Thursday, January 18, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កត្តាសុខសនិ្តភាពធ្វើឱ្យកម្ពុជាកាន់តែមានឱកាស និងលទ្ធភាពខ្ពស់គិតគូរបន្ថែមលើការងារលើកកម្ពស់សុខុមាលភាពសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងស្មារតីនៃកំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍនៃសង្គមជាតិ កត្តាសុខសនិ្តភាពបានធ្វើឱ្យរាជរដ្ឋាភិបាលកាន់តែមានឱកាស និងលទ្ធភាពខ្ពស់ ចាប់ផ្តើមគិតគូរបន្ថែមលើការងារលើកកម្ពស់សុខុមាលភាពសង្គម ពិសេសការងារថែទាំមនុស្សចាស់ដើម្បីធ្វើឱ្យសង្គមខ្មែរកាន់តែមានយន្តការពេញលេញ ប្រទាក់ក្រឡា និងមានប្រព័ន្ធគាំពារសង្គមកាន់តែរឹងមាំដើម្បីរួមចំណែកធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្នព្រមទាំងស័ក្តិសមជាសង្គមមួយដែលឱ្យតម្លៃលើកតញ្ញុតាផងដែរ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណជា៧,៧% ក្នុងមួយឆ្នាំ ហើយក៏សម្រេចបាននូវវឌ្ឍនភាពខ្ពស់ក្នុងការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ។ នេះជាដំណាក់កាលដ៏ល្អប្រសើរក្នុងស្មារតីសាមគ្គីជាតិ និងក្នុងខណៈដែលកម្ពុជាកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោកដែលធ្វើឱ្យកម្ពុជាមានឱកាសកាន់តែច្រើន និងបោះជំហានទៅមុខឆ្ពោះទៅរកការរីកចម្រើនរបស់ប្រជាជាតិខ្មែរយើងទាំងមូល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការធានារក្សាបាននូវសនិ្តភាព, សិ្ថរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលថ្មីៗទៀត ទាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនបានយ៉ាងល្អប្រសើរ៕





No comments:

Post a Comment