Tuesday, August 06, 2019

លោក ឆាយ ថន ផ្តល់អនុសាសន៍ ៥ចំណុចក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់បណ្តាអង្គភាពជំនាញទាំងអស់ក្រោមឱវាទក្រសួងផែនការ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងផែនការ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាននាយកដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍អំពីសមិទ្ធផលការងារសម្រេចបានរយៈពេលក្នុងឆមាសទី១ ព្រមទាំងបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដែលបានលើកឡើងដោយតាមបណ្តាអង្គភាពជំនាញទាំងអស់ រួមទាំងការចូលរួមជាមតិយោបល់របស់ថ្នាក់ដឹកនាំរួចមក។
រដ្ឋមន្ត្រីក្រសួងផែនការ បានមានមតិសំណាល ណែនាំ និងផ្តល់នូវអនុសាសន៍៥ចំនុច ដើម្បីអង្គភាពជំនាញទាំងអស់យកទៅកែសម្រួល និងអនុវត្តបន្តរួមមាន៖
១-ក្នុងរបាយការណ៍របស់បណ្តាអង្គភាពជំនាញទាំងអស់ ក្រៅអំពីសមិទ្ធផលការងារដែលសម្រេចបាន ត្រូវតែលើកឡើងបន្ថែមនូវបញ្ហាប្រឈម សំណូមពរ និងសេចក្តីសន្និដ្ឋានជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃ និងមានវិធានការណ៍ដោះស្រាយអោយបានសមស្រប។
២-គួរតែមានការគិតគូរឱ្យបានច្បាស់លាស់ឡើងវិញនូវរបៀបរបបការងារណា ដែលធ្វើអោយរាំងស្ទះ ឬដើរថយក្រោយ ត្រូវកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងអង្គភាពនីមួយៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
៣-សំណូមពរដល់បណ្តាអង្គភាពជំនាញទាំងអស់ រក្សាការសហការគ្នាអោយបានជិតស្និទ្ធក្នុងការរៀបចំគម្រោងកម្មវិធីអនុវត្តការងារផ្សេងៗ អោយបានស៊ីសង្វាក់គ្នា។
៤-បញ្ហាបុគ្គលិក មន្ត្រីរាជការ សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវចេះដឹកនាំ សម្របសម្រួល បណ្តុះបណ្តាល ក៏ដូចជាការបែងចែកការងារ ការទទួលខុសត្រូវតាមកម្រិតជំនាញរបស់បុគ្គលិក មន្ត្រីរាជការ របស់ខ្លួន។
៥-ចំពោះបុគ្គលិក មន្ត្រីរាជការ ដែលនៅតែបន្តអវត្តមានគ្មានច្បាប់ទម្លាប់ មិនទទួលខុសត្រូវនឹងការងារ ហើយបានរំលោភលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល លោករដ្ឋមន្ត្រី ឆាយ ថន នឹងមិនរាថយឡើយក្នុងការប្រើប្រាស់អភិក្រមទី៥ គឺវះកាត់៕


No comments:

Post a Comment