Wednesday, April 22, 2015

ម៉ម សូណង់ដូ៖ CNRP គ្មានអនាគតទេ!

លោក ​ម៉ម ​សូណង់ដូ​ ប្រធាន​សមាគម​អ្នកប្រជា​ធិបតេយ្យ ​និងជាអគ្គ​នាយក​វិទ្យុ​សំបុកឃ្មុំ​នៅថ្ងៃទី ​២១​ ខែមេសា ​ឆ្នាំ២០១៥នេះ ​បានផ្តល់​បទសម្ភាសន៍​មួយជាមួយ​នឹង​គេហទំព័រ​ GNN Cambodia​ ដោយលោក​បានមាន​ប្រសាសន៍ថា ​នៅពេលដ៏ខ្លី​ខាងមុខនេះ ​លោក​ និង​ត្រៀម​ធ្វើសមាជ​ដើម្បីប្រកាស​លាលែង​ពីតំណែង​ ជាប្រធាន​សមាគម​អ្នកប្រជាធិប​តេយ្យ ​ហើយ​ជម្រាប​ជូនព័ត៌​មាន​ជាសាធារណៈ ​អំពីគម្រោង​បង្កើត​គណបក្សថ្មី​មួយ​ ដែលមាន​ឈ្មោះថា ​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ។
ការសំរេច​ចិត្ត​បង្កើត​គណបក្ស​ផ្ទាល់ខ្លូន​ របស់លោក​ ម៉ម សូណង់ដូ​ ត្រូវបាន​លោកអះអាងថា​ ដោយសារ​តែអស់​សង្ឃឹមលើ ​គណបក្ស​សង្គ្រោះជាតិ​ (CNRP)​។ ​លោក ​ម៉ម សូណង់ដូ​ បន្ថែមថា​ មិនត្រឹម​តែអស់​សង្ឃឹមទេ ​គឺលោកមើល​ឃើញថា​ ទោះគណបក្ស​សង្គ្រោះជាតិ ​ខំប្រឹង​តស៊ូឈរ​ឈ្មោះបោះឆ្នោត​នៅក្នុង​អាណត្តិទី៦​យ៉ាងណា​ក៏ដោយ ​ក៏អត់​មានជ័យ​ជំនៈ​ដែរ។
​លោក ម៉ម ​សូណង់ដូ​ បញ្ជាក់ថា ​នៅក្នុងឆ្នាំ២០១៣​ ដែលជាឆ្នាំបោះ​ឆ្នោត​សកល​កន្លងទៅ ​លោកក៏ជា​មនុស្សម្នាក់​បានចូលរួម​គាំទ្រគណបក្ស​នេះ​។ លោក​ ម៉ម ​សូណង់ដូ ​បន្តថាការ​ដកខ្លូន​បស់លោក ​គឺមិនមែន​ដកខ្លូន​ដោយស្អប់ទេ​ គឺ​ដោយសារ​ដឹងថា​អនាគត​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ចប់ហើយ ​ហេតុដូច្នេះ​ត្រូវមាន​គណបក្សថ្មី​មួយទៀត​។​ ការលើក​ឡើង​ពីគណបក្ស​ថ្មី​ របស់​លោក​ ម៉ម​ សូណង់ដូ​ គឺ​សំដៅ​លើ​គណបក្ស​របស់គាត់​ គឺ​គណបក្ស​ សំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ​។​ អគ្គនាយក​វិទ្យុ​សំបុក​ឃ្មុំ​រូបនេះ ​និយាយថា ​គាត់មិន​អះអាងថា​ ខ្លួនគ្រាន់​បើ​ជាង​គេទេ​ ប៉ុន្តែ​ដោយលោក​សង្កេត​ឃើញថា ​គណបក្ស​មួយ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ ​គឺ​គណបក្ស ​CNRP​ អត់​អាច​មាន​ដំណើរ​ឆ្ពោះទៅ​រកភាព​ជោគជ័យ​បាន​ឡើយ​ ដូច្នេះ​លោក​នឹង​បង្កើត​គណបក្ស​មួយដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ ហើយ​និង​អនាគត​កូន​ចៅខ្មែរ​ទៅ​ថ្ងៃមុខ​។​
