Thursday, January 18, 2018

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំង្ងឺ ជូនប្រជាពលរដ្ឋ នៅឃុំគគីរ ស្រុករមាសហែក

ស្វាយរៀង៖ យោងតាមអនុសាសន៍របស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង លោក កែរ រដ្ឋា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាល បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក ក្នុងបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការពិនិត្យព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន២៧នាក់ ដោយបានពិនិត្យ ព្យាបាលជម្ងឺទូទៅ កុមារ ជម្ងឺរមាស់ សើស្បែក សរុប៤១៦នាក់ ស្រី២៩៣នាក់។ ចំពោះឱសថមួយចំនួនបានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀត ទទួលបានពីការឧបត្ថម្ភរបស់ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។

លោក កែរ រដ្ឋា បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក។ លោក កែរ រដ្ឋា បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ ៕






No comments:

Post a Comment