Tuesday, August 06, 2019

ទស្សនៈមិត្ត​អ្នក​អាន៖ តើលោក រ៉ុង ឈុន មានជំហរឯករាជ្យដូចឈ្មោះសមាគមគាត់ឬ?


សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រមូលផ្តុំមនុស្សមកតវ៉ាទាមទារឲ្យមានការដោះលែងជនជាប់ចោទ កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះ​ជា​តិ និងទាមទារឲ្យលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមខុសច្បាប់នៅក្រៅប្រទេស។ ការស្នើសុំនេះ គ្រោងនឹងរៀបចំមនុស្សប្រមាណជា ៧០នាក់ មកតវ៉ានៅពីមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខ ក្រោមលេសជួបជុំគ្នាសម្តែងមតិ។
ជាការ​ពិត ការជួបជុំសម្តែងមតិជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់ៗរូប ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា​ចក្រកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែការប្រមូលផ្តុំគ្នាជួបជុំតវ៉ាទាមទារឲ្យទម្លាក់​ចោលការចោទប្រកាន់លើជនជាប់ចោទដែលកំពុងមានទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) និងទាមទារឲ្យលើកលែងទោសដល់ទណ្ឌិតដែលកំពុង​ស្ពាយ​ទោស​រាប់ភ្លេច​រត់ចោលស្រុក​ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសាលដីការបិទផ្លូវតវ៉ា​របស់តុលាការកំពូលចុះ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ម្យ៉ាងវិញ​ទៀតការទាមទារនេះ ក៏ជាការរំលោភលើសមត្ថកិច្ចរបស់ស្ថាប័នតុលាការផងដែរដែល​ជា​ស្ថាប័ន​ឯករាជ្យ។
គួររំលឹកឲ្យដឹងថា លោក រ៉ុង ឈុន ក៏ជាបុគ្គលម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស ១១៨រូប ដែលសាលដីការរបស់តុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ រាល់សកម្មភាពទាំងឡាយរបស់បុគ្គលរូបនេះដែល​បង្ហាញពីសកម្មភាពធ្វើនយោបាយ និងអ្នកដែលច្បាប់ហាមឃាត់សិទ្ធិធ្វើនយោបាយឯទៀត គឺសុទ្ធតែខុសច្បាប់​ទាំងអស់ ដែលអាចនឹងត្រូវទទួលទោសទណ្ឌបន្ថែមទៀត ប្រសិនបើតុលាការរកឃើញកំហុស។
យ៉ាង​ណា​មិញ ទោះមានងារជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ តែលោក រ៉ុង ឈុន មិនមែនជាមនុស្សឯករាជ្យ ដូចឈ្មោះសមាគមដែលគាត់ធ្វើជាទីប្រឹក្សានោះឡើយ។ ពាក្យឯករាជ្យ គឺពេញនិយមណាស់សម្រាប់បុគ្ក​ល​តាំងខ្លួនជាអ្នកវិភាគ ឬអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ហើយក៏ពេញនិយមណាស់ដែរសម្រាប់សារព័ត៌​មាន មាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា។
អ្នកណាក៏ដឹងដែរថា រ៉ុង ឈុន គឺជាមន្ត្រីរបស់អតីតគណបក្សប្រឆាំងកូតា សម រង្ស៊ី ជ្រកក្រោមស្លាកសមា​គម​គ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់បោះបង់ចោលតំណែងប្រធានសមាគមនេះ ដើម្បីឈោងចាប់កាន់យកតំណែង​ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តាមការចាត់តាំងរបស់អតីតគណបក្សប្រឆាំង។ មុនបានតំណែងជាសមាជិក(គ.ជ.ប) បុគ្គលរូបនេះ បានធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យជា​ច្រើន​ក្នុង​ការដឹកនាំធ្វើបាតុកម្មតវ៉ានានាប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីស្វែងរកប្រជាប្រិយភាពឲ្យបក្សប្រឆាំង។ ហេតុដូច្នេះ​ហើយបានជាបក្សប្រឆាំងជ្រើសរើសបេក្ខភាព រ៉ុង ឈុន ដើម្បីតំណាងឲ្យខ្លួននៅក្នុងគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត។
