Thursday, January 18, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថានឹងគ្មានការលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខនោះឡើយ

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងគ្មានការលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខនោះឡើយ។ លោកបានលើកឡើងដូចនេះជាការឆ្លើយតបចំពោះកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះផ្សាយថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងពន្យាពេលការបោះឆ្នោតប្រសិនបើមានស្ថានភាពច្របូកច្របល់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ព្រឹកនេះ ខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណងជើងថា (លោកនាយករដ្ឋមន្ត្រីថាការបោះឆ្នោតអាចធ្វើមិនបានបើមានការច្របូកច្របល់) ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថាខ្ញុំនឹងលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខ»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយមិនបាច់បកស្រាយច្រើន លោកគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីសង្ឃឹមជឿជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់លោកឱ្យបានច្បាស់ និងមានការចេះដឹងច្រើនជាងនេះរាប់ទាំងក្រុមអ្នកវិភាគផងដែរ៕



No comments:

Post a Comment