Sunday, July 08, 2018

ថ្ងៃស្អែកនេះ ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» នៅខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃច័ន្ទទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ព្រះរាជពិធី «រុក្ខទិវា» នឹងត្រូវបានប្រារព្ធឡើង នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ​ ព្រះរាជពិធីនេះ ក៏នឹងមានការយាង និងអញ្ជើញចូលរួមផងដែរពីសំណាក់ លោក​ លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិមួយចំនួនរស់នៅជិតតំបន់នោះផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់​ថ្នាក់ បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មេត្តាចូលរួមដាំឈើ ថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃរបស់ដូនតាយើង ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗទៀត តរៀងទៅ៕







No comments:

Post a Comment