Monday, June 22, 2015

កាកបាទ​ក្រហមកម្ពុជា​​ខេត្ត​តាកែវ ​ផ្តល់​ជូន​កញ្ចប់​​សម្ភារៈ​ចំ​នួន​​២៥ប្រភេទ​ ​ដល់​ស្ត្រី​​ទើប​នឹង​​សម្រាល​បុត្រ​​ចំ​នួន​ប្រមាណ​​ជិត​​៣០​គ្រួសារ​នៅ​ក្នុង​ឃុំ​​​កុមាររាជា​ ស្រុក​បា​ទី​

យោង​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​​ប្រធាន​ក្រុម​ការងារថ្នាក់ជាតិ​ចុះ​ជួយ​​ខេត្តតាកែវ កញ្ចប់​សម្ភារៈប្រើប្រាស់ជាច្រើនមុខ សម្រាប់​​ស្ត្រី​ជា​មាតា និង​ទារក​ ​ ក្នុង​នោះរួម​​មាន​ដូចជា ទឹក​ដោះ​គោ ម្សៅ ​សាប៊ូ កន្សែង មុង ពូក​ ខ្នើយ ខោ អាវ សារ៉ុង ស្ករស ប្រេង​កូឡា និង​ថវិកាមួយ​ចំ​នួន​ ​ត្រូវ​បាន​ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង​ឯកឧត្តម​ ទិត សុធា​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ប្រធាន​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋានឃុំកុមារ​រាជា រួម​ជា​មួយ​​ឯកឧត្តម លោកជំ​ទាវ និង​ក្រុម​ការងារ​ចម្រុះ បាន​នាំ​យក​ទៅចែកជូនដល់​​​ស្ត្រី​ទើប​នឹង​សម្រាល​បុត្រ​ចំ​នួន​ប្រមាណ​​៣០​គ្រួសារ​នៅ​ក្នុង​ឃុំ​​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
កញ្ចប់សម្ភារៈទាំង​នេះ ​ជា​ជំ​នួយ​សប្បុរសធម៌​របស់​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​តាកែវ​ ត្រូវ​បាន​ចែក​ជូន​ដល់ស្ត្រី​ទាំង​១៣ភូមិ ក្នុង​ឃុំ​កុមាររាជា​ ដោយ​មាន​ការ​ចូល​រួម​ចុះ​ចែក​ផ្ទាល់​ដៃ​ដល់​ស្ត្រីទើប​នឹង​សម្រាល​បុត្រ ពីសំ​ណាក់​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ តំ​ណាង​កាកបាទ​ក្រហម​ខេត្ត​ ស្រុក​ អាជ្ញាធរមូលដ្ឋាន ក្រុម​ប្រឹក្សាឃុំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​សម្ព័ន្ធ​យុវជនកម្ពុជា​ឃុំ​កុមាររាជា​ បាន​យក​ទៅ​ចែកជូន​ស្ត្រី​ទើប​នឹង​សម្រាលបុត្រក្រោម​១ខែ​ ជំ​ហាន​ទី​១ និង​ចែក​ជូន​ជាបន្ត​បន្ទាប់​ទៀត​ជា​រៀង​រាល់​ខែ​ ដល់​ស្ត្រី​គ្រប់​រូប​ដែល​សម្រាលបុត្រ​នៅ​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
សកម្មភាព​មនុស្ស​ធម៌​ ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​មន្ត្រី​មូលដ្ឋានពាក់​ព័ន្ធ​ តាម​រយៈការ​ចុះ​ចែក​កញ្ចប់ ឃីត ដល់ស្ត្រី​ទើប​នឹង​សម្រាល​បុត្រនេះ គឺ​ជា​កាយវិការ​ប្រកប​ដោយ​ការ​គោរព​ស្រឡាញ់ដ៏​ជ្រាល​ជ្រៅ​ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំ​ផុត​របស់កាកបាទ​ក្រហ​ម​កម្ពុជាទាំងនៅ​សាខា និង​អនុសាខា ក៏​ដូចជាថ្នាក់​ដឹកនាំ​​រាជរដ្ឋាភិបាល​ ចំ​ពោះសុខទុក្ខ​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ និង​ជា​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​រួម​ចំ​ណែក​សម្រាល​នូវ​ការ​ខ្វះ​ខាត​ និង​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ជាពិសេស គឺ​ជា​ការ​អនុវត្ត​នូវ​ពាក្យ​ស្លោក​ សហការ​គ្នា​ រួម​គិត រួម​ធ្វើ រួម​ដោះ​ស្រាយ ដើម្បី​ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​សេចក្តី​សុខ​ក្សេម​ក្សាន្ត និង​សុភមង្គល​។​
ទាំង​ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង​ឯកឧត្តម ទិត សុធា​ បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំ​ណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ឯកឧត្តម​ បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​​​ខេត្ត​តាកែវ​ ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​ ដោយ​បញ្ជាក់​ថា សម្ភារៈទាំង​នេះ បាន​មក​ពី​ជំ​នួយ​​សប្បុរសធម៌​ជិត​ឆ្ងាយ ដែល​ផ្តល់​ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា​ ហើយដែល​ជា​និច្ចកាល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​តែង​តែធ្វើ​ការ​អំពាវ​នាវ​ស្វែង​រក​ជំ​នួយ​ឧបត្ថម្ភបន្ថែម និង​​ខិត​ខំ​​​រិះ​រក​គ្រប់មធ្យោបាយ​ ធ្វើ​យ៉ាង​ណា​ ដើម្បី​បាន​សម្រួល​ដោះ​ស្រាយ​ការ​លំ​បាកជូន​ប្រជា​ពលរដ្ឋ​ ​ ទាំង​បញ្ហា​លើកកម្ពស់​ជី​វភាព​រស់​នៅ ការ​​អភិវឌ្ឍ​មូលដ្ឋាន ភូមិ​ឃុំ ការ​ផ្តល់​សេវា​សាធារណៈ ការ​ពង្រឹង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​​មាន​សុវត្ថិភាព។
ដូច្នេះ ​សកម្មភាព​នៃ​ការ​ចុះ​ចែក​កញ្ចប់​សម្ភារៈប្រើប្រាស់​សម្រាប់​ស្ត្រី និង​ទារក​នៅ​ពេល​នេះ គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែងរបស់​ប្រជា​ពលរដ្ឋ​​ ក្នុង​ន័យថា ​ទី​ណា​មាន​ទុក្ខ​លំ​បាក ទី​នោះ​មាន​កាកបាទ​ក្រហមជួយ​សង្គ្រោះ​ និង​ការ​ជួយ​ឧបត្ថម្ភពី​សំ​ណាក់​រាជ​រដ្ឋាភិបាល​៕
អត្ថបទ៖ ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំកុមាររាជា

No comments:

Post a Comment