Thursday, January 18, 2018

ប្រតិទិននៃការបោះឆ្នោតដ៏មមាញឹករបស់អាស៊ាន

តើយើងគួរគិតលើអ្វីខ្លះសម្រាប់អាស៊ាននៅឆ្នាំ ២០១៨ នេះ? លើវិស័យសេដ្ឋកិច្ច រូបភាពទាំងអស់នៅតែមិនច្បាស់លាស់ បើទោះបីជាកំណើននៃការនាំចេញ ទំនងជាបន្តកើតមានឡើង ដោយសារកំណើនតម្រូវការរបស់ពិភពលោកក៏ដោយ។ ក៏ប៉ុន្តែ អ្វីដែលច្បាស់នោះ គឺនយោបាយក្នុងស្រុកគឺថា នឹងទំនងជាមានឥទ្ធិពលលើបញ្ហាសំខាន់ៗទាំងអស់នេះ។

កាលវិភាគនៃការបោះឆ្នោតសម្រាប់អាស៊ានគឺមានភាពមមាញឹកខ្លាំងនៅក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដោយចាប់ផ្តើមចេញពីការបោះឆ្នោតនៅកម្ពុជានៅខែកក្កដា និងការបោះឆ្នោតព្រឹទ្ធសភាមួយខែក្រោយមក។ នាយករដ្ឋមន្រ្តីដែលកាន់តំណែងជាយូរមកហើយ លោក ហ៊ុន សែន បានបង្រ្កាបគណបក្សប្រឆាំង ដោយការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងរបស់កម្ពុជា CNRP ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ កត្តានេះបង្កការព្រួយបារម្ភថា កម្ពុជាកំពុងឆ្ពោះទៅរកផ្តាច់ការ។

ពិតប្រាកដ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនដែលមានភាពសេរី និងបើកចំហទូលំទូលាយទេ។ អ្នកមួយចំនួននិយាយថា ការបង្រ្កាបដែលមិនធ្លាប់មាននេះ គឺដើម្បីឆ្លើយតបទៅនឹងការស្ទង់មតិមួយដែលបង្ហាញថា គណបក្សកាន់អំណាចរបស់កម្ពុជា CPP នឹងចាញ់ CNRP នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ បុរសខ្លាំងរបស់កម្ពុជា​ទន្ទឹមនឹងនោះដែរបានរីករាយទៅនឹងការគាំទ្រពីប្រទេសចិន ក៏ប៉ុន្តែវាធ្វើឱ្យខូចទំនាក់ទំនងជាមួយអាមេរិក និងសហភាពអឺរ៉ុប។

សមាជិកព្រឹទ្ធសភាអាមេរិកលោក Ted Cruz បានចោទប្រកាន់លោក ហ៊ុន សែន​ ថា “កំពុងធ្វើឱ្យខូចខាតដល់អនាគតនៃទំនាក់ទំនង កម្ពុជា-អាមេរិក និងលទ្ធិប្រជាធិបតយេ្យនៅកម្ពុជា”។ សហភាពអឺរ៉ុបបានលុបចោលជំនួយ ៨ លានដុល្លារសម្រាប់ការបោះឆ្នោតរបស់កម្ពុជា ក៏ប៉ុន្តែ ចំនួននេះ វាតិចតួចណាស់ បើធៀបទៅនឹងជំនួយរាប់រយលានដុល្លារពីរដ្ឋាភិបាលទីក្រុងប៉េកាំង។

នៅម៉ាឡេស៊ី ការបោះឆ្នោតនឹងធ្វើឡើងនៅខែសីហា។ ការស្ទង់មតិបានលើកឡើងថា គណបក្សក្នុងរដ្ឋាភិបាលចម្រុះ ​Barisan Nasional (BN) អាចបាត់បង់ការគាំទ្រមួយចំនួន ក៏ប៉ុន្តែ ប្រធានបក្ស BN លោក Najib Razak ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ២០០៩ មក នឹងទំនងជាប្រឈមទៅនឹងការបែកបាក់ជាមួយគណបក្សប្រឆាំងមួយនេះ ក៏ប៉ុន្តែនៅតែទំនងជាអាចធានាបានអាសនៈភាគច្រើនដដែ។

បើទោះបីជាមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិចំពោះរឿងអាស្រូវនៃក្រុមហ៊ុនអភិវឌ្ឍន៍យុទ្ធសាស្រ្តម៉ាឡេស៊ី 1Malaysia Development Berhad (1MDB) ដែលពាក់ព័ន្ធនឹងប្រាក់រាប់រយលានដុល្លារថា បានកេញជាផលប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ក៏លោក Najib នៅតែទទួលបានផលប្រយោជន៍ពីក្បាលម៉ាស៊ីនបរិបាលកិច្ចនៃគណបក្ស Umno ដែរ។ វត្តមាននៃអតីតនាយករដ្ឋមន្រ្តី លោក Mahathir Mohamad ធ្វើជាមេដឹកនាំគណបក្សប្រឆាំងនោះ អាចមិនគ្រប់គ្រាន់ដើម្បីបំបែកកណ្តាប់ដៃរបស់ Mmno ទេ។ លោក Mahathir បច្ចុប្បន្នមានអាយុ ៩២ ឆ្នាំ​ហើយ។

នៅប្រទេសថៃ ការបោះឆ្នោតត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំនេះ។ ប្រសិន បើ ឬនៅពេលដែលការបោះឆ្នោតត្រូវបានធ្វើឡើង ក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួនអាចនឹងវិលត្រឡប់មកធ្វើការវិនិយោគឡើងវិញ។

ទន្ទឹមនឹងនោះដែរ ប្រជាជនជា ១៣០ លាននាក់ នៅឥណ្ឌូនេស៊ី នឹងធ្វើការបោះឆ្នោតក្នុងតំបន់នៅខែមិថុនា ដែលការបោះឆ្នោតនេះ គឺជាការវាយតម្លៃមួយសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែមេសាឆ្នាំក្រោយ។ ការបោះឆ្នោតនេះត្រូវបានគេរំពឹងថា ជាការសាកល្បងកម្លាំង និងអំណាចទល់នឹងអតីតឧត្តមសេនីយ៍ Prabowo។ អ្នកវិនិយោគ មានការព្រួយបារម្ភខ្លាំងអំពីលទ្ធិភាពនៃហានិភ័យក្នុងការបន្តគោលនយោបាយ ខណៈដែលគូប្រជែងរបស់លោក Widodo បានរិះគន់គោលនយោបាយសេដ្ឋកិច្ចរបស់គាត់ ដូចជាការស្វាគមន៍ការវិនិយោគរបស់ចិនជាដើម។

សំឡឹងទៅឆ្នាំ ២០១៩ ការបោះឆ្នោតនៅខែឧសភាគឺជាការបោះឆ្នោតសាកល្បងសម្រាប់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។ ការប្រឈមរបស់លោក Duterte គឺមានកម្រិតខ្ពស់ ខណៈដែលពាក់កណ្តាលនៃសមាជិកព្រឹទ្ធសភារបស់ហ្វីលីពីននឹងធ្វើការបោះឆ្នោតសម្រេចថា តើអាចបន្តការងារ ឬយ៉ាងណានោះ។ ខណៈដែលក្រុមការងាររបស់នាយករដ្ឋមន្រ្តីបានធ្វើការអភិវឌ្ឍន៍លើកំណែទម្រង់មួយចំនួន​នោះ ការងារជាច្រើននៅត្រូវរង់ចាំធ្វើ ជាពិសេស ការធ្វើសេរីភាវូបនីយកម្មលើការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ហ្វីលីពីនហាក់ដូចធ្វើដំណើរយឺតទាក់ទិននឹង FDI ក៏ការជំរុញឆ្ពោះទៅរកកំណែទម្រង់មិត្តភាពគឺ ”ទាមទារឱ្យទុននយោបាយជាសំខាន់”។

កុំភ្លេចប្រទេសភូមា ដែលនយោបាយក្នុងស្រុកកំពុងមានភាពចម្រូងចម្រាស។ បើទោះបី ជាភូមាមានការអភិវឌ្ឍន៍សេដ្ឋកិច្ចចេញពីចំណុចទាបបំផុតក៏ដោយ ក៏ភូមាបានក្លាយទៅជាប្រទេសមួយដែលពាក់ព័ន្ធទៅនឹងការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិច Rohingya នៅរដ្ឋ Rakhine។ ដោយមានបញ្ហានយោបាយក្នុងស្រុក លោកស្រី Aung San Suu Kyi ហាក់ដូចជាមានភាពមមាញឹកខ្លាំងណាស់ក្នុងការជំរុញគោលនយោបាយសេដ្ឋកិច្ចចម្បងៗឆ្ពោះទៅមុខ។

នយោបាយអាចជាសន្លឹកបៀរ៍របស់លោក Trump នៅឆ្នាំ ២០១៨ នេះ។ អ្នកវិនិយោគគួរកត់សម្គាល់ ថាការកើនឡើងរយៈពេលខ្លីចេញពីការបោះឆ្នោតមាននិន្នាការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច៕

ប្រភព : Bangkok Post ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨

No comments:

Post a Comment