​នៅពេល​សួរថា​ តើលោក​យល់ថា ​គណបក្ស​របស់​លោក​ មានអ្វី​ខុសប្លែក​ពី​គណបក្ស​ CNRP​ ដែល​លោក​ធ្លាប់គាំទ្រ?​ លោក​ ម៉ម​ សូណង់ដូ​ និយាយថា ​ភាពខុស​ប្លែករវាង​គណបក្ស​របស់លោក ​គឺ​គណបក្ស ​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​និង​គណបក្ស​សង្គ្រោះជាតិ​ គឺខុស​ត្រង់​អ្នកដឹកនាំ​។​ លោក​ បញ្ជាក់​បន្ថែមថា ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ គឺខុសគ្នា​ដូចមេឃ ​និងថ្ងៃ ​ហើយ​លោក​ សម រង្ស៊ី ​គឺមិន​អាច​ធ្វើអ្វី​ឲ្យហួស​ពី​ប៉ុណ្ណឹង​ទៀត​បានទេ​។​ ចំនុច​ ទី២​នៃភាព​ខុសគ្នា ​គឺ​យុទ្ធសាស្ត្រ​នយោបាយ​ ហើយអ្វី​ដែល ​គណបក្ស​សង្រ្គោះជាតិ​បាន​ធ្វើ ​មកដល់​ពេលនេះ​គឺ​អត់មាន​លទ្ធផល​អ្វី​ទាំងអស់​។
​លោក​ ម៉ម ​សូណង់ដូ​ ក៏បាន​លើក​ឡើងផងដែរ​ ពី​ការ​រំពឹងទុក​របស់លោក ​ជុំវិញ​លទ្ធផល​ ដែល​នឹង​ទទួលបាន​ នៅ​ក្នុង​ឱកាស​បោះឆ្នោត​នា​ឆ្នាំ២០១៨​ខាងមុខនេះ ​ដោយលោក​បាន​មាន​ប្រសាសន៍​ថា​ ទោះបី​ជា​លោកបាន​ទទួលការ​គាំ​ទ្រ​តិចតួច​ក៏ដោយ​ ក៏មិន​ថ្វី​ដែរ​ លោក​ត្រូវតែធ្វើ ​ព្រោះលោក​យល់ឃើញ​ថា​ CNRP​ អត់មាន​អនាគត​ទៀតទេ​។
​លោក ​ម៉ម​ សូណង់ដូ​ សង្កត់​ធ្ងន់ថា ​មូលហេតុ​ដែលលោក​និយាយ​បែបនេះ​ពីព្រោះ ​លោកដឹងថា​ ៥៥​ កៅអី​ដែលគណបក្ស​ CNRP​ ទទួលបាន​គឺបាន​ដោយសារ​បោកគេ ភភូត​គេថា​នឹង​ប្តូរ​ ហើយ​សន្យា​ធ្វើនេះ ធ្វើនោះ ​តែរហូត​មកដល់សព្វ​ថ្ងៃ​ អត់មាន​អ្វីទាំងអស់​។​ លោក​ បន្តថា​  បើសិន​ជា​មុនពេល​បោះឆ្នោត​ គាត់​ប្រាប់គេថា ​បើសិន​អត់បាន​អីគាត់ចូល​រដ្ឋសភា ​ប្រហែលជា​គ្មាន​អ្នកណា​បោះឆ្នោត​ឲ្យគាត់ទេ​ ហេតុដូច្នេះ​៥៥​នៅក្នុង​អាណត្តិទី៦​ មិនអាច​បាន​ទៀតទេ ​អា៥៥​កៅអីហ្នឹង​វា​រលាយ​តែម្តង​។​
​លោក ​ម៉ម​ សូណង់ដូ ​រំពឹងថា​ ក្រោយពីអស់​ជំនឿ​លើគណបក្ស​សង្គ្រោះជាតិ​ប្រជាពលរដ្ឋ​នឹងងាក​មក​រកអ្នក​ដែលមាន​ចិត្តមោះមុត​ មានឆន្ទៈ​ បូជា​ដើម្បីជាតិ​ មិនមែន​នៅតែបន្ត​គាំទ្រ​អ្នកភភូត​តទៅ​ទៀត​ទេ​៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment