ឯកឧត្តម ហោ ណាំហុង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការចំពោះកិច្ច
សម្រាប់សម្របសម្រួល ពីធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី បានមានប្រសាសន៍នៅក្នុងពិធីប្រគល់ផែនទី UTM ខ្នាត ១/១០០.០០០ ជូនទៅអង្គការសហប្រជាជាតិវិញ នៅថ្ងៃទី ទី ២៦ ខែសីហា ឆ្នាំ២០១៥នេះ នៅវិមានមិត្តភាពថា មានអ្នកខ្លះរិះគន់រាជរដ្ឋាភិបាលថា យកគោមកប្រៀបធៀបជាមួយក្របី
ដែលសំដៅលើការយកផែនទី UTM ខ្នាត ១/១០០.០០០ មកផ្ទៀងផ្ទាត់ជាមួយផែនទី
Bonne ខ្នាត ១/១០០.០០០។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា
តាមលក្ខណៈបច្ចេកទេស គ្មានអ្វីទាស់ខុសទេព្រោះ ផែនទី UTM
ខ្នាត ១/១០០.០០០ គឺចំលងចេញ ពីផែនទី Bonne ខ្នាត
១/១០០.០០០ ហ្នឹងឯង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហោ ណាំហុង បានមានប្រសាសន៍ថា ក្រុមប្រឆាំងបានរិះគន់ថា«បើផែនទីមិនទាន់គ្រប់ទេ
មិនអាចយកគោមកប្រៀបធៀបជាមួយក្របីទេ គេចង់និយាយថាមិនអាចយកផែនទី ១៨សន្លឹក UTM ១/១០០.០០០ មកប្រៀបធៀប ជាមួយផែនទី Bonne ១/១០០.០០០ របស់រាជរដ្ឋាភិបាលទេ។» ឯកឧត្តម សង្កត់ធ្ងន់ថា UTM ១/១០០.០០០ គឺគេចំលងផែនទី Bonne ១/១០០.០០០ ដែលផលិតដោយមន្ទីរភូមិសាស្ត្របារាំង។
ពួកប្រឆាំងបានលើកឡើងថា ចាំមើលទៀត ទាល់តែមានផែនទីគ្រប់គ្រាន់ទើបបានគេសន្និដ្ឋាន។
ឯកឧត្តមសង្ឃឹមថា «ប៉ុន្មានថ្ងៃខាងមុខនេះ អស់លោក និង ភ្លឺភ្នែកអំពីអ្វីដែលខ្លួនបាននិយាយកន្លងមក
ហើយខ្ញុំសង្ឃឹមថា ពេលភ្លឺភ្នែកហើយនោះ ឈប់យកបញ្ហាផែនទី និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម
ធ្វើជាយុទ្ធនាការនយោបាយ ធ្វើជាអាយ៉ៃឆ្លើយឆ្លងគ្នាតាមវិទ្យុ និងឆ្លើយឆ្លងគ្នាតាមសារព័ត៌មានទៀត»។
នៅក្នុងពិធីប្រគល់ផែនទី UTM ខ្នាត ១/១០០.០០០ចំនួន១៨ផ្ទាំង ជូនអង្គការសហប្រជាជាតិវិញ តាមរយៈលោកស្រី Mereani
Keleti
Vakasisikakala តំណាងអង្គការសហប្រជាជាតិ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី
ឯកឧត្តម ហោ ណាំហុង បានរិះគន់ចំពោះអ្នកនយោបាយ និងអ្នកវិភាគជ្រុលនិយមមួយចំនួនតូច
ដែលមិនព្រមទទួលយកការពិតអំពីលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទី កាលពីថ្ងៃទី២០ ខែសីហា
ឆ្នាំ២០១៥កន្លងទៅ ហើយកំពុងតែបន្តបំភ្លៃ និងធ្វើការទាមទារដោយខ្វះការពិចារណា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានមានប្រសាសន៍ថា «អ្នកខ្លះថាបើមិនទាន់គ្រប់ទេយើងទៅរកទៀត។ តើអស់លោកស្មានថា
អង្គការសហប្រជាជាតិហ្នឹង ជាផ្សារត្រីរឺអី? ចង់ទៅរកខ្លួនឯងបានទេ? អគ្គលេខាធិការអង្គការសហប្រជាជាតិ
បានសរសេរសំបុត្រប្រាប់ថា គេរកមិនឃើញផែនទី ដែល ព្រះករុណា ព្រះបរមរតនកោដ្ឋ យកទៅដាក់នៅអង្គការសហប្រជាតិជាតិ
ឆ្នាំ១៩៦៤ទេ។ អ្នកនយោបាយ និងអ្នកវិភាគខ្លះនៅតែទាមទារឲ្យរកទៀត។ ខ្ញុំបានសុំឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាតិ
ទៅរកនៅមន្ទីរដាក់ឯកសារនានារបស់អង្គការសហប្រជាជាតិនៅញូវយ៉ក នៅតែរកមិនឃើញ។ ដូច្នេះតើអស់លោកហ្នឹងចង់ទៅរកពេលណាក៏បានមែន? តើប្រាដកថាគេឲ្យទៅរកទេ? ហើយគិតថាទៅរកឃើញទេ?» ឯកឧត្តម ហោ ណាំហុង បានចាត់ទុកទង្វើរបស់ក្រុមអ្នកវិភាគ
និងអ្នកនយោបាយទាំងនោះថា ជាការមើលស្រាលពេកនូវបញ្ហានយោបាយ និងហាក់បីដូចជាយល់ដឹងតិចពេក អំពីបញ្ហាព្រំដែន និងបញ្ហាផែនទីនេះ។
គួរបញ្ជាក់ថា ផែនទីដើម
UTM ខ្នាត ១/១០០.០០០ ដែលត្រូវបានប្រគល់ជូនទៅ អង្គការសហប្រជាជាតិវិញនៅថ្ងៃនេះ
គឺរាជរដ្ឋាភិបាលកម្ពុជាបានខ្ចីពីអង្គការសហប្រជាជាតិ ដើម្បី ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការ
ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើក្នុងពេលបច្ចុប្បន្ន ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ
ក្នុងការប្រើប្រាស់ផែនទីរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងគោលបំណងបញ្ចៀស និងបញ្ចប់នូវការញុះញង់
សំដៅបង្កើតស្មារតីជាតិនិយម និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ
ដើម្បីកេងចំណេញខាងនយោបាយ ដោយមជ្ឈដា្ឋនមួយចំនួននៅក្នុងប្រទេសកម្ពុជា៕




No comments:
Post a Comment