នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ
ជាពិសេសចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន
ទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើនបំផុតតែងតែយល់ថាពាក្យ
«ទូតអាមេរិក = មេរបស់ក្រុមប្រឆាំង » « ទូតអាមេរិក =
មេបញ្ជាការផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន »។ នេះជាការពិត
ដែលមន្ត្រីទូត
និងក្រសួងការបរទេសអាមេរិកត្រូវហ៊ានទទួលស្គាល់ដើម្បីពិចារណាព្រោះខ្ញុំយល់ថា «
ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ល្អឬអាក្រក់
វាអាស្រ័យស្ទើរតែទាំងស្រុងលើលោកអគ្គរដ្ឋទូតអាមេរិកតែម្តង។
១.ទន្ទឹមនឹងការរីករាយ សាទរ ចំពោះលោក Patrick Murphy
ដែលនឹងមកបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ
ខ្ញុំក៏បានស្រាវជ្រាវតាមវេបសាយហើយកត់សំគាល់ថាលោក
គឺជាអ្នកការទូតដ៏មានពិសោធន៍ម្នាក់ និងជាពិសេស
គឺជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍។ ដូច្នេះ ប្រាកដណាស់ថាលោកពិតជា
បានស្គាល់ច្បាស់អំពី
សភាពការណ៍និងបទពិសោធន៍ផ្អែមល្វីងជូរចត់របស់កម្ពុជាក្នុងអតីតកាលនិងបច្ចុប្បន្នកាល
ជាពិសេសគឺពិតជាដឹងច្បាស់អំពីអ្វីដែលពលរដ្ឋប្រទេសមួយនេះត្រូវការជាចាំបាច់បំផុត។
ដូច្នេះ
សារដែលខ្ញុំចង់ផ្ញើជូនលោកអគ្គរដ្ឋទូតអាមេរិកថ្មីដើម្បីពិចារណានោះគឺ៖
ទី1៖ ដូចអ្វីដែលគេតែងតែនិយាយរត់មាត់ថា« Let bygone be bygone» «ទុកអោយរឿងចាស់វាកន្លងផុតទៅហើយសូមគិតរឿងថ្មី»។
ទី2៖
ខ្ញុំក៏មានការសប្បាយរីករាយណាស់ដែរនៅពេលឃើញមានការចុះផ្សាយដោយកាសែតអនឡាញបរទេសមួយបានស្រង់សំដីលោក
Murphy ថា លោកនឹងផ្តោតការយកចិត្តទុកដាក់
លើការបង្កើនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកអោយឡើងបានដល់ ៣.៥
ពាន់លានដុល្លារ
ក៏ដូចជាបង្កើនទំនាក់ទំនងរវាងសហគមន៍ជនជាតិអាមេរិកជាមួយប្រជាជនកម្ពុជា។
ខ្ញុំក៏ដូចពលរដ្ឋខ្មែរទូទៅ សង្ឃឹមយ៉ាងមុតមាំថា
លោកនឹងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អក្នុងនាមជាដៃគូស្មើសិទ្ធនិងស្មើមុខមាត់គ្នាដោយមិនដើរតាម
លំអានឯកអគ្គរដ្ឋទូតមុនៗនោះឡើយ ព្រោះអ្វីដែលលោកបាននិយាយថាគ្រោងនឹងធ្វើនេះ
គឺពិតជាការងារត្រឹមត្រូវនិងជាក់ស្តែងដើម្បីស្តារជំនឿទុកចិត្តដែលបានបាត់បង់ស្ទើរតែទាំងស្រុងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ
ជាពិសេសពីសំណាក់រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងនិងដឹកនាំប្រទេសនេះ
«Confidence building measures to restore the lowest trust in the
relationship between Cambodia and USA is an Imperative »។
តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក វាលឿនទៅមុខ រឺ
បន្តធ្លាក់ចុះថែមទៀតគឺ បាល់ស្ថិតនៅក្នុងជើងរបស់លោកទូតហើយ។ ដូច្នេះ
បើលោកចង់ញាក់ឆ្វេងរឺស្តាំ ឬស៊ុតត្រង់គឺជាសិទ្ធិរបស់លោក
ចំណែកឯភាគីកម្ពុជាគ្រាន់តែជាអ្នកចាំមើលទិសបាល់និងលេងតាមបាល់របស់លោកតែប៉ុណ្ណោះ
« The Ball is in Your Court »។
ប៉ុន្តែ
