Sunday, July 08, 2018

ខេត្តកំពតបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពុជា

កំពត៖ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃដំបូងនៃការចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល២១ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានចាត់តាំងធ្វើសកម្មភាពយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅគ្រប់បណ្ដាក្រុង ស្រុក និងរហូតដល់មូលដ្ឋានក្នុងខេត្តកំពត ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ៤២,០០០នាក់។
នៅឯរង្វល់មូលធូរេនក្រុងកំពត គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំចាត់តាំងប្រមូលផ្ដុំសមាជិក សមាជិកា មកពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមវត្តមានពីសំណាក់ លោក ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត និងលោក ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំង លោក លោកស្រី ជាបេក្ខភាព តំណាងរាស្ត្រនៃគណបក្សប្រជាជនក្នុងមណ្ឌលកំពតផងដែរ។
នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឈូក បានប្រមូលផ្តុំសមាជិក សមាជិកា មកពីបណ្តាស្រុកឈូក ស្រុកដងទង់ ស្រុកជុំគិរី ដែលដឹកនាំដោយ លោក ចាយ សាំងយុន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយស្រុកឈូក លោក អ៊ុង សំខាន់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយស្រុកដងទង់ និងលោក នឹម ច័ន្ទតារា អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានក្រុមការងារចុះជួយស្រុកជុំគិរី។ សម្រាប់ទីតាំងស្រុកបន្ទាយមាស សមាជិក សមាជិកា មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាសផងដែរ។
អង្គពិធីបន្ទាប់ពីបានប្រមូលផ្ដុំសមាជិក សមាជិកា ទស្សនាស្ដាប់ការផ្សាយបន្តផ្ទាល់នូវសន្ទរកថាប្រសាសន៍ដើមទាំងស្រុងនៃការចាប់ផ្ដើមបើកយុទ្ធការឃោសនាបោះឆ្នោតដំបូងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែល ផ្សាយផ្ទាល់ពីមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៨រួចមក លោក ប៉ែន ស៊ីម៉ន ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជានៅក្នុងទូទាំងប្រទេស ពិសេសនៅក្នុង ខេត្តកំពតទាំងមូល ដែលតែងតែបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តគាំទ្រដល់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិគ្រប់អាណត្តិដើម្បីបន្តថែរក្សាការពារ សុខសន្តិភាព និងអភិវឌ្ឍ ប្រទេសជាតិបានកាន់តែរីកចម្រើនបន្ថែមទៀត។
អង្គពិធី ក៏បានចាប់ផ្ដើមចេញក្បួនដង្ហែ ដែលមានរថយន្ត និងម៉ូតូ រាប់រយគ្រឿងឆ្លងកាត់ សង្កាត់ និងឃុំមួយចំនួនក្នុងក្រុងកំពត និងបណ្តាស្រុកទាំង៧នៃខេត្តកំពតយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា សម្រាប់មណ្ឌលកំពតនៅក្នុងអាណត្តិទី៦នេះ មានអាសនៈអ្នកតំណាងរាស្ត្រចំនួន៦អាសនៈដូចអណត្តិមុនៗដែរ និងមានគណបក្សនយោបាយ ចូលរួមបោះឆ្នោតចំនួន១៦គណបក្ស៕










No comments:

Post a Comment