Thursday, January 18, 2018

អ្នកវិភាគចៅ ចាក់ស្មុក លើកឡើងថា សម រង្ស៊ី ជាអ្នកនយោបាយទាល់ច្រក

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងទំព័រហ្វេសប៊ុកចៅ ចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «សម រង្ស៊ី អ្នកនយោបាយទាល់ច្រក» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

មួយជីវិតនយោបាយរបស់សម រង្ស៊ី មិនខុសពីខ្មោចឪខ្លួនឡើយគឺស្លាប់ដោយយកទៅជាមួយនូវកេរ្តិ៍ឈ្មោះអសោចជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ ប៉ុន្មានថ្ងៃមកនេះ ទណ្ឌិត សម រង្ស៊ី ដែលរួតរឹតដោយបណ្តឹងផ្លូវច្បា​ប់បានលាប់នឹងជំងឺតួឯករបស់ខ្លួនឡើងវិញ ក្រោយពីដឹងថាមនុស្សម្នាលែងបានលើកតម្កើងកឹម សុខា ជាប្រធានបក្ស និងលែងនឹកនាឈ្មោះរបស់ខ្លួនតទៅទៀតនិងទុកឱ្យខ្ចាត់ព្រាត់ទៅឱ្យឆ្ងាយពីកម្ពុជា ដោយបានចេញមុខបង្កើតចលនាសង្គ្រោះជាតិមួយឡើងដោយមានអេង ឆៃអ៊ាង មូរ សុខហួរ និងជូឡុង សូមួរ៉ា ប្រពន្ធរបស់ខ្លួនធ្វើ ជាសមាជិក។ ចលនាសង្គ្រោះជាតិដឹកនាំដោយសម រង្ស៊ី បានយក កឹម សុខា ធ្វើជាជំនួញនយោបាយដើម្បីឈានទៅប្រមូលកម្លាំង និងឡើងក្តោបក្តាប់អំណាចជាប្រធានបក្សប្រឆាំងសាជាថ្មី។

នេះគឺជាមហិច្ឆតាដ៏ធំរបស់ទណ្ឌិត សម រង្ស៊ី ដែលគេដឹងថាពិតជាបានខក ចិត្តនឹងកឹមសុខា ដែលបណ្តោយឱ្យបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយទង្វើក្បត់ជាតិ របស់ខ្លួន និងក្តៅក្រហល់ក្រហាយ នឹងទង្វើមិនគោរពចាស់ទុំនយោបាយរបស់កូនស្រីកឹម សុខា ដែលបានយកឈ្មោះគណបក្សសង្គ្រោះជាតិទៅធ្វើជាបាយឡុកបាយឡលេងសើចជាមួយអ្នកនយោបាយបរទេសមួយចំនួន។