យោងលើបទពិសោធន៍ពីអតីតកាលនិងរហូតដល់ពេលថ្មីៗនេះ ខ្ញុំយល់ឃើញថា
ដើម្បីឲ្យទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកមានលក្ខណៈល្អប្រសើរឡើងវិញបន្ថែមពីលើសារដែលខ្ញុំបានរៀបរាប់ខាងលើ
ក៏នៅមានកត្តាសំខាន់ៗ ជាក់ស្តែងមួយចំនួនទៀតដែលលោក Murphy គួរពិចារណា
ហើយបើលោកអាចធ្វើបាន នោះវាកាន់តែល្អប្រសើរ៖
ក/
លោកត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវសន្ធិសញ្ញាទីក្រុងវីយែនស្តីពី
ការងារការទូតដែលមិនអនុញ្ញាតឲ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូឡើយ។
កន្លងទៅនេះ ការបំពានសន្ធិសញ្ញាទីក្រុងវីយែន នេះ
គឺជាអធិករណ៍ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកជួបភាពល្អក់កករជាបន្តបន្ទាប់ពីព្រោះមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាបន្តបន្ទាប់ច្រើនតាំងខ្លួនជាបងធំ
ឬជាចៅហ្វាយរបស់កម្ពុជាដោយចង់ឲ្យកម្ពុជាធ្វើនេះ
ឬធ្វើនោះតាមចិត្តរបស់ខ្លួនចង់បាន ដោយមិនខ្វល់ខ្វាយពីសន្ធិសញ្ញាអន្តរជាតិ
ឬច្បាប់របស់កម្ពុជាឡើយរហូតដល់មន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលភ្នំពេញនិយាយថា
«ចង់ធ្វើមិត្តល្អជាមួយអាមេរិកពិតជាពិបាកណាស់ ប៉ុន្តែ
បើចង់ធ្វើជាអាយ៉ងកូនអុករបស់អាមេរិកវិញគឺជាការងាយស្រួលបំផុត »។
នេះគឺជាកត្តាកំណត់នូវភាពល្អក់កករ
ជូរចត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបង្កឡើងដោយភាគី
មិត្តពីព្រោះកម្ពុជាគោរពបានយ៉ាងល្អនូវសន្ធិសញ្ញាទីក្រុងវីយែនដោយមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូណាមួយឡើយ។
ដូច្នេះ ខ្ញុំសង្ឃឹមថា លោក Murphy ច្បាស់ជាបានស្វែងយល់យ៉ាងច្បាស់អំពីសន្ធិសញ្ញាទីក្រុងវីយែនក្នុងនាមជាអ្នកការទូតជើងចាស់ម្នាក់។
ខ/ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងស្គាល់ភាពរលូននិងល្អូកល្អឺន
ដរាបណាស្ថានទូតសហរដ្ឋអាមេរិកឈប់ប្រើប្រាស់គេហទំព័ររបស់ស្ថានទូត
មកធ្វើជាទីលានផ្ញើសារដែលមានគោលដៅវាយប្រហារមកលើកម្ពុជា ដែលជាម្ចាស់ផ្ទះ
ហើយងាកមកប្រើប្រាស់ទំនាក់ទំនងការទូតដើម្បីដោះស្រាយបញ្ហាជាមួយគ្នាវិញ។
កន្លងទៅនេះ ស្ថានទូតអាមេរិកតែងប្រើប្រាស់គេហទំព័ររបស់ស្ថានទូត
ដើម្បីបង្កអរិយភាពជាមួយរដ្ឋាភិបាលជាម្ចាស់ផ្ទះ
ហើយខ្ញុំនៅចាំបានច្បាស់ថាសូម្បីតែក្នុងកំឡុង
ពេលដែលឯកអគ្គរដ្ឋទូតចាស់ផុតអាណត្តិ
និងមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីចូលមកជំនួសក៏ដោយ
ពោលគឺក្នុងពេលមិនទាន់មានឯកអគ្គរដ្ឋទូតបំពេញការងារផង
ក៏ស្ថានទូតអាមេរិកហ៊ានបំពានសន្ធិសញ្ញាអន្តរជាតិទីក្រុងវីយែនដោយបានបញ្ចេញព័ត៌មានតាមគេហទំព័ររបស់ស្ថានទូត
ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ខ្ញុំពិតជាឆ្ងល់ណាស់ថា
តើស្ថានទូតនៃប្រទេសមហាអំណាចមួយទាំងមូលអាចធ្វើរឿងបែបនេះទៅរួច? ចំពោះចំណុចនេះ
ខ្ញុំក៏សង្ឃឹមថា លោក Murphy
ប្រាកដជាយល់ច្បាស់និងជៀសវាងមិនឲ្យកើតមានឡើយនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។
គ/ ទំនាក់ទំនងកម្ពុជា អាមេរិក អាចល្អទៅបានទាល់តែស្ថានទូតអាមេរិក
