តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជានឹងរៀបចំពីធីបុណ្យសមុទ្រ លើកទី៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១១-១៣ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្តកំពត ក្រោមប្រធានបទ «ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង»។
ពិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំ២០១៥នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៧:០០ នាទីល្ងាច នៅវេទិកាមុខសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
នៅក្នុងពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រើន ដូចជា ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ ការសម្តែងលើអាកាស កម្មវិធីកីឡាលើឆ្នេរ និងលើទឹក ការតាំងពិព័រណ៍ផលិតផល និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ការតាំងពិព័រណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម មហោស្រពម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ និងកម្មវិធីកំសាន្តជាច្រើនទៀត៕



No comments:
Post a Comment