Wednesday, August 26, 2015

ទស្សនៈ ដោយ៖ សួន ចំរើន, លោក សម រង្ស៊ី ជាអ្នកនយោបាយ «ដូចខ្មោចតៃហោង»

ក្រោយ​ពេល​ភូត​អស់​ក្បួន​​ ​លើ​បញ្ហា​ប្រើប្រាស់​ផែនទី​ និង​​ញុះញង់​ប្រជាពលរដ្ឋ​​ឲ្យ​ចុះ​ទៅ​តវ៉ា​នៅ​ព្រំដែន លោក​ សម រង្ស៊ី ពេល​នេះ​បាន​ផ្លាស់​ប្តូរ​គោលដៅ​ និង​វិធី​បោក​ប្រាស់​​​​មួយបែប​ទៀត​ហើយ​ ដោយ​​ចោទ​​រាជ​​រដ្ឋាភិបាល​ ​លើប្រធាន​បទ​ថ្មី​​​​ថា ​ផ្តាច់​ការ និង​ថា​ការ​បង្កើត​គណបក្ស​តូចៗ​ជាល្បិច​របស់​គណបក្ស​កាន់អំណាច​ដើម្បី​បំបែក​សំឡេង​ឆ្នោត​​វិញ​ម្តង​​ ដើម្បី​អាច​​ស្រោច​ស្រង់​​ការគាំទ្រ និង​លួង​ចិត្ត​​អ្នក​គាំទ្រ​​របស់​​ខ្លួន ពីភាព​អាម៉ាស់​ដែល​បរាជ័យ​ក្នុង​បញ្ហា​ព្រំដែនកន្លង​មក​​។​​

ការ​ចោទប្រកាន់របស់​លោក សម រង្ស៊ី​ ​ថា​ការ​បង្កើត​គណបក្ស​តូចៗ​ជាការ​បំបែក​សម្លេង​គណ​បក្ស​សង្គ្រោះជាតិ​នេះ​បញ្ជាក់ថា លោក សម រង្ស៊ី ពិត​​ជាមេដឹកនាំដែល​គ្មាន​ទស្សនៈ​ប្រជា​ធិប​តេយ្យ​​​ក្នុង​ការ​ប្រកួតប្រជែង​​​ដោយសេរីដូច​ការ​អួត​របស់​​ខ្លួន​​ពី​មុន​នោះ​ទេ​​ តែ​ពេល​នេះ​បែរ​ទៅ​ជាក្លាយ​ខ្លួន​​ជា​មេ​ដឹក​នាំ​​​​ខ្លាច​​ស្រមោល​​ខ្លួន​​ឯង​ទៅវិញ​​​​។​ ការ​មិន​ចង់​​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​ជ្រើស​រើស​​មេ​ដឹក​នាំ​ និង​​​​សម្រេច​ចិត្ត​ដោយខ្លួន​ឯង​បែបនេះ​ បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​ ជា​គណបក្ស​​ដឹង​​ខ្លួន​ជា​​មុន​ថា​ចាញ់​ឆ្នោត​ មិន​ហ៊ាន​ប្រឈម​​នូវ​អ្វីដែល​ជាភាព​បែក​បាក់​ផ្ទៃក្នុង​ និងភាព​ធ្លាក់​ចុះ​​​ខ្សោយ​​​នៃ​​គណ​បក្ស​របស់​ខ្លួន​​​។​

មាន​ប្រតិកម្ម​របស់​មេដឹក​នាំ​នៃ​​គណបក្ស​ទើប​កើត​ថ្មី​ជាច្រើន បាន​រិៈគន់​ និង​សើច​ចំអក​ចំពោះ​ការ​​ចោទប្រកាន់​របស់​លោក​ សម រង្ស៊ី​​ ដែល​ថា ​ពួកគេ​ជាអ្នក​មក​បំបែក​សម្លេង​គណបក្ស​សង្គ្រោះ​ជាតិ។​​ ក្នុង​នោះ​ «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន»​ របស់​លោក​ យ៉េង​ វីរៈ បាន​ហៅ​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី​ ថា​មិនមែន​ជារឿង​ប្លែក​ ហើយ​ក៏​មិនមែន​ជារឿង​ថ្មីដែរ​។​ ​ការប្រើប្រាស់​វប្បធម៌​លាបពណ៌​ ទៅលើ​គណបក្ស​នយោបាយ​ផ្សេងទៀត​ គឺជា​ទម្លាប់​របស់​លោក សម រង្ស៊ី​ នៅពេល​ដែល​សកម្មជន​ ឬ​គណបក្ស​នោះ​ឈប់​គាំទ្រ​លោក​។​​