ឬក៏រូបលោកឯកអគ្គរដ្ឋទូតផ្ទាល់បំពេញការងារ ដោយមិនលម្អៀង ហើយបើនិយាយឲ្យចំ
គឺគប្បីឈប់ធ្វើជាខ្នងបង្អែកឲ្យក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់នៅកម្ពុជា។
កន្លងទៅនេះ ភាពល្អក់កករ រវាងប្រទេសទាំងពីរ
បានកើតឡើងជាញឹកញាប់ដោយសារតែមន្ត្រីស្ថានទូត
ឬឯកអគ្គរដ្ឋទូតអាមេរិកតែងតែនិយាយនិងដើរបង្ហាញអោយគេយល់និងមើលឃើញថា
ខ្លួនមានតួនាទីជាខ្នងបង្អែករបស់ក្រុមប្រឆាំងដែលធ្វើឲ្យអ្នកទាំងអស់នោះឡើងចាង
បូសឃ្លៀក
និងបានចិត្តបំពានច្បាប់ហើយហ៊ានក្រឡុកកកូរសភាពការណ៍ផ្ទៃក្នុងកម្ពុជាតាមក្បាលចិត្ត។
តាមខ្ញុំយល់
រដ្ឋាភិបាលភ្នំពេញមិនបានកោតខ្លាចឥទ្ធិពលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងនោះឡើយ
ប៉ុន្តែ ភាពលម្អៀងរបស់ស្ថានទូតអាមេរិកបានត្រឹមបង្កអរិយភាព
រវាងប្រទេសទាំងពីរតែប៉ុណ្ណោះដោយមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ
ពីព្រោះនៅទីបំផុត
បញ្ហាកម្ពុជានឹងត្រូវតែដោះស្រាយដោយកម្ពុជាខ្លួនឯងដោយឈរលើច្បាប់របស់កម្ពុជាតែដដែលទេ។
ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy នឹងយល់អំពីបញ្ហានេះ
ហើយជៀសវាងកុំឲ្យស្ថានភាពដដែលៗនេះកើតមានទៀតឡើយ។
ឃ/
កម្ពុជាគឺជាប្រទេសតូចមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារណាស់។
ដូច្នេះពេលនេះ កម្ពុជាត្រូវការសុខសន្តិភាព
និងត្រូវការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់បណ្តាប្រទេសនៅលើលោក។
ហេតុដូច្នេះហើយបានជារដ្ឋធម្មនុញ្ញកម្ពុជាប្រកាន់យកគោលការណ៍អព្យាក្រឹត្យ
មិនចូលបក្សសម្ព័ន្ធ
ជាពិសេសមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។
កម្ពុជាគ្មានចេតនាអ្វីទាំងអស់ចង់ទៅរករឿងជាមួយប្រទេសណាឡើយពោលគឺកម្ពុជា
សុំតែម៉ាសុខតែប៉ុណ្ណោះ
តែគឺជាសេចក្តីសុខដែលមិនស្ថិតក្រោមការដាក់សម្ពាធសង្កត់សង្កិន
ឬសេចក្តីសុខតាមបែបអាយ៉ងរបស់ប្រទេសណាមួយនោះឡើយ។ សេចក្តីសុខដែលកម្ពុជា
និងប្រជាពលរដ្ឋនៃប្រទេសនេះត្រូវការគឺជាសេចក្តីសុខ សន្តិភាព
និងការអភិវឌ្ឍន៍ក្នុងដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។
នេះគឺជាសេចក្តីប្រាថ្នាដ៏តិចតួចដែលមិនបាន បៀតបៀនអ្នកណា ហើយជាសេចក្តីសុខ
ដែលគួរតែកម្ពុជាទទួលបាន។ ខ្ញុំក៍សង្ឃឹមថា លោកMurphy
នឹងយល់អំពីបញ្ហានេះហើយមិនព្យាយាមរំខានបំផ្លាញដល់ប្រទេសដ៏តូចនិងដ៏កំសត់មួយនេះឡើយ។
សរុបទៅ បាល់ស្ថិតនៅក្នុងជើងរបស់ភាគីអាមេរិកនិយាយជារួម
និងនិយាយដោយឡែកគឺស្ថិតនៅក្នុងជើងរបស់លោកឯកអគ្គរដ្ឋទូតហើយ។ សូមលោក
លេងតាមសប្បាយចុះ។ អ្វីដែលប្រជាជនកម្ពុជាចង់បាន
គឺសុំឲ្យការលេងនោះគោរពតាមលក្ខខណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
កម្ពុជាមិនចង់ឃើញគេលេងខូចហើយធ្វើបាបខ្លួននោះឡើយ។ ខ្ញុំសុំតែប៉ុណ្ណឹង
គឺសុំអោយលោកអគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាដោយមានពណ៌បេះដូងថ្មី។ តើបានទេ
លោកទូត?
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ
No comments:
Post a Comment