Thursday, June 16, 2016

ប្រធានរដ្ឋវៀតណាមកោតសរសើរការរីកចម្រើនរបស់កម្ពុជា

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ត្រាន់ ដាយ ខ្វាង (TRAN DAI QUANG) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមើល​ឃើញ​ពីការ​រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ និងចូលរួមអបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ និង​ប្រជា​ជន​កម្ពុជា។ ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានសម្តែងក្តីរីករាយ នៅ​ពេល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

គណៈប្រតិភូជាន់ខ្ពស់ សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានទទួលការស្វាគមន៍ យ៉ាង​កក់ក្តៅ នៅវិមានរដ្ឋសភា ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ។ សម្តេច​ប្រធាន​រដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចនៅពេលនេះថា ជាការផ្តល់កិត្តិយសដ៏ធំធេង ដល់​រដ្ឋស​ភា​កម្ពុជា និងបានឆ្លុះបញ្ចំាងពីចំណងមិត្តភាពរឹងមំា និងជាប្រពៃណី​របស់ប្រទេស​ទំាង​​ពីរកម្ពុជា-វៀតណាម ជាយូរអង្វែងទៅ។

ចំណែក ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានលើកឡើងថា ឯកឧត្តមមានក្តីរីករាយខ្លំាងណាស់ ដែល​បាន​ឃើញការរីកចម្រើនឥតឈប់ឈរ របស់ប្រទេសកម្ពុជានៅពេលនេះ នៅក្រោម​ម្លប់​ដ៏​ត្រជាក់​របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​ស្ថិត​នៅ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗរបស់ជាតិ។ ក្នុងនាម​បក្សរដ្ឋ និង​ប្រជាជនវៀតណាម យើងសប្បាយចិត្ត ដែលឃើញ កម្ពុជារីកចម្រើនគ្រប់វិស័យ​ទំាង​ហេដ្ឋារចនា​សម្ព័ន្ធនានា សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋ

ឯកឧត្តមប្រធានរដ្ឋ បានជម្រាបសម្តេចពីស្ថានការណ៍ នយោបាយក្នុងប្រទេសវៀតណាមថា វៀត​ណាមទើបរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗ ហើយនៅកំឡុងខែកក្កដានេះ ថ្នាក់ដឹក​នាំមូលដ្ឋាននឹងត្រូវរៀបចំផងដែរ។ ឯកឧត្តមបានលើកឡើងថា ប្រទេសវៀតណាម ក៏​ទើប​បោះឆ្នោត ជ្រើសរើសស្រ្តី ជាថ្នាក់ដឹកនាំរដ្ឋសភាផងដែរ។

ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានជម្រាបជូនសម្តេចថា ប្រធានថ្មី រដ្ឋសភាវៀតណាម​គ្រោង​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះដែរ។​ ឯក​ឧត្តម បានជំរុញឲ្យរដ្ឋសភា ប្រទេសទំាងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ឲ្យកាន់តែល្អ​និង​ស៊ី​ជម្រៅ ដោយក្នុងនោះគួរបង្កើន ការផ្លាស់ប្តូរទស្សនកិច្ចឲ្យបានច្រើន រវាងគណៈកម្មការ​ជំនាញ​រដ្ឋសភា​ទំាងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃ​ណី និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ មិន​គ្រាន់​តែបាន​ផ្ដល់នូវវឌ្ឍនភាព និងវិបុលភាពទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែក​ដ៏​ខ្លាំង​ក្លា ដល់ការថែ​រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ ជា​មួយ​គ្នា​នេះ សម្តេចបានគូស​បញ្ជាក់ថា សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរវិញ នៅតែបន្ត​ពង្រឹង​និងពង្រីកចំណង​ការ​ទូត​សភា​ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងក្នុង​ក្រប​ខ័ណ្ឌតំបន់ និងសកលលោក​សំដៅ​ជួយគាំទ្រគ្នាទៅវិញទៅមកស្របតាមទស្សនៈ និង​គោល​​ជំហររបស់រដ្ឋាភិបាលរៀងៗខ្លួន តាម​រយៈ​កិច្ចប្រជុំសភាតំបន់ និងវេទិកា​អន្តរសភា​នានា។
សម្តេចប្រធាន​​រដ្ឋសភា​ បានសម្តែងនូវការ អបអរសាទរជូនចំពោះ ឯកឧត្តម​ប្រធាន​គណៈ​ប្រតិភូ ដែល​ត្រូវ​បានរដ្ឋសភាវៀតណាម បោះឆ្នោតគាំទ្រជាប់ជា ប្រធានរដ្ឋនៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម សម្រាប់អាណត្តិឆ្នាំ២០១៦-២០២១។

នៅទីបញ្ចប់ ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹក​នាំ​គណៈ​ប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម តាម​ពេល​វេលាសមស្របណាមួយ។ ការអញ្ជើញនេះដែរ សម្តេចប្រធានរដ្ឋសភា​បានទទួល​យក​មក​ពិចារ​ណា។

សូមជម្រាបថា ឯកឧត្តម ត្រាន់ ដាយ ខ្វាង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះ គណៈប្រតិភូបានចូលក្រាបថ្វាយបង្គំ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នឹងចូលថ្វាយបង្គំ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេច​ព្រះមហា សង្ឃរាជ​នៃគណៈមហានិកាយ និង សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ផងដែរ៕






No comments:

Post a Comment