ចំណែក​លោក ម៉ម សូណង់ដូ ប្រធាន​​ «គណបក្សសំបុក​ឃ្មុំ​​សង្គម​ប្រជាធិបតេយ្យ» បាន​ប្រតិកម្ម​ដែរ​ថា អ្នកដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ ជាពិសេស​​​លោក​សម រង្ស៊ី ដូចជា​​ខ្មោចតៃហោង​​អីចឹង ហើយ​មនុស្ស​​ដូច​ខ្មោច​តៃហោង ដើរ​លង​គេ លង​ប្រជាពលរដ្ឋ​អ្នកណា​ដែល​ខ្លាច​ខ្មោចហ្នឹង​នោះ​​។ ប្រធាន​គណបក្ស​មួយនេះ​ក៏បាន​ចំអក​ដល់​លោក សម រង្ស៊ី​ ថា​ ការពិត​អត់​មានអី ក្រៅ​ពី​គំនិត​​ដើរ​កេងប្រវ័ញ្ច​ជា​ច្រើន​​អាណត្តិ​​មកហើយហ្នឹងទេ​ ហើយ​ឥឡូវ​នេះ​ លោក សម រង្ស៊ី​ កាន់​តែ​បញ្ចេញ​សកម្មភាព របស់​គាត់​​អោយ​​ប្រជាពលរដ្ឋ យល់​កាន់​តែ​ច្បាស់​​ឡើង ​អំពី​​ការ​​អសមត្ថភាព ភាពមិន​ស្មោះស ចំពោះ​ជាតិ គឺ​គាត់​​ធ្វើ​អី​​ក៏​អត់​បានជោគជ័យ​ដែរ។​​លោក​​ប្រៀបធៀប​លោក​​ សម រង្ស៊ី ​ជា​អ្នកនយោបាយ «ដូច​ខ្មោចតៃហោង» ​អីចឹង។​
រីឯ​លោកស្រី ឡាក់ សុភាព ដែល​ជា​​ស្ថាបនិក​ «គណបក្សខ្មែរ​សាមគ្គី» បាន​ថ្លែង​ប្រតិកម្ម​ថា ការបង្កើត​​គណបក្ស​​ខ្មែរ​សាមគ្គី នេះ​ឡើង គឺ​ដើម្បី​​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការ​បោះឆ្នោត ជ្រើស​តាំង​​តំណាងរាស្ត្រ​​ឆ្នាំ​២០១៨ ខាងមុខនេះ​។ លោកស្រី បាន​លើក​ឡើងថា យើង​​មិនបាច់​បំបែក សម្លេង​​គណបក្ស​​សង្គ្រោះ​ជាតិ​ទេ គឺគណបក្ស​មួយ​នេះកំពុង​​បែក​បាក់​ស្រាប់ហើយ​ ដោយសារ​​មេដឹកនាំ ក្រុម​គាត់ បក្ខពួក​គាត់ បែកបាក់គ្នា​អស់​​ទៅហើយ​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិនោះ​​។ យើង​អត់​​មាន​បំបែក​សម្លេង​គាត់​ទេ គឺ​គាត់​ជា​​​អ្នក​​បំបែក​​ខ្លួន​គាត់​​។​

ក៏ដូចគ្នា​នេះដែរ​ លោក សួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរអះអាងថា លោក សម រង្ស៊ី​ ជា​​មេដឹកនាំ​​​នយោបាយ​អគ​តិ​ គ្មានគំនិត​ជាមនុស្ស និង​គ្មាន​សុភវិនិច្ឆ័យទេ។ ការនិយាយថា គណបក្ស​​ដែល​បង្កើត​ថ្មី ទៅ​បំបែក​សំឡេង​របស់​ខ្លួននេះ​មិនមែន លោក សម រង្ស៊ី ទើបតែ​និយាយ​ក្នុង​ពេល​​នេះ​ទេ គឺលោក សម រង្ស៊ី ធ្លាប់និយាយ​លាបពណ៌​គណបក្ស​សិទ្ធិមនុស្ស​របស់ លោក កឹម សុខា តាំង​ពី​ពួកគេ​មិនទាន់​ចូលគ្នាម្ល៉េះ។ ដូច្នេះ​​ លោក សម រង្ស៊ី ពេល​នេះ​បានយក​ពាក្យ​ទាំង​នោះ​​​ មក​និយាយ​​ឡើង​វិញ​ គឺដើម្បី​លាបពណ៌​អ្នក​ស្នេហា​ជាតិ​។

បើ​តាម​មតិ​ប្រជាពលរដ្ឋ​​យល់​ថា​ ការ​លេង​​ប៉ាហ៊ី​ ពី​ប្រទេ​ស​អូស្ត្រាលី របស់​លោក សម រង្ស៊ី ពេល​​នេះ​​​ គឺ​ដើម្បី​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវចំពោះ​សកម្មជន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ ដែល​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បញ្ជា​​ឲ្យ​ក្លែង​ និង​ផ្សព្វផ្សាយ​ឯកសារ​សាធារណៈ​​។​ ​
ប្រជាពលរដ្ឋ​នៅបាន​កត់​សម្គាល់​ទៀតថា​ ​ខណៈដែលសកម្មជន​របស់ខ្លួនត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់នោះ​ លោក សម រង្ស៊ី និង លោកកឹម សុខា បាននាំគ្នាចាកចេញ​ទៅក្រៅប្រទេស​ទាំងអស់​​ដែលទង្វើ​នេះ​នាំឲ្យ​​មាន​ការរិះគន់​ថា មេដឹកនាំ​គណបក្សសង្គ្រោះ​ជាតិជាមនុស្ស​មិន​ទទួល​ខុសត្រូវ​ គឺនៅ​​រាល់​ពេលដែល​​មាន​បញ្ហា​ តែង​តែ​​នាំគ្នា​រត់​​ចេញ​ទៅក្រៅ​ប្រទេស​​មិនខ្វល់​​ពីសុខទុក្ខ​​របស់​កូនចៅ ឬ​សកម្មជន​ឡើយ។​


ដូច្នេះ​ ប្រជាពលរដ្ឋ​ និង​ជាពិសេស​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ ពិត​ជាអាច​វិនិច្ឆ័យ​យ៉ាង​ច្បាស់​អំពី​សមត្ថភាព​របស់​មេដឹក​នាំ​ដែល​ខ្លួន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​ជ្រើស​រើស​មក​ដឹក​នាំ​ប្រទេស​នាពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត៕​​

No comments:

Post a Comment