបាននោះ ក្រុមប្រឆាំងដែលមានមេកើយជាទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បាននិងកំពុងចាប់យក និងអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រនយោបាយបែបប្រជាភិថុតិ តាមរយៈការបំភ្លៃព័ត៌មានលើបណ្តាញផ្សព្វផ្សាយសង្គមថ្មីដែលជាយុទ្ធសាស្ត្របង្កើតព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីផ្តួលដៃគូប្រកួតប្រជែងរបស់ខ្លួន។ ដោយប្រកាន់យកនូវផ្នត់គំនិត «លេងតាមផ្លូវត្រង់មិនឈ្នះ មានតែប្រើល្បិចកលកង្វក់ និងទុច្ចរិតក្រែងលោមានសង្ឃឹមខ្លះ»។
តើមធ្យោបាយប្រើប្រាស់ Fake News ជាថ្នាំបំពុលមហាជន ក៏ដូចជាសាធារណៈមតិជាតិ និងអន្តរជាតិ ដែលពួកប្រឆាំងក្រៅច្បាប់កំពុងតែអនុវត្តយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ អាចជាគន្លឹះនាំពួកគេទៅរកជោគជ័យដូចការរំពឹងទុកដែរឬទេ? តើពួកគេបានធ្វើអ្វីខ្លះ ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របំពុលព័ត៌មាននេះ? តើព័ត៌មានបំពុលដែលពួកគេកំពុងប្រើប្រាស់នេះ វាផ្តល់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងជោគវាសនាជាតិទាំងមូលដែលឬទេ?
ជាការពិតណាស់ ព័ត៌មាន​ក្លែងក្លាយ​ ​ឬ​ ​Fake News​ ​បាន​ក្លាយជា​ប្រធានបទដ៏​ក្តៅ​គគុក​មួយ ​និងជាក្តីបារម្ភដ៏ធំមួយក្នុង​ចំណោម​អ្នក​ជំនាញ​សារព័ត៌មាន ​ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅក្នុង​ពិភព​លោក។​ សម្រាប់​កម្ពុជា ដែល​ជាប្រទេស​កំពុង​អភិវឌ្ឍន៍​ ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នត់​គំនិត ​និង​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ ជាពិសេសគឺព័ត៌មាននយោបាយ។​ ​ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយបាន ព័ត៌មានពិតគឺ​មានសារៈសំខាន់ណាស់ ​សម្រាប់​ការ​បន្សាបឥទ្ធិពលនៃព័ត៌មានប្រឌិត និងក្លែងក្លាយ។ ​ការធ្វើនយោបាយ​បែប​ប្រជា​ភិថុតិ​ ​និង​ការផ្សាយ​​ព័ត៌មាន​មិន​ពិត​ គឺបានធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋទូទៅ​​និង​សង្គមជាតិទាំងមូល។​ បើនិយាយពីផ្នែកនយោបាយវិញ ព័ត៌មានក្លែងក្លាយគឺភាគច្រើនជាប្រភេទព័ត៌មានបំពុលសង្គម បំភ្លៃការពិត ប្រឌិតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងទុច្ចរិតដោយភូត​កុហក​ទាំងស្រុង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអំណាច ដែលជាគោលដៅរបស់ពួកប្រឆាំងក្រៅច្បាប់។​ ​នាពេល​ថ្មីៗ​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ ចោទប្រកាន់ ទម្លាក់កំហុស ​លាបពណ៌ និងប្រឌិត ដែលប្រាសចាកពីការពិតទាំងស្រុង នៅលើបណ្តាញសង្គមកាន់តែច្រើនឡើងៗ ដែលភាគច្រើនលើសលុប គឺចេញពីប្រភពក្រុមប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាមេកើយ។ ព័ត៌មានក្លែងក្លាយទាំងនោះ មានទាំងជាសំណេរ រូបភាព និងខ្លះជា​ជា​វីដេអូឃ្លីប​បង្ហោះ​តាម​ Facebook និង​ Youtube ​ជា​ដើម។​ ក្រសួង​មហាផ្ទៃ​នាពេលកន្លងមក​ បាន​ប្រកាស​បិទ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយមួយចំនួនផងដែរ ក្នុង​គោលបំណង​បង្ការ​​អសនិ្តសុខ​ និងទប់ស្កាត់សកម្មភាពបោកប្រាស់ តាមរយៈ​ការ​បង្ហោះ​ព័ត៌មានក្លែងក្លាយ​តាម​ប្រព័ន្ធ Internet ដែលក្រុមទុច្ចរិតបានបង្កើតឡើងក្នុងគោលដៅធ្វើឱ្យមានចលាចលក្នុងសង្គមកម្ពុជា។ ​​ព័ត៌មាន​ក្លែងក្លាយ​ ​ត្រូវ​បាន​ឲ្យ​និយមន័យ​ជា​ទូទៅ​ថា ​ជា​ប្រភេទ​ព័ត៌មាន ​ឬ​ការ​ឃោសនា​ប្រជាភិថុតិ​ ដែល​បង្កប់​ទៅ​ដោយ​ព័ត៌មាន​មិន​ពិត ឬព័ត៌មាន​បោកបញ្ឆោត​ ដែល​ត្រូវ​បាន​ចែកចាយ​តាមរយៈ​​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញព័ត៌មាន ឬ​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ Internet ហើយក្នុងយុគ្គសម័យថ្មីនេះ ​ព័ត៌មាន​ក្លែងក្លាយ​បាននិងកំពុង​មាន​ការសាយភាយ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា និងសកលលោក។
​គួរ​រំឭក​ផង​ដែរថា បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៣ អតីតមេដឹកនាំបក្សប្រឆាំង បានចេញមកប្រកាសថាគណបក្សរបស់ខ្លួនបានឈ្នះឆ្នោត។ ការប្រកាសនេះធ្វើឡើង ខណៈពេលដែលដំណើរការនៃការរាប់សន្លឹកឆ្នោតកំពុងតែប្រព្រឹត្តទៅនៅឡើយ។ ការបំពុលព័ត៌មានដ៏គ្រោះថ្នាក់នាពេលនោះ បានបង្កឱ្យមានចលាចលដល់ពលរដ្ឋកម្ពុជា ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិមួយរយៈពេលខ្លីផងដែរ។ រហូតទាល់តែមានការបញ្ជាក់ពីការពិតថា នោះជាព័ត៌មានបំពុលដ៏អាក្រក់បំផុតដែលព័ត៌មានពិតនោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់តែអំណាច នៅតែជាគណបក្សដែលឈ្នះការបោះឆ្នោតយ៉ាងពិតប្រាកដ។ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយមិនអាចចូលរួមក្នុងការបោះឆ្នោតបាន ពួកក្រុមទុច្ចរិតនៅតែចិញ្ចឹមចិត្តប្រឌិតព័ត៌មានបំពុលជាបន្តបន្ទាប់ ហើយអ្វីដែលរសើបនៅពេលនោះ គឺព័ត៌មានបែកធ្លាយពីការបែងចែកអាសនៈដល់គណបក្សនយោបាយផ្សេងៗ។ ក្រោយពីការប្រកាស​លទ្ធផល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ក្នុង​សភា​ទាំងអស់​ចំនួន ១២៥ នោះ គណនី Facebook ​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ត្រូវ​បានជនអនាមិក​លួច​ចូល​ និង​បាន​បង្ហោះ​សារ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​ចែក​អាសនៈ​មួយ​ចំនួន​ទៅ​ឱ្យ​គណ​បក្ស​ពីរ​ទៀត។ ទោះបីការពិតមិនទាន់ត្រូវបានទម្លាយថា ជាស្នាដៃរបស់ជនណាឱ្យពិតប្រាកដ ក៏ប៉ុន្តែសារជាតិពិតនៃព័ត៌មានក្លែងក្លាយ ដែលត្រូវបានគេលួចប្រើប្រាស់ គណនី​ Facebook ​ផ្លូវ​ការ​របស់បុរសខ្លាំង ហ៊ុន​ សែន យកទៅផ្សព្វផ្សាយនោះ គឺចេញពីប្រភពក្រុមប្រឆាំងក្រៅច្បាប់យ៉ាងច្បាស់ក្រឡែត។ ក្រៅពីលួច Hack ចូលគណនី Facebook ផ្លូវការរបស់លោក ហ៊ុន សែន ហើយនោះ កន្លងមកក៏មានការបង្កើតនូវគណនី Facebook ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះរបស់ថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងកូនៗរបស់លោកនាយករដ្ឋមន្ត្រី ជាដើម។ ក្រៅពីនោះនៅមានការបង្ហោះផ្សាយដោយចំហរតែម្តង ក្នុង Page Facebook ផ្លូវការរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក នូវព័ត៌មានក្លែងក្លាយ ដោយពួកគេធ្វើឡើងជាបណ្តាញ ដែលមានទាំងមេទាំងកើយ មានខ្សែរយៈ និងក្រុមសារព័ត៌មានបំពុល ដែលតែងតែជួយបំពងសម្លេងបន្ថែម ពីព័ត៌មានក្លែងក្លាយរបស់ពួកគេ ដូចជា Page របស់វិទ្យុអាស៊ីសេរី (RFA) VOD VOA និងមួយចំនួនទៀតផងដែរ។ ពួកគេបានចែកចាយព័ត៌មានក្លែងក្លាយជាប្រព័ន្ធ អមដោយក្រុមអ្នកវិភាគផ្កាប់មុខ ស៊ីឈ្នួលដូរបាយ ចាំធ្វើអត្ថាធិប្បាយបន្ថែម ហើយក្រុមកូនជឹង