Tuesday, August 06, 2019

ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហាខាងមុខនេះ

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០​១៩។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះប​រមរាជវាំង និងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី​នៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សាសំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់​ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយ​បារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកប្រធានាធិបតី ​នឹងអញ្ជើញទៅកាន់​វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូន​ដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក លោក នឹងអញ្ជើញចូលរួមក្នុង​ពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួល​អំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីឯកឧត្តមប្រធានាធិបតី។ ជាមួយគ្នានេះដែរ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិក​គណៈ​ប្រតិភូ ក៏នឹង​អញ្ជើញទៅទស្សនា​ប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។
សូមបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់​លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ី​សេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការ​ពង្រឹងចំណងមិត្តភាព និង​ពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា​និងស្រីលង្កា៕






No comments:

Post a Comment