បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការ អន្តរជាតិលើកទី៣៥ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ជនពិការ ឲ្យមានភាពក្លាហានបន្ថែមទៀត ជម្នះរាល់ឧបស័គ្គក្នុងសង្គម ជាពិសេសចង់ឲ្យសាធារណជនចូលរួមលុបបំបាត់សង្គមរើសអើងលើជនពិការ។
ទិវាជនពិការ ៣ ធ្នូ ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោម ប្រធានបទ «ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា » ដោយមានការអញ្ជើញចូលរួមពីជនពិការជិត ៣០០នាក់ នៅស្រុកភ្នំស្រុក។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីលោក អ៊ុ រាត្រី អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឲ្យសិទ្ធិរបស់ជនពិការត្រូវបានទទួលស្គាល់ជាលំដាប់ ហើយក៏កាត់បន្ថយបានច្រើននូវការរើសអើងពីសង្គម។
លើសពីនោះ លោក អ៊ុ រាត្រី ក៏បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់មន្រ្តីពាក់ព័ន្ធក្នុងខេត្ត និងសាធារណជនឲ្យចូលរួមគោរពសិទ្ធិរបស់ជនពិការ បញ្ឈប់ការរើសអើង និងបង្កលក្ខណៈងាយស្រួលដល់ជនពិការផងដែរ៕
No comments:
Post a Comment