និងក្រុមសកម្មជនរបស់បក្សនយោបាយខ្មោចជាញឹកញយ គឺដើរតួជាអ្នកចែកចាយបន្ត។ ព័ត៌មានក្លែងក្លាយដែលគេឃើញមានកើតឡើងជាញឹកញាប់ជាងគេគឺ ព័ត៌មានប្រឌិតដ៏អាក្រក់ជូរជាតិបំផុត ស្តីពីមរណៈភាព និងបញ្ហាសុខភាពរបស់បុរសខ្លាំង ហ៊ុន​ សែន និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ព័ត៌មានបំភ្លៃបែបញុះញង់ថាមានការបែក​បាក់ផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ព័ត៌មានបំពុល និងអុចអាលដែលធ្វើឡើងដោយចំហរពីសំណាក់មេឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដោយចោទប្រកាន់ថា លោក ហ៊ុន សែន នៅពីក្រោយខ្នងការសម្លាប់ កែម ឡី ហុក ឡង់ឌី ឬមនុស្សមួយចំនួនទៀត, ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះលោក ស ខេង និងលោក ឌី វិជ្ជា ថាមានគំនិតសងសឹក និងរៀបចំគម្រោងក្បត់ប្រឆាំងនឹងលោក ហ៊ុន សែន, ព័ត៌មានបោកប្រាស់ពីគម្រោងបះបោររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់, ព័ត៌មានក្លែងក្លាយពីបញ្ហាទឹកដី ដោយយកផែនទីក្លែងក្លាយមកបង្ហោះផ្សាយ ធ្វើអត្ថាធិប្បាយក្នុងចេតនាបង្កចលាចល បង្កើតឱ្យមានចលនាបះបោរ ជំរុញឱ្យមានការរើបម្រះ បញ្ឆេះកម្សួលពលរដ្ឋឱ្យទៅដណ្តើមទឹកដីជាមួយប្រទេសជិតខាង, និងព័ត៌មានពីការលាបពណ៌ឱ្យមានការរើសអើង និងប្រកាន់ពូជសាសន៍យួន និងចិនជាដើម។ ក្រៅពីនោះនៅមានព័ត៌មានក្លែងក្លាយ ដែលជាថ្នាំបំពុលសង្គមជាច្រើនទៀត ដែលត្រូវបានរៀបចំ បង្កើតឡើង និងចែកចាយដោយក្រុមប្រឆាំងក្រៅច្បាប់ ក្នុងចេតនាបង្កអសន្តិសុខ និងធ្វើឱ្យខូចសណ្ដាប់សាធារណៈ ដែលពួកគេមិនដែលញញើតនូវទង្វើដ៏ខ្មៅកង្វក់របស់ខ្លួនឡើយ បើទោះបីជាដឹងថា វានឹងជះឥទ្ធិពល ឬបង្កហានិភ័យដ៏គ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រង់ និងវាសនារបស់ប្រទេសជាតិទាំងមូល ក៏ពួកគេមិនខ្វល់ខ្វាយដែរ ធ្វើយ៉ាងណាឱ្យតែចំណេញនយោបាយទុច្ចរិតរបស់ពួកគេ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានក្លែងក្លាយ ដែលជាថ្នាំបំពុលហើយត្រូវបានពួកប្រឆាំងកំពុងប្រើប្រាស់ និងអនុវត្តសព្វថ្ងៃនេះ គឺត្រូវបានពលរដ្ឋទូទៅចាប់ទុកត្រឹមតែជាព័ត៌មានសំរាមតែប៉ុណ្ណោះ។ ជានិច្ចកាលក្រោយពេលដឹងពីព័ត៌មានពិត ព័ត៌មានក្លែងក្លាយតែងតែត្រូវបានសាបរលាបឥទ្ធិពលរបស់វាដោយឯងៗ។ លើសពីនេះទៅទៀត ដោយសារទម្លាប់ដ៏អាក្រក់នៃការសាបព្រោះព័ត៌មានក្លែងក្លាយនេះហើយ ដែលធ្វើឱ្យអតីតសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនរូបបាន​ចាកចេញ និងលែងជឿទុកចិត្តលើមេដឹកនាំគណបក្សនេះ។ អ្នកគាំទ្រអតីតបក្សប្រឆាំងមួយភាគធំ បានសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច និងគណបក្សដទៃទៀត ព្រោះតែមិនអាចទទួលយកបាននូវទង្វើភូតភរ បោកប្រាស់ ប្រាស់ចាកពីការពិត ដែលត្រូវបានប្រឌិតឡើងក្នុងន័យកេងចំណេញ​នយោបាយឥតឈប់ឈរ។ មេចលានាប្រឆាំងក្រៅច្បាប់បានគិតខុសថា ការប្រឌិតព័ត៌មានក្លែងក្លាយ គឺជាការកេងចំនេញនយោបាយដ៏ក្រាស់ក្រែលរបស់ពួកគេ ខណៈដែលការពិតគឺ វាជាទង្វើដ៏ឆោតល្ងង់ ដែលបានធ្វើឱ្យអតីតគណបក្សប្រឆាំងកាន់តែចុះខ្សោយទៅៗ រហូតដាំក្បាលចុះ រលំរលាយដូចបច្ចុប្បន្ន។ លទ្ធផលនៃការបោកប្រាស់ មិនយូរមិនឆាប់គង់តែគេដឹង ហើយនយោបាយប្រជាភិថុតិច្បាស់ជាចាញ់បោសគូទខោជាក់ជាមិនខាន៕
ដោយ៖ ស ជាតិ











No comments:

Post a Comment