Tuesday, April 19, 2016

រដ្ឋមន្រ្តីការបរទេស​នៃសាធារណរដ្ឋ​ប្រជាមានិតចិន នឹងដឹកនាំគណៈ​ប្រតិភូអញ្ជើញមក​បំពេញទស្សន​កិច្ចជា​ផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសាខាងមុខនេះ

យោងតាមសេ​ចក្តីប្រកាសព័ត៌មានរបស់ក្រ​សួងការបរទេស និងសហប្រតិបត្តិការអ​ន្តរជាតិ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦​នេះ បានឲ្យដឹងថា ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦​ខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំង  ពីរ។
សេចក្តីប្រកា​សព័ត៌មាន បានបន្ថែមថា  ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជួបសំដែង​ការគួរ​សម​ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងឯកឧត្ត​ម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជួបពិភាក្សាផ្លូវការជាមួយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕

No comments:

Post a Comment