ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី
ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះ នៅវិមានសន្តិភាព បានប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យ
ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលក្នុងទស្សនវិស័យវែងឆ្ងាយ កម្ពុជាចាត់ទុកវិស័យ
ឧស្សាហកម្មជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងជាអទិភាពបន្ទាន់មួយដែលចូលរួមចំណែក
ជំរុញឲ្យ កម្ពុជាអាចឈានឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានកម្រិតចំណូលមធ្យម
កំរិតខ្ពស់នាពេលខាងមុខ។
ថ្លែងនៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន
សែន បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម បានចូលរួមចំណែកកាន់តែសំខាន់ក្នុងសេដ្ឋកិច្ចជាតិ
ដែលកាលពីឆ្នាំ១៩៩៣វិស័យឧស្សាហកម្ម បានចូលរួមចំណែកប្រមាណតែ១២.៦ភាគរយប៉ុណ្ណោះ
និងបានកើនឡើងដល់ ២៥.៧ភាគរយ ក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងនេះក្តី សម្តេច តេជោ ក៏បានកត់សំគាល់ថា
វិស័យឧស្សាហកម្មកម្ពុជាមានសភាពទន់ខ្សោយនៅឡើយ ដោយសារផលិតកម្មភាគច្រើនជាផលិតផលពាក់កណ្តាលសំរេច
មានលក្ខណៈសាមញ្ញ តូចចង្អៀតជាលក្ខណៈគ្រួសារ ដែលមិនទាន់មាន ឧត្តមភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារអន្តរជាតិ។
ស្របពេលនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឃន៌វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥នេះ
សម្តេច តេជោនាយករដ្ឋមន្ត្រី ក៏បានកំណត់នូវចក្ខុវិស័យដើម្បីប្រែក្លាយវិស័យ ឧស្សាហកម្មអតិពលកម្មឲ្យទៅរកឧស្សាហកម្មដោយប្រើជំនាញ
និងមានតំលៃបន្ថែមខ្ពស់ផងដែរ។ ហើយដើម្បីសំរេចគោលនោបាយនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជាជាអ្នករៀបចំផែនការលំអិតត្រូនិង អនុវត្តសម្រេចគោលដៅបីសំខាន់ដូចជា៖
១.បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលសរុបក្នុងស្រុក
និងវិស័យកម្មន្តសាល ដែលមានដូចជាវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងជាដើម។
២. ជំរុញពិពិធកម្មមុខទំនិញនាំចេញក្រៅពីសំលៀកបំពាក់និងកសិផលកែច្នៃ
៣. គាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម។
ទន្ទឹមនេះ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន
សែន ធ្លាប់បានលើកឡើងកន្លងមកនោះ គឺការជំរុញឲ្យមានឧស្សាហកម្មដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក
និងឧស្សាហកម្មដែលមានចរិតជាសកល ដោយមានការវិនិយោគពីបរទេស។
គួរបញ្ជាក់ថា នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា
មានសកម្មភាពបីសំខាន់គឺ ការផលិតសម្លៀកបំពាក់ វិស័យសំណង់ និងការផលិតម្ហូបអាហារនិងភេសជ្ជៈ។
នាពេលបច្ចុប្បន្ន កម្ពុជាមានសហគ្រាសសរុបចំនួន៥១ម៉ឺនកន្លែង ដោយក្នុងនោះសហគ្រាសកម្មន្តសាលធុនធ្ងន់
និងស្រាលមានប្រមាណ៧ម៉ឺនកន្លែង។ រីឯ សហគ្រាសវាយនភណ្ឌនិងខាងផលិតសំលៀក បំពាក់មាន៣៥ភាគរយ។
និងសហគ្រាសកែច្នៃចំណីអាហារនិងភេសជ្ជៈមាន៤៥ភាគរយ។
យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា
បានបង្ហាញថាកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧ភាគរយ និងបានទទួលចំណាត់ថ្នាក់ពិភពលោកទី៦លើកំណើនសេដ្ឋកិច្ច។
ក្នុងនោះផលទុនជាតិ រឺ ទំហំសេដ្ឋកិច្ចបានកើនឡើងពីប្រមាណ២៤៨០លានដុល្លារអាមេរិក
ក្នុងឆ្នាំ១៩៩៣ ទៅដល់ជាង១៦៧០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៤។ ចំណែកឯ ប្រាក់ចំណូល
រឺផលិតផលក្នុងស្រុកសរុបសំរាប់មនុស្សម្នាក់ បានកើនដល់១១២៣ដុល្លារអាមេរិក ក្នុងម្នាក់សំរាប់ឆ្នាំ២០១៤កន្លងមក៕



No comments:
Post a Comment