Tuesday, August 06, 2019

អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ ដោយបានបង្ហាញថា ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន ៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ ៤ថ្ងៃ។
យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងារដដែលនោះ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។
សូមបញ្ជាក់ថា បណ្តាឆ្នាំកន្លងទៅថ្ងៃឈប់សម្រាកមានរហូតដល់ទៅ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាកមានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃពេកនេះ ក៏បណ្តាលឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មផងដែរ។ ឆ្លើយតបតាមសំណូមពររបស់និយោជក និងដើម្បីធានាដល់ភាពប្រកួតប្រជែង ក៏ដូចជាបំពេញតម្រូវការទីផ្សារផលិតផលនោះ រាជរដ្ឋាភិបាលបានសម្រេចកាត់ចោលថ្ងៃឈប់សម្រាកចំនួន៦ថ្ងៃ នៅឆ្នាំ២០២០ ហើយក៏អាចនឹងអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ផងដែរ៕


No comments:

Post a Comment