Thursday, June 16, 2016

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីមួយ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធអគារសិក្សាថ្មីមួយ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ អគារ​​​សិក្សាថ្មីទី៣នេះ ត្រូវបានដាក់សម្ពោធទន្ទឹមគ្នា នឹងកម្មវិធីខួបទី៧០ នៃថ្ងៃ​បង្កើត​សាក​ល​វិទ្យា​ល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» មិថុនា ១៩៤៦ - មិថុនា ២០១៦។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស​សម្រេចឲ្យ​សិស្ស​ប្រឡង​ជាប់​​បម្រុងទាំង ៩៩នាក់ អាចចូលរៀនក្នុងសាកលវិទ្យាល័យសុខាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបញ្ចុះតម្លៃទិញពាក្យប្រឡងចូលរៀនពេទ្យ ពី៦០​ម៉ឺន​រៀល មកនៅត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីសម្តេចលេង Facebook មកសម្តេច​ទទួល​បានសំណូមពរច្រើន ហើយក៏ដោះស្រាយជូនប្រជាពលរដ្ឋ បានច្រើនផងដែរ។ សម្តេចតេជោ បានបន្តថា សម្តេចប្រើ Facebook ដែលមានអ្នកចុច Like ជាង ៤លាននាក់ មិនមែនសម្រាប់​ប្រកួតប្រជែងជាមួយ នរណានោះទេ តែប្រើសម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាម​លក្ខណៈរដ្ឋាភិបាលអេឡិចត្រូនិច E-Government។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងផងដែរថា មានគ្រូពេទ្យជាង ៣ពាន់នាក់ ត្រូវ​បាន​ដាក់បញ្ចូលក្របខណ្ឌ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានធ្វើកំណែ​ទម្រង់​ជា​ច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានបង្កើត មណ្ឌលប្តូរ និងពន្យារ​បណ្ណ​បើក​បរ នៅផ្សារទំនើបអ៉ីអន។ សម្តេចបានបញ្ជាក់ថា បញ្ហាស្លាកលេខ និងបណ្ណបើកបរនេះ បាន​ធ្វើឲ្យសម្តេចឈឺក្បាលខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើដំណើរទៅមុខ​បន្ថែម​​ទៀត។ សម្តេចបានបន្ថែមថា ដំណើរវិវឌ្ឍន៍ទៅមុខរបស់កម្ពុជា មិនអាចពឹងផ្អែកតែ​រាជ​រដ្ឋាភិបាលមួយនោះទេ គឺត្រូវរួមទាំងអស់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បើទោះបីមានគ្រូពេទ្យភាគច្រើនល្អ ហើយនៅមានបុគ្គលពេទ្យ​តិច​តួចមិនល្អ តែមិនមែនជាស្ថាប័ននោះទេ។ សម្តេចតេជោ បានថ្លែងបន្តថាសម្តេចមិនអាច​ទទួ​ល​​​​បានទេ ចំពោះការលើកឡើងថា គ្រូពេទ្យ៩០ភាគរយមិនល្អដែលជានេះការប្រមាថ​ធ្ងន់​ធ្ងរ​ចំ​ពោះគ្រូពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះសម្តេចទទួលបានចៅទី ១៨ហើយ ហើយ​​​ក៏គ្រប់អេគីបបាល់ទាត់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅសិស្សៗថា សម្រាប់ការប្រកួតបាល់ទាត់អឺរ៉ុប គ្រាន់​តែ​​មើលបានហើយ កុំឲ្យភ្នាល់ ប្រយ័ត្នអស់លុយបង់ថ្លៃសិក្សា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៣៨​នាទីនា​ព្រឹក​ថ្ងៃ​ទី១៦ ខែមិថុនានេះ៕




No comments:

Post a Comment