​ចរិតនយោបាយបំផ្លាញជាតិ និងក្បត់ជាតិរបស់ សម រង្ស៊ី ដែលមានតពូជពីឪពុករបស់ខ្លួនមកនេះបានធ្វើឱ្យអ្នកនយោបាយបរាជ័យរហូតនេះហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីបំពេញមហិច្ឆតាអំ​ណាចរបស់ខ្លួន ខណៈជីវិតនយោបាយ សម រង្ស៊ី ត្រូវបានគេមើលឃើញថាបានបញ្ចប់ជាស្ថា​ពរក្រោយពីបានសម្រេចចិត្តលាលែងចេញពីប្រធានគណបក្សសង្គ្រោះជាតិ និងសម្រេចចិត្តរត់ចោលស្រុកគេចពីទោសទណ្ឌដែលខ្លួនបានប្រព្រឹត្ត។ សម រង្ស៊ី នៅតែចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ជានិច្ច ហើយការបង្កើតចលនាសង្គ្រោះជាតិ នេះក្រៅពីចង់ឡើងគ្រប់គ្រងតំណែងជាប្រ​ធានបក្សប្រឆាំងវិញ ជនក្បត់ជាតិមួយនេះបានរៀបចំចលនាតស៊ូមួយជាចំហ និងបានអំពាវនាវឱ្យមានការរៀបចំទៅជារណសិរ្សដើម្បីប្រមូលកម្លាំងធ្វើបដិវត្តន៍ជាថ្មីដោយប្រើប្រាស់ពណ៌ផង និងប្រើកម្លាំងបាតុកម្មតវ៉ាផង។ មិនអស់ចិត្ត សម រង្ស៊ី ថែមទាំងយកជាតិនិងប្រជាជនកម្ពុជាទាំងមូលមកធ្វើជាចំណាប់ខ្មាំងរបស់ខ្លួនទៀត ដោយបានបង្ហោះសារនៅលើគណនីធ្វីតទ័រខ្លួនថា «ត្រូវតែព្យួរការបោះឆ្នោតខាងមុខ រហូតដល់មានការធានាថា ដំណើរការបោះឆ្នោតគោរពតាមស្តង់ដារអន្តរជាតិ។ ធ្វើដូច្នេះដើម្បីជៀសផុតពីអំពើហិង្សា និងក្លាយជារដ្ឋដែលប្រ​ឈមមុខនឹងភាព​ឯកោ ឬទទួលទណ្ឌកម្ម»

មានសែស្រឡាយជាជនក្បត់ជាតិ ភាសាទាំងនេះសម រង្ស៊ី មិនញញើតក្នុងការនិយាយឡើយ ហើយមិនញញើតក្នុងការយកកម្ពុជាមកធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួនដែរ។ សម រង្ស៊ី ហ៊ានយកសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជាមានមកគំរាមកំហែងបំផ្លិចបំផ្លាញដោយអំពើហិង្សា។ មានជាតិជាជនបំផ្លាញជាតិ សម រង្ស៊ី មិនខ្លាច នឹងឱនក្បាលអង្វរបរទេសឱ្យបំផ្លា​ញផលប្រយោជន៍ជាតិឡើយ។ តាមពិតអ្វីដែល សម រង្ស៊ី ព្រមាន គំរាមកំហែងសព្វបែបយ៉ាងមកលើសេចក្តីសុខរបស់ប្រជាជនកម្ពុជាគឺគ្រាន់តែជាការស្រម៉ៃក្នុងក្តីអស់សង្ឃឹមប៉ុ​ណ្ណោះ​។ ជីវិតនយោបាយរបស់ខ្លួនបានធ្លាក់ចូលក្នុងជ្រោះមរណៈបាត់ទៅហើយ វ័យក៏កាន់តែចាស់ឱកាសវិលចូលក្នុងស្រុកក៏បាត់អស់ព្រោះ ជាប់ជំពាក់នឹងគុកច្រវ៉ាក់ ហើយឱកាសក្នុងការវិលចូល ក្នុងឆាកនយោបាយខ្មែរក៏បាត់ ថែមទៀតព្រោះអង្គការចាត់តាំងបដិវត្តន៍ពណ៌របស់ខ្លួនប៉ុនប៉ងផ្តួល​រំលំរដ្ឋាភិបាលស្រប ច្បាប់ត្រូវបានកម្ទេច។ សាកគិតស្រម៉ៃទៅមើលតើសម រង្ស៊ី នៅពេលនេះមានអារម្មណ៍ ស្មូគស្មាញយ៉ាងណាវិលវល់យ៉ាងណា?ធុញថប់អារម្មណ៍យ៉ាងណា?

