Thursday, January 18, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងសារជាថ្មីថាការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋភានឹងដំណើរការដូចការគ្រោងទុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ ដែលថា​ការបោះឆ្នោត​នឹងមិនអាចធ្វើទៅបានប្រសិនបើមានភាពច្របូកច្របល់ ដែលលោកបានចាត់ទុកការផ្សាយនេះថា គ្មានការចេះដឹងទាល់តែសោះ។ លោកបានអះអាងថាការបោះឆ្នោតនឹងដំណើរការទៅមុខដូចការគ្រោងទុក។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្ស​ព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតនៅកម្ពុជា ទាំង​ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នៅតែបន្តទៅតាមកាលបរិច្ឆេទ​ ដូចការគ្រោងទុក គ្មានការប្រែប្រួលទោះមានរឿងអ្វីកើតឡើងក៏ដោយ។ លោកបន្ថែមថា ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ មិនត្រូវបានផ្លាស់ប្ដូរទេ គឺការបោះឆ្នោតនេះត្រូវបន្ដ និងជិតឈានដល់ដំ​ណាក់កាលនៃយុទ្ធនាការបោះឆ្នោតជ្រើសរើស​សមាជិកព្រឹទ្ធសភាហើយ ឯការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឬការបោះឆ្នោតជ្រើ​សរើសសមាជិកសភា ក៏នឹងត្រូវបន្ដធ្វើតាមការគ្រោងទុកគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើឱ្យខាងតែបាន។



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការកំណត់ច្បា​ស់លាស់មួយស្ដីពី​សភា មាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ ​លើកលែងតែរដ្ឋាភិបាលត្រូវរំលាយ២ដង ក្នុងរយៈពេល១២ខែ មានន័យថា ការបោះឆ្នោតនៅកម្ពុជាគឺមិនប្រគល់សិទ្ធិនោះ ទៅឱ្យនាយករដ្ឋមន្ដ្រី ដូចប្រទេសនានាទេ ក៏មិនថ្វាយទៅព្រះមហាក្ស​ត្រ ហើយក៏មិនឱ្យសភាខ្លួនឯងដែរ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រំលាយ ត្រូវរំលាយរដ្ឋាភិបាល២ដង។



គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់) ហើ​យការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិ​ភាគផងដែរ»៕​







No comments:

Post a Comment