កាន់តំណែងមិនបានប៉ុន្មានផង រ៉ុង ឈុន ក៏សម្រេចចិត្តលាលែងពីតំណែងជាសមាជិក (គ.ជ.ប) នៅថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ គឺបន្ទាប់ពីអតីតគណបក្សប្រឆាំង ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសារតែរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ និងបំពានច្បាប់ស្តីពីគណបក្សនយោបាយដែលទៅឃុបឃិត និងទទួលបញ្ជារពីបរទេសមកបំផ្លាញខ្មែរ។ ការលាលែងពីតំណែងរបស់បុគ្គលរូបនេះ មិនបានធ្វើឲ្យគេភ្ញាក់ផ្អើលនោះទេ ពីព្រោះ រ៉ុង ឈុន ដែលមកពីអតីតគណបក្សប្រឆាំង មិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនដោយសេចក្តីស្មោះត្រង់ និងធ្វើជាអាជ្ញាកណ្តាលដ៏ត្រឹមត្រូវនោះឡើយ ប៉ុន្តែបានបម្រើផលប្រយោជន៍បក្សប្រឆាំងពីក្រោយខ្នង ក្រោមរូបភាពជាសមាជិក(គ.ជ.ប) ទោះជានៅពេលចូលកាន់តំណែងត្រូវធ្វើពិធី​សច្ចាប្រណិធាន​(សំបថ)ថា មិនប្រកាន់បក្សពួកក្តី។
ទោះតាំងខ្លួនជាអ្នកឯករាជ្យ តែបុគ្គល រ៉ុង ឈុន មិនដែលមានជំហរឯករាជ្យម្តងណាឡើយ។ នៅពេលនិយាយដល់ពាក្យថា ឯករាជ្យ មានសំណួរជាច្រើនត្រូវបានចោទសួរឡើងភ្លាមៗថា តើលោក រ៉ុង ឈុន ឯករាជ្យនៅខាងណា? ចម្លើយដូចដឹងស្រាប់ គឺបុគ្គលរូបនេះជាអ្នកឯករាជ្យនៅខាងបក្សប្រឆាំង ហើយក៏ជាអ្នកស្ម័គ្រស្មោះនឹងទណ្ឌិត មេចលនាឧទ្ទាមខុសច្បាប់ក្រៅប្រទេសផងដែរ។ តាមពិត រ៉ុង ឈុន ជាមនុស្សជំនិតរបស់មេចលនាឧទ្ទាម។ ជាក់ស្តែង បុគ្គលរូបនេះ ក្នុងនាមជាប្រធានសហភាពសហជិពជាតិកម្ពុជាផងដែរនោះ បានធ្វើសក​ម្មភាព​ជាច្រើនឆ្លុះបញ្ចាំងពីការគាំទ្រអតីតបក្សប្រឆាំង វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកធ្វើឲ្យ​បាត់​បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក ដោយបានដាក់សម្ពាធឲ្យរដ្ឋាភិបាល​ត្រូវតែលើកលែងទោសដល់ទណ្ឌិតរូបនេះ ក៏ត្រូវតែដោះលែងលោក កឹម សុខា និងត្រូវតែធ្វើឲ្យ​អតីត​គណបក្សប្រឆាំងរស់ឡើងវិញជាដើម ជាថ្នូរទៅនឹងការមិនបាត់បង់ EBA GSP។ សកម្មភាពរបស់បុគ្គលរូបនេះ មានទាំងនៅក្នុងស្រុក និងក្រៅស្រុក។
សរុបមកវិញ បុគ្គល រ៉ុង ឈុន ទោះកាន់តំណែងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឬមានតំណែងធំនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងចុងក្រោយនេះជាប្រធានសហភាពសហជិពជាតិកម្ពុជាក្តី តែបុគ្គល​រូបនេះបានដិតដាមយ៉ាងជ្រៅជាមួយនឹងក្រុមប្រឆាំង គឺមិនមែនជាមនុស្សមានជំហរឯករាជ្យក្នុងខ្លួននោះឡើយ។ ធាតុពិត បុគ្គលរូបនេះ គ្រាន់តែជាកូនអុករបស់មេឧទ្ទាមប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ដែលគេប្រើឲ្យ​ធ្វើ​សកម្មភាពគៀរករក្រុមប្រឆាំងនៅក្នុងស្រុក ដែលនៅសេសសល់រប៉ាត់​របាយ​មានចំនួនដ៏តិចតួចបំផុតនាពេលនេះ។ ហើយការយកលេសជួបជុំសម្តែងមតិនៅថ្ងៃទី១៥សីហាខាងមុខនេះ ក៏ជាសេណារីយ៉ូមួយដែរ ក្នុងការធ្វើតេស្ត​កម្លាំងគាំទ្រអតីតបក្សប្រឆាំងនៅក្នុងស្រុក។
ទោះយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចបានប្រកាសហើយថា មិន​អនុញ្ញាតឲ្យបុគ្គលរូបនេះ ដឹកនាំក្រុមមនុស្សមកតវ៉ានៅពីមុខសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។ រាល់សកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ដែល​ប្រព្រឹត្តិ​ដោយ​បុគ្គល រ៉ុង ឈុន អាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិគ្រប់​គ្រាន់ក្នុងការចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ដោយគ្មានការយោគយល់ ដើម្បីការពារសុខសន្តិ​ភាព សណ្តាប់ធ្នាប់សាធារណៈសង្គម ជូនដល់ប្រជាពលរដ្ឋ៕
ដោយ៖ សុខ សុវណ្ណ



No comments:

Post a Comment