Tuesday, April 19, 2016

លោកស្រី ឡាក់ សុភាព ស្នើសុំឱ្យ លោក កឹម សុខា ចូលមកបំភ្លឺលើខ្សែអាត់សំឡេង

លោកស្រី ឡាក់ សុភាព ប្រធានគណបក្សខ្មែរសាមគ្គី បានថ្លែងថា តុលាការត្រូវតែ​ហៅ​លោក​កឹម សុខា មកបំភ្លឺផង រឿងស្នេហាជាមួយស្រីមុំ ហើយលោកស្រីបានមានប្រសាសន៍ថា នឹងធ្វើ​លិខិត​​ដាក់ជូន​តលាការ​ស្នើសុំអោយលោកកឹម សុខាចូលបំភ្លឺ។ លោកស្រីបានមាន​ប្រ​សា​ស​ន៍​​បែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន នៅមុខសាលា​ដំបូង​រាជធានី​ភ្នំ​ពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ខណៈដែលកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បាន​ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានី។
លោកស្រីបានមានប្រសាសន៍ថា លោកស្រីគាំទ្រចំពោះស្រ្តីដូចគ្នា​ដែលរងនូវទុក្ខ​សោកដោយ​សារ​អំពើ​ ឆ្គាំឆ្គង ដែលលោក កឹម សុខា បានប្រព្រឹត្តិទៅលើរូបរាងកាយរបស់នាងហើយអត់​មាន​ការ​ទទួលខុសត្រូវបន្តិចណាសោះឡើយ។ លោកស្រីបានបន្ថែមទៀតថា លោកកឹម សុខា ជាប្រធានស្តីទី របស់គណបក្សសង្រ្គោះជាតិ មិនមែនជាបុគ្គលដែលគួរទុកចិត្តបានទេ ហើយ​ក៏​មិន​អាច​ដឹកនាំ​ប្រទេស​ជាតិ​បានឡើយ។
លោកស្រី ក៏បានសម្តែងនូវការសោកស្តាយ ហើយថ្កោលទោសយ៉ាងខ្លាំងចំពោះលោក កឹម សុខា​ មេដឹកនាំដែលគ្មានការទទួលខុសត្រូវ។ លោកស្រី បានមានប្រសាសន៍ថា ប្រសិន​បើ​អស់លោកជាមេដឹកនាំ ដូចជាលោក កឹម សុខា ធ្វើរបៀបនេះ យើងឃើញថា នៅពេលដែល​គាត់​មិនទាន់ឈានទៅដល់ការដឹកនាំប្រទេសជាតិមួយទាំងមូលផង លោក​ប្រព្រឹត្តនូវ​អំពើ​អនា​ចារ​​ ទាំងអស់នេះហើយ លោកបានលាក់បាំងទាំងអស់នូវរឿងអា​ស្រូវ តែយើង​ឃើញ​ថា​ការ​លាក់​ក៏មិនជិតបាំងក៏មិនជាប់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រីក៏បានអំពាវនាវដល់ស្ត្រីទាំងអស់ មេត្តាផ្តល់នូវកិត្តិយស​ដល់​ស្រ្តី​នៅក្នុងសង្គមខ្មែរ កុំឱ្យមេដឹកនាំទាំងអស់យកកិត្តិយស​ស្រ្តីខ្មែរមកជាន់ឈ្លី​ធ្វើរបៀប​យ៉ាងនេះទៀត។ កញ្ញាស្រី មុំ បានបាត់បង់នូវកិត្តិយសនូវតម្លៃ ក្នុងសង្គមគ្រួសារ ក្នុង​សុភ​មង្គល​​​។ ​ដូច្នេះ ស្រ្តីទាំងអស់គួរ​ក្រោក​ឈរ​ឡើងគាំទ្រស្ត្រី ដើម្បីកុំឱ្យបុរសជាមេដឹកនាំ​ធ្វើបាប​ស្រ្តី​បន្តទៀត។
លោកស្រី ឡាក់ សុភាព ក៏បានរិះគន់ដែរថា​ពាក្យ​ស្លោកនៅក្នុង​គណបក្ស​សង្រ្គោះជាតិដែល​បាន​​លើក​​ឡើងថា មិនឈ្លោះ មិនឆ្លង មិនឆ្លើយ នោះ​គឺជាពាក្យខន្តីទាល់ច្រករបស់ លោក កឹម សុខា តែ​ប៉ុណ្ណោះ។


No comments:

Post a Comment