សម្តេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥នេះ
នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជាឆ្នាំ២០១៥-២០២៥
ដែលធ្វើឡើងនៅវិមានសន្តិភាព បានមានប្រសាសន៍ថា «ឥឡូវអស់អីនិយាយហើយ វិលមករឿងដើមដដែល "លួចសន្លឹកឆ្នោត" ស្អី
ហើយចុះបើលួចសន្លឹកឆ្នោត ម៉េចក៏ខំចូលសភា! ឥឡូវចេញទៅវិញទៅ! គេបបួលស្បថមិនព្រមស្បថទេ
ឥឡូវស្បថឱ្យរន្ទៈបាញ់»។
សម្តេចតេជោ ហ៊ុន សែន
បានលើកឡើងថា បន្ទាប់ពីកប់យោបល់រឿងមួលបង្កាច់រាជរដ្ឋាភិបាលថាប្រើផែនទីក្លែងក្លាយនោះ
មេបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានវិលត្រឡប់ទៅរកប្រធានបទដើម
ដែលបន្ទាប់ពីបោះឆ្នោតជាតិ ឆ្នាំ២០១៣ អាណត្តិទី៥រួច ហើយដឹងថាខ្លួនចាញ់នោះ បានចោទប្រកាន់ថា
គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត។ សម្តេចបានចាត់ទុកថានេះបង្ហាញពីភាពក្រឡិចក្រឡុចរបស់
មេបក្សសង្គ្រោះជាតិ។
ឯកឧត្តម សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ បានិយាយទៅកាន់ប្រជាពលរដ្ឋខ្មែរ
នៅប្រទេសអូស្តាលី ដោយចោទរដ្ឋាភិបាលកម្ពុជាថា ជាអ្នកលួចសន្លឹកឆ្នោត កាលពីឆ្នាំ២០១៣។
មេបក្សប្រឆាំងរូបនេះបញ្ជាក់ថា បើគ្មានការលួចបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ២០១៣ទេនោះ
គណបក្សសង្រ្គោះជាតិ នឹងឈ្នះ គណបក្សប្រជាជនកម្ពុជាដាច់តែម្តង។
ទោះជាយ៉ាងណា ការលើកឡើងបែបនេះ
មិនមែនជាលើកទីមួយទេ គឺគណបក្សប្រឆាំងដែលដឹកនាំដោយ
ឯកឧត្តម សម រង្ស៊ី តែងតែប្រតិកម្ម និងមិនដែលព្រមទទួលយកលទ្ធផលបោះឆ្នោតជានិច្ច
បន្ទាប់ពីពួកគេចាញ់ឆ្នោតនោះ។ គួរបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥
ដែលធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨កៅអី ហើយគណបក្សសង្រ្គោះជាតិ
ទទួលបាន៥៥កៅអី៕
No comments:
Post a Comment