គេមិនគួរនឹងប្រកាន់សម រង្ស៊ី ដែលក្នុងចិត្តក្នុងអារម្មណ៍របស់ខ្លួនពោរពេញដោយការសងសឹក ខូចចិត្តនិងមានបញ្ហាផ្លូវអារម្មណ៍នោះទេ។ សម រង្ស៊ី ពេលនេះខិតខំក្នុងការស្តារមុខមាត់ឡើងវិញ សង្គ្រោះជីវិតនយោបាយខ្លួននិងបក្ខពួកខ្លួនឡើងវិញ។ ហេតុដូច្នេះ សម រង្ស៊ី ត្រូវខំប្រឹងជាចុងក្រោយ ទោះបីដឹងថាចលនាសង្គ្រោះជាតិដែលបង្កើតឡើងនេះ ខុសច្បាប់ក៏ខំប្រឹង ទោះដឹង​ថាក្រុម កឹម សុខា ប្រឆាំងក៏ខំមានៈ ទោះជាមានចលនាគាំទ្រ អតីតបក្សសង្គ្រោះជាតិជំ​ទា​ស់ក៏សមរង្ស៊ីនិងគូកនធ្វើមុខក្រាស់ដើម្បីកសាងកម្លាំងនយោបាយឡើងវិញក្រោមរូបភាពជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងដោះលែង កឹម សុខា ឱ្យចេញពីគុក។ នេះគ្រាន់តែជាមធ្យោបាយប្រើប្រាស់នៅពេលមនុស្សទាល់ច្រកតែប៉ុណ្ណោះ ព្រោះដូចដែលប្រជាពលរដ្ឋខ្មែរតែងតែលើកហើយថា «ពេលឆ្កែ ទ័លច្រក សូម្បីតែម្ចាស់ ក៏វាខាំដែរ!»។ សម រង្ស៊ី ក៏ដូចគ្នាដែរ! ពលរដ្ឋខ្មែរនឹងរង់ចាំមើល ថាតើចលនាឧទ្ទាមខុសច្បាប់ដែល សម រង្ស៊ី និងគូកនរបស់ខ្លួនប៉ុន្មានដំបរស្វាបង្កើតឡើងមកនេះនឹងមានអាយុប៉ុន្មាន បើការជំទាស់ប្រឆាំងមានគ្រប់ទិសដូច្នេះ?

ទោះបីជាពេលនេះ សម រង្ស៊ី គ្រាន់តែជាមនុស្សទ័លច្រកម្នាក់ និងជាមនុស្សដែលគេសង្ស័យថាមានបញ្ញាស្មារតីមិននឹងនរដោយសារតែវិបត្តិផ្លូវចិត្តចាញ់ការបោះឆ្នោត ជាច្រើនអាណត្តិ និងវក់វីនឹងផែនការបំផ្លាញជាតិក៏ដោយ ប៉ុន្តែក្រុមជនប្រភេទនេះមិនគួរបណ្តោយឱ្យបន្តយកជាតិ និងប្រជាជនកម្ពុជាធ្វើជាចំណាប់ខ្មាំង និងដាក់ការគំរាមកំ ហែងសព្វបែបយ៉ាងឡើយ។ វិធានការច្បាប់ត្រូវអនុវត្តប្រឆាំងនឹងជនជំពូកនេះ ដោយមិនអាចអត់ឱនឱ្យបានឡើយ ហើយ សម រង្ស៊ី និងគូកនក៏គួរដឹងជាមុនថា រាល់ពាក្យនីមួយៗរាល់សកម្មភាពនីមួយៗរបស់ខ្លួនដែលបានគំរាមកំហែងមកលើជាតិនិងប្រជាជនកម្ពុជាត្រូវបានប្រជាជនដឹងថាជាទង្វើក្បត់ជាតិ និងជាទង្វើល្មើសច្បាប់។ នៅក្នុងការអនុវត្តជាក់ស្តែង ប្រសិនបើឆ្កែនោះទាល់ច្រកងាកមកខាំម្ចាស់វិញ ម្ចាស់ពិតជាប្រើធម៌ក្តៅ ព្រមានសត្វឆ្កែនោះជាមិនខានឡើយដើម្បីកុំឱ្យឡើងចាងខ្លាំងពេក!៕

ដោយ ចៅចាក់ស្មុក
ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨






No comments:

Post a Comment